ភ្នំពេញ៖ ក្រុមហ៊ុន CRBC គ្រោងនឹងបញ្ចប់សេចក្តីព្រាងគម្រោងសិក្សាសមិទ្ធលទ្ធភាពប្លង់វិស្វកម្មសំណង់ ផ្លូវល្បឿនលឿនទី៣ នៅខែកុម្ភៈ ២០២៤ និងបន្ទាប់មកត្រៀមបញ្ចប់ការសិក្សាសមិទ្ធិលទ្ធភាពគម្រោង(FS ) ហើយនឹងដាក់ជូនរាជរដ្ឋាភិបាលពិនិត្យសម្រេចនាដើមខែមិថុនា ឆ្នាំ២០២៤ ខាងមុខនេះ។ បើតាមកិច្ចប្រជុំពិនិត្យលទ្ធភាពសិក្សាគម្រោងសាងសង់ផ្លូវល្បឿនលឿនទី៣។
លោក ឡេង ធនយុទ្ធា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគម្រោង បានដឹកនាំកិច្ចប្រជុំនេះ មានការចូលរួមពីថ្នាក់ដឹកនាំក្រសួង អនុរដ្ឋលេខាធិការ អគ្គនាយក ប្រធាននាយកដ្ឋាន មន្ទីរពាក់ព័ន្ធ និងតំណាងក្រុមហ៊ុនស្ពាន និងថ្នល់ចិន (CRBC) នារសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤។
បើតាមកិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីប្រមូលមតិយោបល់ ក៏ដូចជាធាតុចូល និងអនុសាសន៍បន្ថែមដល់ក្រុមហ៊ុន ដើម្បីពិនិត្យនិងកែសម្រួលឡើងវិញ ជាពិសេស ក្នុងដំណាក់កាលទី១ នៃគម្រោងសិក្សាផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប បន្ទាប់ពីក្រសួងបានទទួលរបាយការណ៍ស្តីពីការសិក្សាលទ្ធភាពបច្ចេកទេស ដើម្បីធានាឱ្យការអនុវត្តគម្រោងទទួលបានភាពល្អប្រសើរ។
ឆ្លៀតក្នុងឱកាសនោះ លោក រដ្ឋលេខាធិការ បានលើកឡើងថា ក្រសួងនឹងរៀបចំកិច្ចប្រជុំជាមួយស្ថាប័ន អាជ្ញាធរពាក់ព័ន្ធ ជាពិសេសអាជ្ញាធរអប្សរា ដើម្បីសិក្សាពីផលប៉ះពាល់ និងផ្តល់មតិយោបល់លើការសិក្សាកំណាត់ផ្លូវវាងក្រុង។
លោក លើកឡើងឱ្យដឹងថា សម្រាប់ដំណាក់ទី២ សៀមរាប-ប៉ោយប៉ែត នឹងបញ្ចប់ការងារសិក្សានៅខែមីនា ២០២៤ បន្ទាប់ពីបញ្ចប់សេចក្តីព្រាងគម្រោងសិក្សាសមិទ្ធិលទ្ធភាពបច្ចេកទេសប្លង់វិស្វកម្ម និងដាក់ជូនមកក្រសួងពិនិត្យ កែសម្រួលឈានទៅបញ្ចប់នៅខែឧសភា ២០២៤ខាងមុខ។
គូសបញ្ជាក់ថា គម្រោងសាងសង់ផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញ-ខេត្តសៀមរាប-ក្រុងប៉ោយប៉ែត ក្រោមក្របខ័ណ្ឌភាពជាដៃគូ រវាងរដ្ឋ និងឯកជន ប្រវែងសរុបប្រមាណ ៤២០គីឡូម៉ែត្រ ចំណុចចាប់ផ្តើមខាងជើងផ្លូវក្រវាត់ក្រុងទី៣ រាជធានីភ្នំពេញ និងចំណុចបញ្ចប់នៅក្រុងប៉ោយប៉ែត(ព្រំដែនកម្ពុជា-ថៃ) ឆ្លងកាត់រាជធានីភ្នំពេញប្រវែង ៣គីឡូម៉ែត្រ ខេត្តកណ្ដាល ១៨គីឡូម៉ែត្រ ខេត្តកំពង់ចាម ៤៣គីឡូម៉ែត្រ ខេត្តកំពង់ធំ ១៣១គីឡូម៉ែត្រ ខេត្តសៀមរាប ១៣០គីឡូម៉ែត្រ និងខេត្តបន្ទាយមានជ័យ ៩៥គីឡូម៉ែត្រ។
តាមគម្រោងសាងសង់ផ្លូវល្បឿនលឿនថ្មីនេះ នឹងចែកចេញជា ២ដំណាក់កាល ដោយដំណាក់កាលទី១ ពីភ្នំពេញ-សៀមរាប នឹងត្រូវបើកការដ្ឋានស្ថាបនាមុន និងដំណាក់កាលទី២ សៀមរាប-ប៉ោយប៉ែត នឹងបើកការដ្ឋានស្ថាបនាតាមក្រោយ តាមការប៉ាន់ស្មានគ្រោងចំណាយថវិកាប្រមាណ ៤ពាន់លានដុល្លារ ដែលការចំណាយជាមធ្យម ១០លានដុល្លារ ក្នុងមួយគីឡូម៉ែត្រ ផងដែរ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)