ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិរវាងកម្ពុជា និងម៉ាឡេស៊ី ដែលជាការរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ចនៅកម្ពុជា។
ការវាយតម្លៃបែបនេះ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងជំនួបជាមួយ លោក Datuk Mutang Tagal ប្រធានព្រឹទ្ធសភាព្រឹទ្ធសភាម៉ាឡេស៊ីងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការ នៅប្រទេសម៉ាឡេស៊ី នារសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤។
លោក Datuk Mutang Tagal បានសម្តែងនូវក្ដីសោមនស្សរីករាយដែលបានជួបពិភាក្សាការងារជាមួយ សម្ដេចធិបតី ក្នុងឱកាសនៃការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសម៉ាឡេស៊ី។
លោក ក៏បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនយ៉ាងឆាប់រហ័ស និងកំណើនសេដ្ឋកិច្ចដ៏ខ្ពស់របស់កម្ពុជា ដែលបានឆ្លុះបញ្ចាំងឱ្យឃើញតាមរយៈការកសាងឡើងនូវហេដ្ឋារចនាសម្ព័ន្ធរូបវន្តជាច្រើន ដូចជាអាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរ ដែលទើបតែត្រូវបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនាពេលថ្មីៗកន្លងទៅនេះ។
បន្ថែមលើនេះ ប្រធានព្រឹទ្ធសភា ក៍បានស្នើ សម្តេចធិបតី ចែករំលែកនូវទស្សនទានគន្លឹះ និងបទពិសោធន៍ដែលនាំឱ្យកម្ពុជា សម្រេចបាននូវការអភិវឌ្ឍនិងរក្សាបាននូវអត្រាកំណើនសេដ្ឋកិច្ចល្អបែបនេះ។
នៅក្នុងជំនួបនេះ សម្តេចធិបតី បានថ្លែងអំណរគុណភាគីម៉ាឡេស៊ីចំពោះបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការនេះ ព្រមទាំងបានជម្រាបជូនអំពីលទ្ធផលនៃកិច្ចជំនួបពិភាក្សាទ្វេភាគីជាមួយ លោក នាយករដ្ឋមន្រ្តីម៉ាឡេស៊ី ដោយភាគីទាំងពីរបានប្តេជ្ញាចិត្តក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗជាច្រើន រួមមាន៖ វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ ការអប់រំ ការបណ្តុះបណ្តាល វិស័យសន្តិសុខ និងការពារជាតិ។
ជាមួយគ្នានេះដែរ សម្ដេចធិបតី បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិរវាងកម្ពុជា និងម៉ាឡេស៊ី ដែលជាការរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ចនៅកម្ពុជា និងថ្លែងអំណរគុណម៉ាឡេស៊ីចំពោះការរួមចំណែកដ៏មានតម្លៃរបស់កងរក្សាសន្តិភាពម៉ាឡេស៊ី ក្នុងដំណើរការស្វែងរកសុខសន្តិភាពរបស់កម្ពុជានៅដើមទសវត្សរ៍ឆ្នាំ១៩៩០។
ឆ្លើយតបទៅនឹងការស្នើរបស់ឯកឧត្តមប្រធានព្រឹទ្ធសភាស្វែងយល់អំពីទស្សនទានគន្លឹះ និងបទពិសោធន៍ នៃការអភិវឌ្ឍ និងរក្សានូវកំណើនសេដ្ឋកិច្ចរបស់កម្ពុជា សម្ដេចធិបតីបានគូសបញ្ជាក់ថា កត្តាសំខាន់បំផុតគឺសុខសន្តិភាព និងស្ថិរភាពនយោបាយ ដែលត្រូវតែធានានិងរក្សាឱ្យបានប្រកបដោយចីរភាព និងជាមូលដ្ឋានគ្រឹះមិនអាចខ្វះបាន សម្រាប់ការអភិវឌ្ឍលើគ្រប់វិស័យ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)