ភ្នំពេញ៖ វឌ្ឍនភាពការងារ គម្រោងសាងសង់លើកកម្រិតគុណភាពផ្លូវលេខ៤៨ គិតមកដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ សម្រេចបាន ៤២,៧១% គ្រោងបញ្ចប់សាងសង់នៅខែមេសា ឆ្នាំ២០២៥ ខណៈ ក្រសួងជំរុញឱ្យក្រុមហ៊ុនសាងសង់របស់កូរ៉េ ពន្លឿនគម្រោងសាងសង់លើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ឱ្យសម្រេចបានតាមផែនការដែលបានគ្រោងទុក។
លោក សូរ វ៉ិចទ័រ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យរួមគ្នាលើកទី០៤ ស្ដីពី វឌ្ឍនភាពគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ តំណាងក្រុមហ៊ុនសាងសង់ ក្រុមហ៊ុនត្រួតពិនិត្យបច្ចេកទេស និងមន្ត្រីជំនាញបច្ចេកទេសពាក់ព័ន្ធផងដែរ កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤។
កិច្ចប្រជុំនេះ មានគោលបំណងពិនិត្យមើលវឌ្ឍនភាពសាងសង់ ស្ថានភាពជាក់ស្តែងនៃការអនុវត្តគម្រោង តាមរយៈការជំរុញផែនការអនុវត្តការគ្រប់គ្រងគុណភាព ការផ្គត់ផ្គង់សម្ភារគ្រឿងចក្រ និងកម្លាំងពលកម្ម សំណូមពរ បញ្ហាប្រឈម និងដំណោះស្រាយរបស់ក្រុមហ៊ុន និងទិសដៅការងារបន្ត សំដៅពន្លឿនការងារសាងសង់ នៅក្នុងរដូវប្រាំងនេះ ឱ្យសម្រេចបានតាមគម្រោងផែនការដែលបានកំណត់។
លោក សូរ វ៉ិចទ័រ ជាប្រធានគ្រប់គ្រងគម្រោង បានក្រើនរំលឹកដល់ក្រុមហ៊ុនសាងសង់ឱ្យយកចិត្តទុកដាក់ខ្ពស់លើបទដ្ឋានបច្ចេកទេស មិនមានភាពចន្លោះប្រហោង សំដៅធ្វើឱ្យខ្សែផ្លូវនេះមានគុណភាព អាចប្រើប្រាស់បានយូរអង្វែង និងត្រូវយកចិត្តទុកដាក់ផងដែរ លើបញ្ហាសុវត្ថិភាពចរាចរណ៍តាមការដ្ឋានសាងសង់។
លោក បានបគូសបញ្ជាក់ថា ក្នុងនោះ បំពាក់គ្រឿងបរិក្ខាសុវត្ថិភាពឱ្យបានគ្រប់គ្រាន់ និងបានជំរុញឱ្យក្រុមហ៊ុនសាងសង់កំណាត់ផ្លូវនេះ ត្រូវអនុវត្តតាមបទដ្ឋានបច្ចេកទេស និងសៀវភៅបន្ទុកឱ្យបានជាដាច់ខាត ជាពិសេសត្រូវអនុលោមតាមលក្ខខណ្ឌអាទិភាពចំនួនពីរគឺ៖ សំណង់ផ្លូវមានគុណភាពរឹងមាំអាចប្រើប្រាស់បានយូរអង្វែង និងការបញ្ចប់គម្រោងតាមផែនការដែលបានកំណត់។
គួររម្លឹកថា ផ្លូវជាតិលេខ៤៨ តភ្ជាប់ពីខេត្តព្រះសីហនុ ទៅកាន់ខេត្តកោះកុង ប្រវែង ១៤៨គីឡូម៉ែត្រ។ ផ្លូវជាតិលេខ៤៨នេះ ចាប់ផ្តើមសាងសង់ពីចំណុចប្រសព្វជាមួយផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ ១៤១+៧៥០ ស្ថិតក្នុងភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល រហូតដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ គម្រោងផ្លូវនេះ រួមមាន៖ ផ្លូវ ២គន្លង មានប្រវែង ១២២.៩គីឡូម៉ែត្រ ទទឹងផ្លូវ ១១ម៉ែត្រ និងផ្លូវ៤គន្លង មានប្រវែង ២៥.១គីឡូម៉ែត្រ ទទឹងចាប់ពី ១៨.៥ម៉ែត្រ ដល់២១.៥ម៉ែត្រ។
កំណត់ផ្លូវនេះមានប្រវែងសរុប ១៤៨គីឡូម៉ែត្រ ចាប់ពីចំការហ្លួង ស្រុកស្រែអំបិលដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ក្នុងនោះប្រវែង ១២២.៩គីឡូម៉ែត្រ មានចំនួនពីរគន្លងប្រវែង ២៥,១គីឡូម៉ែត្រ មានចំនួន ៤គន្លង លើទីតាំងចំនួន៤ រួមមានគឺ៖
១-ប្រវែង ១២គីឡូម៉ែត្រ (គ.ម ០+០០០-គ.ម ១២+០០០) ២-ប្រវែង ៣,៤គីឡូម៉ែត្រ (គ.ម ៥៧+៧០០- គ.ម ៦១+១០០) ចំណុចអន្ទង់អាំង និងជាកន្លែងប្តូរខ្សែ ផ្លូវថ្មីទី១(Realignment) ៣-ប្រវែង ៤,២គីឡូម៉ែត្រ (គ.ម១២៤+៤០០-គ.ម១២៨+៦០០) ចំណុច ចំណោតតាតៃ និងជាកន្លែងប្តូរខ្សែផ្លូវថ្មីទី២ (Realignment) និង៤-ប្រវែង ៥,៥គីឡូម៉ែត្រ(គ.ម ១៤២+៥០០-គ.ម ១៤៨+០៣៨) ទទឹងផ្លូវ ១១ម៉ែត្រ (ពីរគន្លង) ១៨,៥ម៉ែត្រដល់ ២១,៥ម៉ែត្រ (៤គន្លង) ក្រាលបេតុងកៅស៊ូ(AC) (កម្រាស់ ០៧សង់ទីម៉ែត្រ) បេតុងសរសៃដែក (២៥សង់ទីម៉ែត្រ) ត្រង់ផ្លូវប្រសព្វ។
គម្រោងនេះ សាងសង់ដោយសម្ព័ន្ធក្រុមហ៊ុនកូរ៉េ ILSUNG & HANIL Joint Venture និងត្រួតពិនិត្យបច្ចេកទេស ដោយសម្ព័ន្ធក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស KCI & KECC Joint Venture គ្រោងចំណាយថវិកាសរុបប្រមាណ ៦៥,១៤លានដុល្លារ ក្រោមឥណទានសម្បទាន ពីរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ ដោយមិនរាប់បញ្ចូលថវិកាបដិភាគរបស់រាជរដ្ឋាភិបាលសម្រាប់ការងារដោះស្រាយផលប៉ះពាល់ និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ៕
គម្រោងនេះ ត្រូវបានគេរំពឹងថានឹងធ្វើឱ្យប្រសើរឡើងទាំងសុវត្ថិភាពនៃការធ្វើចរាចរណ៍ទៅមករបស់អ្នកដំណើរ កាត់បន្ថយពេលវេលានិងថ្លៃធ្វើដំណើរនិងដឹកជញ្ជូនតាមរយៈការបំពាក់គ្រឿងបរិក្ខារសុវត្ថិភាពនៅលើដងផ្លូវ ការកែសម្រួលចំណោតខ្លាំងរបស់ផ្លូវ ជំរុញសក្តានុពលតំបន់ទេសចរណ៍ និងបង្កើនការអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងតំបន់ ជាពិសេសជាមួយប្រទេសថៃ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)