Register Already an agent ? Login

រដ្ឋមន្ត្រីក្រសួងការងារ ជំរុញឱ្យគ្រប់ភាគីក្នុងទំនាក់ទំនងវិជ្ជាជីវៈធ្វើការរួមគ្នា ដើម្បីទាក់ទាញការវិនិយោគ

ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជំរុញឱ្យគ្រប់ភាគី ដែលមានអង្គការដៃគូ សហជីព និងនិយោជក​រួមគ្នាធ្វើឱ្យប្រសើរឡើង​បន្ថែមទៀតក្នុង​វិស័យទំនាក់ទំនង​វិជ្ជាជីវៈ​ ដើម្បីឱ្យកម្ពុជាអាចរក្សាបាននូវការទាក់ទាញវិនិយោគ។

ការថ្លែងជំរុញ របស់ លោក ហេង សួរ ក្នុងវេទិកាការងារប្រចាំឆ្នាំស្តីពី “វឌ្ឍនភាពនៃវិស័យទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជា និងចក្ខុវិស័យសម្រាប់អនាគត” ដែលរៀបចំឡើងដោយសហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា(CAMFEBA) នៅទីថ្ងៃ២១ ខែកុម្ភៈ ឆ្នាំ២០២៤។

លោក បានថ្លែងបន្តថា ភាពចាំបាច់ និងសារៈសំខាន់នៃភាគីទាំងបី ដើម្បីជំរុញឱ្យវិស័យទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជាកាន់តែប្រសើរឡើងតាមរយៈការគោរពច្បាប់ទម្លាប់ដែលកម្ពុជាមានស្រាប់ក្នុងការផ្ដល់ឱ្យគ្រប់ភាគីទាំងនិយោជក និងកម្មករនិយោជិតទទួលយកបានស្របទៅនឹងទិសដៅរបស់ក្រសួង ដែលមានតួនាទីក្នុងការរក្សាលំនឹងនៃទំនាក់ទំនងវិជ្ជាជីវៈដោយមិនអាចខ្វះដៃគូណាមួយឡើយសម្រាប់សុខដុមនីយកម្មក្នុងរោងចក្រសហគ្រាស។

ស្ថានភាពនៃការវិវឌ្ឍក្នុងតំបន់និងពិភពលោក ទាមទារឱ្យរាជរដ្ឋាភិបាលកម្ពុជាថ្លឹងថ្លែង និងប្រមើមើលទៅលើភាពប្រកួតប្រជែងរបស់ប្រទេសក្នុងតំបន់ដើម្បីធ្វើយ៉ាងណាឱ្យកម្ពុជានៅតែរក្សាបានប្រៀបឈ្នះ។ ជាការគូសបញ្ជាក់ លោក ហេង សួរ បានបន្តថា ជាមួយនិងភាពប្រកួតប្រជែងក្នុងទិសដៅរក្សាលំនឹងការងារ ហើយនិងការបង្កើនការទាក់ទាញវិនិយោគិនដែលជាកត្តាបង្កើតឱកាសការងារបន្ថែមសម្រាប់យុវជនពេញកម្លាំងក្នុងសង្គម។

បើតាម លោក រដ្ឋមអន្រ្តី បានបន្ថែមថា ពីការយកចិត្តទុកដាក់ជាអាទិភាពរបស់ក្រសួងចំពោះលក្ខខណ្ឌការងារ ការបង្កើនឱកាសការងារ និងបរិយាកាសកាងារល្អ ការពង្រឹងសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ និងការបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេសសំដៅឆ្លើយតបទៅនឹងបច្ចុប្បន្នភាពនៃទីផ្សារការងារនៅកម្ពុជា និងការធ្វើសមាហរណកម្មសេដ្ឋកិច្ចសកល៕

ដោយ៖ មឿន ឌីណា (Moeun Dyna)