កំពត៖ គម្រោងស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣១ មានប្រវែងសរុបប្រមាណ ៥៣,៥៣គីឡូម៉ែត្រ ឆ្លងកាត់ខេត្តតាកែវ និងខេត្តកំពត វឌ្ឍនភាពការងារសាងសង់សម្រេច ៤៧% គ្រោងបញ្ចប់ការងារតួផ្លូវចាក់ AC ក្នុងខែមិថុនា ខាងមុខនេះ។ បើតាមការចុះពីនិត្យ លោក ខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួងដឹកជញ្ជូន និងជានាយកគម្រោង។
តាមការគ្រោងទុកការងារតួផ្លូវចាក់ AC នឹងរួចរាល់ក្នុងខែមិថុនា ឆ្នាំ២០២៤ខាងមុខនេះហើយ ដោយការងារបន្ទាប់គឺការបំពាក់បរិក្ខារផ្លូវថ្នល់ និងបំពាក់សម្ភារបម្រើឱ្យការងារសុវត្តិភាពចរាចរណ៍។ បើតាមការលើកឡើង លោក ខាន់ ម៉ាណេរ។
លោក បានបន្តថា ការចុះពិនិត្យជាប្រចាំនេះ បានធ្វើឡើងក្នុងគោលបំណងតាមដានការងារបច្ចេកទេសសាងសង់របស់ក្រុមហ៊ុនសំដៅឱ្យការសាងសង់ប្រព្រឹត្តទៅស្របតាមបទដ្ឋានបច្ចេកទេស និងកិច្ចសន្យាសាងសង់ ធានាឱ្យបានការសាងសង់មានគុណភាពរឹងមាំ អាចប្រើប្រាស់ជាប់បានយូរអង្វែង។
គម្រោងស្ដារនេះ ចាប់ពីថ្នល់បែកគុស ចំណុចប្រសព្វផ្លូវជាតិលេខ៣ រហូតទៅដល់ទីរួមស្រុកកំពង់ត្រាច ចំណុចតភ្ជាប់ផ្លូវជាតិលេខ៣៣ មកដល់ពេលនេះ បានលេចចេញវឌ្ឍនភាពគួរអោយកត់សម្គាល់។ ជាការបន្ថែម លោក ខាន់ ម៉ាណេរ។
គួររម្លឹកផងដែរថា បើតាម លោក ស៊ុន ចាន់ថុល អតីតរដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងក្នុងពិធីបើកការដ្ឋានគម្រោងស្តារ និងលើកកម្រិតគុណភាព ផ្លូវជាតិលេខ៣១ និងផ្លូវជាតិលេខ៣៣ នៅថ្ងៃទី៣០ ខែធ្នូឆ្នាំ២០២២ថា រដ្ឋាភិបាលកម្ពុជា ចំណាយថវិកា១២១លានដុល្លារ សម្រាប់សាងសង់ផ្លូវជាតិទាំងពីរនេះ។
លោក ស៊ុន ចាន់ថុល បានលើកឡើងថា ផ្លូវជាតិលេខ៣១ មានប្រវែង ៥៣,៥៣គីឡូម៉ែត្រ គឺចាប់ផ្លូវបែកគូសចំណុចប្រសព្វផ្លូវជាតិ៣ ដល់ចំណុចប្រសព្វកំពង់ត្រាចតភ្ជាប់ផ្លូវជាតិលេខ៣៣។ ចំណែកផ្លូវជាតិលេខ៣៣ មានប្រវែងសរុប ៥២,៥៧គីឡូម៉ែត្រ ចាប់ពីក្រុងកំពតចំណុចប្រសព្វផ្លូវជាតិលេខ៣ ដល់ច្រកលប នៃព្រំដែនកម្ពុជាវៀតណាម។
លោក បានញ្ជាក់ថា ការសាងសង់ផ្លូវជាតិទាំង ២ខ្សែនេះឡើងវិញ ដោយសារផ្លូវទាំងពីរខ្សែ នៅមានកម្រិតគុណភាពទាប ដោយមានសភាពទ្រុឌទ្រោម និងកន្លែងខ្លះមានការខូចខាតធ្ងន់ធ្ងរ មិនអាចឆ្លើយតបនៃការរីកចម្រើននាពេលបច្ចុប្បន្នរបស់បណ្ដាខេត្តនៅតំបន់មាត់សមុទ្រ។
ផ្លូវទាំងពីរខ្សែនេះ តភ្ជាប់គ្នាមានសក្ដានុពល ដែលស្ថិតនៅក្នុងតំបន់ប៉ូលសេដ្ឋកិច្ច នៃខេត្តភាគនិរតី ដែលផ្លូវជាតិលេខ៣១ សាងសង់ឆ្លងកាត់ខេត្តតាកែវ និងខេត្តកំពត។ រីឯផ្លូវជាតិលេខ៣៣ ឆ្លងកាត់ខេត្តកំពត និងខេត្តកែប។ បើតាមលោក ស៊ុន ចាន់ថុល ផ្លូវជាតិទាំងពីរខ្សែ គឺប្រទាក់ក្រឡាជាមួយដែនផ្លូវដ៏សំខាន់ដូចជា តភ្ជាប់ផ្លូវជាតិលេខ៣ ចំណុចប្រសព្វបែកគូស ទៅដល់ទីរួមស្រុកកំពង់ត្រាចខេត្តកំពត ត្រង់ចំណុចបប្រសព្វតភ្ជាប់ទៅផ្លូវជាតិលេខ៣៣ និងតភ្ជាប់ទៅកាន់ផ្លូវជាតិលេខ២ តាមរយៈផ្លូវខេត្តលេខ១២៦។
លោក បានបន្ថែមថា ចំណែកផ្លូវជាតិលេខ ៣៣វិញ តភ្ជាប់ពីកំពង់ត្រាច ត្រង់ចំណុចប្រសព្វផ្លូវជាតិលេខ៣១ ឆ្ពោះទៅតំបន់ឆ្នេរធម្មជាតិ និងកំពង់ផែសមុទ្រនៅខេត្តកែប និងខេត្តកំពត ព្រមទាំងតភ្ជាប់ផ្លូវជាតិលេខ៣ គឺកំពតវាលរញ់ និងផ្លូវជាតិលេខ៤ ត្រង់ព្រៃនប់ឆ្ពោះទៅកាន់កំពង់ផែសមុទ្រខេត្តព្រះសីហនុ។
ផ្លូវជាតិលេខ៣១ និង៣៣ បានជួយដល់សេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសារ តាមរយៈការជួយសម្រួល ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ។ ម្យ៉ាងទៀត នឹងជួយប្រែក្លាយតំបន់ឆ្នេរឱ្យក្លាយទៅជាតំបន់មានហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ល្អប្រសើរ ដើម្បីរួមចំណែកក្នុងការជំរុញការផ្លាស់ប្ដូរពាណិជ្ជកម្ម ការវិនិយោគ និងការទាក់ទាញភ្ញៀវទេសចរណ៍ផងដែរ។ ជាការបញ្ជាក់ លោក ស៊ុន ចាន់ថុល។
គូសបញ្ជាក់ថា ផ្លូវជាតិទាំងពីរខ្សែនេះ ចាប់ផ្ដើមសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ CABC និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សា ក្វាងចូវ វ៉ាន់អាន ដែលប្រើរយៈពេលសាងសង់ ៤០ខែ ហើយនឹងបញ្ចប់ការសាងសង់នៅឆ្នាំ២០២៦។ ផ្លូវជាតិលេខ៣១ ប្រមាណជាង ៦០លានដុល្លារ និងផ្លូវលេខ៣៣ ប្រមាណ ៦១លានដុល្លារ ដែលជាឥទានសម្បទានពីរដ្ឋាភិបាលចិន រួមជាមួយថវិកាបដិភាគរបស់រដ្ឋាភិបាលកម្ពុជា៕
ដោយ៖ មឿន ឌីណា (Moeun Dyna)