ភ្នំពេញ៖ ក្នុងរយៈពេល ១ខែ ដំបូង ក្នុងឆ្នាំ២០២៤ អគ្គនាយកដ្ឋានពន្ធដារប្រមូលអាករលើតម្លៃបន្ថែមពីប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក បានចំនួន ៣៥,១១ ប៊ីលានរៀល ស្មើនឹង ៨,៦៧លានដុល្លារ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣ ឃើញថាថយចុះប្រមាណ ៤,១០%។
ចំពោះចំណូលពី e-Commerce ក្នុងខែមករា ឆ្នាំ២០២៤នេះមាន ចំណូលប្រមូលបានពីអនិវាសនជនដែលបានចុះបញ្ជីអាករលើតម្លៃបន្ថែមសាមញ្ញ (Simplified VAT Registration) ចំនួន ៧,៣៧ប៊ីលានរៀល ស្មើនឹង ១,៨២លានដុល្លារ និងចំណូលប្រមូលបានពីនិវាសនជនតាមវិធីសាស្ត្រ គិតអាករជំនួស (VAT Reverse Charge) មានចំនួន ២៧,៧៤ប៊ីលានរៀល ស្មើនឹង ៦,៥២លានដុល្លារ។
បើរំលឹកពីការប្រមូលចំណូលពីប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកក្នុងឆ្នាំ២០២៣ កន្លងទៅឃើញថា ក្នុងរយៈពេល ១២ខែ ចំណូលដែលប្រមូលបានពីវិស័យនេះ មានចំនួន ៣០៥,៨៣ប៊ីលានរៀល ស្មើនឹង ៧៥,៥២លានដុល្លារ។
គូសបញ្ជាក់ថា ការធ្វើប្រតិបត្តិការពាណិជ្ជកម្ម រួមទាំងប្រតិបត្តិករថ្នាលអេឡិចត្រូនិក (Electronic platform Operator) ចូលមកក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវមានកាតព្វកិច្ចប្រមូលនិងបង់ប្រាក់អាករលើតម្លៃបន្ថែម ស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តស្តីពីពន្ធដារជាធរមាន។
គួររំលឹកផងដែរថា អគ្គនាយកដ្ឋានពន្ធដារ បានចាប់ផ្តើមប្រមូលអាករលើតម្លៃបន្ថែមពីប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (e-Commerce) ចាប់ពីខែមេសា ឆ្នាំ២០២២ ហើយគិតមកដល់បច្ចុប្បន្ននេះមានក្រុមហ៊ុនចំនួន ៨៤ បានចុះបញ្ជីអាករលើតម្លៃបន្ថែមសាមញ្ញ ដែលមានជាអាទិ៍ META, GOOGLE, YOUTUBE, TIK TOK, NETFLIX... ជាដើម៕
ដោយ៖ មឿន ឌីណា ()Moeun Dyna)