ភ្នំពេញ៖ លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានថ្លែងឱ្យដឹងថា នាពេលខាងមុខដ៏ខ្លីនេះ អគ្គនាយកដ្ឋានពន្ធដារនឹងដាក់ឱ្យសាធារណជន និងអ្នកជាប់ពន្ធប្រើប្រាស់កម្មវិធីរដ្ឋបាលអេឡិចត្រូនិក (GDT e-Administration)។
លើកឡើងខាងលើ លោក គង់ វិបុល នៅក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី ការប្រើប្រាស់កម្មវិធីរដ្ឋបាលអេឡិចត្រូនិក (GDT e-Administration) និងប្រព័ន្ធគ្រប់គ្រងការតាមដាន ឯកសារ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤។
លោក បានលើកឡើងបន្តថា ចាប់តាំង ពីឆ្នាំ២០១២មក អគ្គនាយកដ្ឋានពន្ធដារ បានចាប់ផ្តើមធ្វើកំណែទម្រង់ និងទំនើបកម្មរដ្ឋបាលសារពើពន្ធ ដើម្បីសម្រេចឱ្យបាននូវអភិបាលកិច្ចល្អ (Good Governance) ហើយអភិបាលកិច្ចល្អនោះគឺជាការបង្កើតនូវប្រព័ន្ធការងារមួយដែលមានភាពងាយស្រួលនិងចំណេញពេលវេលាជូន អ្នកជាប់ពន្ធ។
ជាមួយគ្នានេះ ការអភិវឌ្ឍកម្មវិធី (GDT e-Administration) ជាការបោះជំហានមួយបន្ថែមទៀតរបស់រដ្ឋបាលសារពើពន្ធក្នុង ការធ្វើបរិវត្តកម្មឌីជីថល ដែលជាការរួមចំណែកកសាងរាជរដ្ឋាភិបាលឌីជីថល ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។ ជាការបន្ថែម លោក គង់ វិបុល។
លោក បានបន្ថែមទៀតថា ស្របតាមអនុសាសន៍ណែនាំរបស់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជំរុញឱ្យអគ្គនាយកដ្ឋានពន្ធដារក្លាយជារដ្ឋបាលសារពើពន្ធឌីជីថលជំនាន់ទី១.៥ ទៅ២.៥ ក្នុងឆ្នាំ២០២៨ នឹងក្លាយជារដ្ឋបាលសារពើពន្ធឌីជីថលទាំងស្រុងជំនាន់ទី៣.០ (Tax Administration 3.0) នៅឆ្នាំ២០៣៥។
កម្មវិធី GDT e-Administration នឹងត្រូវប្រើប្រាស់ជំនួសឱ្យកម្មវិធី បញ្ជូនឯកសារអេឡិចត្រូនិក (e-Documents Submission System) និងជាជម្រើសបន្ថែមពីការមកដាក់លិខិតរដ្ឋបាលនានាដោយផ្ទាល់នៅ តាមអង្គភាពពន្ធដារ។ ជាការគូសបញ្ជាក់ លោក គង់ វិបុល បានបន្តថា កម្មវិធីនេះ នឹងក្លាយ ជាជម្រើសដ៏ងាយស្រួល ឆាប់រហ័ស និងចំណេញពេលវេលា ប្រកបដោយភាពជឿទុកចិត្តលើការផ្តល់សេវាអ្នកជាប់ពន្ធតាមរយៈការដាក់ លិខិតរដ្ឋបាលផ្សេងៗមកអគ្គនាយកដ្ឋានពន្ធដារ ឬសាខាពន្ធដារខេត្ត-ខណ្ឌ។
លោក បន្ថែមទៀតថា អ្នកជាប់ពន្ធ ឬសាធារណជនអាចទាញយកកម្មវិធីនេះសម្រាប់ប្រើប្រាស់ដោយឥតគិតថ្លៃ រួចបង្កើតលិខិតស្នើសុំក្នុងប្រព័ន្ធ និងបញ្ចូល (Upload) ឯកសារភ្ជាប់ក្នុងប្រព័ន្ធតែម្ដង ហើយអាចតាមដានស្ថានភាពឯកសារតាមប្រព័ន្ធអនឡាញជាមួយកម្មវិធី GDT Check & Track App និងអាចទទួលបានលិខិតឆ្លើយតបតាមរយៈប្រព័ន្ធអនឡាញត្រឡប់ទៅវិញតែម្តងលើសពីនេះទៀតកម្មវិធីនេះនឹងរក្សាទុករាល់ទិន្នន័យនិង ប្រវត្តិនៃការដាក់លិខិតរដ្ឋបាលនានាក្នុងប្រព័ន្ធនេះផងដែរ៕
ដោយ៖ មឿន ឌីណា ()Moeun Dyna)