Register Already an agent ? Login

សម្តេចធិបតី លើកទឹកចិត្តអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យចូលក្នុងប្រព័ន្ធ ដើម្បីថាមពលសេដ្ឋកិច្ចជាតិ

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកទឹកចិត្តអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យចូលក្នុងប្រព័ន្ធ ដើម្បីថាមពលសេដ្ឋកិច្ចជាតិ។ គោលនយោបាយរបស់រាជរដ្ឋាភិបាល គឺជំរុញសេដ្ឋកិច្ចប្រកបដោយចីរភាព ប្រកបដោយភាពធន់ និងបង្កើតការងារឱ្យបានច្រើន ដើម្បីក្លាយជាប្រទេសអ្នកមាន ត្រូវធ្វើឱ្យប្រជាពលរដ្ឋមានចំណូលខ្ពស់។

ការថ្លែងខាងលើរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញជាអធិបតី សម្ពោធដាក់​ឱ្យប្រើ​ប្រាស់​ជាផ្លូវការ «អគារ តេជោសែន» និងបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤។

សម្ដេចធិបតី បានថ្លែងបន្តថា រាជរដ្ឋាភិបាល អត់មានលុយចែកប្រជាពលរដ្ឋទេ គឺត្រូវបង្កើតការងារជូនប្រជាពលរដ្ឋ។ ក្រុមហ៊ុនធុនតូច និងមធ្យម នៅតែជាមុខព្រួញត្រូវយក​ចិត្តទុក​ដាក់ ដើម្បីសេដ្ឋកិច្ចរឹងមាំត្រូវធ្វើឱ្យវិស័យឯកជនរឹងមាំ។ ប្រទេសយើងតូច ប្រជាជនយើងតិច ប៉ុន្តែបើប្រជាពលរដ្ឋមានមូលដ្ឋានរឹងមាំ មិនសំខាន់លើបរិមាណទេ សំខាន់លើគុណភាព។ សម្តេច បានដាក់គោលដៅឱ្យយកចិត្តទុកដាក់ទាញអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យចូលក្នុងប្រព័ន្ធ ដើម្បីពង្រឹងអាជីវកម្ម និងសមត្ថភាពផលិត។ ការទាញយកអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ចូលក្នុងប្រព័ន្ធនឹងក្លាយជាថាមពលសេដ្ឋកិច្ច។

ប្រទេសយើងតូចតែបើយើងរួមគ្នា ជាពិសេសរួមគ្នារវាងវិស័យឯកជន និងរាជរដ្ឋាភិបាល នឹងក្លាយទៅជាកម្លាំងធំណាស់។ បើតាមប្រសាសន៍បន្តទៀត សម្ដេចធិបតី បានលើកទឹកចិត្តអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យចូលក្នុងប្រព័ន្ធ មិនចង់ឱ្យរដ្ឋក្លាយជាអ្នកចង្អុល ឬដឹកមុខវិស័យឯកជននោះទេ គឺចង់ឃើញរដ្ឋ និងវិស័យឯកជនសហការគ្នា ដើម្បីពង្រឹងសមត្ថភាព និងដើរបានវែងឆ្ងាយ។

រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា បាននិងកំពុងផ្តល់អាទិភាពខ្ពស់ចំពោះការលើកស្ទួយសហគ្រាសធុនមីក្រូ តូច និង មធ្យម, សិប្បកម្ម, ព្រមទាំងការពង្រឹងឧស្សាហកម្មប្រតិគមន៍ និងការកាត់បន្ថយថ្លៃដើមប្រតិបត្តិការអាជីវកម្ម ដូចជា ថ្លៃដឹកជញ្ជូន, ថ្លៃទឹក, ថ្លៃអគ្គិសនី, ថ្លៃឌីជីថល, ថ្លៃសេវាសាធារណៈ និងថ្លៃមូលធន ព្រោះថា វិស័យឯកជន គឺជាគ្រឿងម៉ាស៊ីននៃសេដ្ឋកិច្ចជាតិ ក្នុងនោះសហគ្រាសធុនមីក្រូ តូច និងមធ្យម នឹងដើរតួកាន់តែសំខាន់ថែមទៀត ជាមូលដ្ឋានសម្រាប់ភាពរីកចម្រើនយូរអង្វែងតរៀងទៅ។ ជាការគូសបញ្ជាក់ សម្ដេចធិបតី។

ប្រមុខរាជរដ្ឋាភិបាល បានបន្ថែមថា លើសពីនេះ ក៏បានដាក់ចេញនូវកម្មវិធីគោលនយោបាយអាទិភាព ចំនួន៦ សម្រាប់ចាប់ផ្តើមអនុវត្តភ្លាមក្នុងឆ្នាំ២០២៣ រួមមានកម្មវិធីទី២ នឹងរួមចំណែកលើកស្ទួយផ្ទាល់ដល់សហគ្រាសធុនមីក្រូ តូច មធ្យម និងសិប្បកម្ម ក៏ដូចជាវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសជូនដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេស និងការដាក់ចេញនូវការជំរុញអនុវត្តយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨ ឱ្យមានលទ្ធភាពចូលរួមក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងអាចទទួលបានផលប្រយោជន៍ពីប្រព័ន្ធគាំពារសង្គមផ្លូវការ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)