ព្រះសីហនុ៖ លោក គួច ចំរើន អភិបាល អភិបាលខេត្តព្រះសីហនុ និងលោក យឹម លក្ខណ៍ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន U Property Management CO., LTD បានបើកការដ្ឋានសាងសង់ផ្លូវបេតុង និងផែចំណតទូកកោះរ៉ុងសន្លឹម ស្ថិតនៅភូមិកោះរ៉ុងសន្លឹម សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤។
ការបើកការដ្ឋានសាងសង់ផ្លូវបេតុង និងផែចំណតទូកកោះរ៉ុងសន្លឹម ពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់វិស័យទេសចរណ៍ និងសេដ្ឋកិច្ចក្នុងខេត្តព្រះសីហនុ ជាពិសេសក្រុងកោះរ៉ុងឱ្យកាន់តែទទួលបានភាពទាក់ទាញ និងរីកចម្រើនទៅមុខជាលំដាប់។ ជាថ្លែង លោក គួច ចំរើន បានបន្តថា ជាមួយគ្នានេះបានផ្តល់ឱកាសការងារជូនប្រជាពលរដ្ឋនៅខេត្តព្រះសីហនុ ពិសេសប្រជាពលរដ្ឋក្រុងកោះរ៉ុង។
លោក បានថ្លែងបន្តទៀតថា ការបើកការដ្ឋាននេះ គឺជាផ្លែផ្កាដែលកម្ពុជាមានសុខសន្តិភាព បានផ្តល់ឱកាសឱ្យអ្នកវិនិយោគមើលឃើញពីសមិទ្ធផល និងសម្រេចចិត្តធ្វើការបោះទុនវិនិយោគនៅលើកោះរ៉ុងសន្លឹម ហើយថ្ងៃនេះជាសក្ខីភាពមួយបង្ហាញច្បាស់ពីការជឿជាក់របស់អ្នកវិនិយោគគិន បានសម្រេចចិត្តបើកការដ្ឋាននៅពេលនេះ គឺដោយសារសុខសន្តិភាព នៃការអភិវឌ្ឍរបស់កម្ពុជា ពិសេសការវិនិយោគនៅកោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។
រាជរដ្ឋាភិបាល បានផ្តល់ការវិនិយោគឱ្យទៅក្រុមហ៊ុនអេម៉ារីយូធ្វើការវិនិយោគ ហើយនៅអំឡុងចុងឆ្នាំ២០២១ ក្រុមហ៊ុន U Property Management CO., LTD បានសហការជាមួយក្រុមហ៊ុន អេម៉ារីយូ ចាប់ដៃគ្នាធ្វើការអភិវឌ្ឍបន្តដំណើរឆ្ពោះទៅមុខ ដើម្បីអភិវឌ្ឍនឹងដោះស្រាយបញ្ហាដែលមាននៅសេសសល់នៅលើកោះរ៉ុង ការអភិវឌ្ឍនៅលើកោះរ៉ុង។ បើតាមការបន្ថែម លោក គួច ចំរើន។
លោក អភិបាលខេត្ត បានបន្ថែមទៀតថា ការតាំងទីលំនៅ ការអភិវឌ្ឍ ការវិនិយោគដាច់ដោយដុំវាជារឿងសុទ្ធតែមិនស្របច្បាប់ ក្រោមការសម្របសម្រួលរបស់រាជរដ្ឋាភិបាលបានផ្តល់សិទ្ធកាន់កាប់ជូនពលរដ្ឋរស់នៅដោយស្របច្បាប់ ដែលជាបទពិសោធន៍នៃការដោះស្រាយបញ្ហាប្រឈមនានា។ ពីមុននៅទីនេះគ្មានផ្លូវថ្នល់ គ្មានការអភិវឌ្ឍនោះទេ ពេលនេះក្រុមហ៊ុនបានធ្វើការឈូសឆាយពង្រីកផ្លូវបានធំទូលាយ។
ថ្ងៃនេះសូមអបអរសាទរក្រុមហ៊ុនសម្រេចបើកការដ្ឋានអភិវឌ្ឍជាក់ស្តែងនៅចំណតទូក និងសាងសង់ផ្លូវបេតុង ក្រុមហ៊ុនទាំងពីរចាប់ផ្តើមក៏សាងសមិទ្ធផលដែលមានបណ្តាញផ្លូវបណ្តោះអាសន្នប្រទាក់ក្រឡាគ្នារួចហើយ ការបើកការដ្ឋានសាងសង់ផែសម្រាប់ការដឹកជញ្ជូនមានភាពងាយស្រួល ដើម្បីសម្រួលដល់ការអភិវឌ្ឍនៅពេលខាងមុខ។ បើតាម លោក គួច ចំរើន។
បើតាម អភិបាលខេត្ត ថ្លែងឱ្យដឹងថា ស្ថានភាពចំពោះមុខក្រុមហ៊ុនកសាងផែ រួចបន្តកសាងផ្លូវបេតុងជាង ៦០គីឡូម៉ែត្រ និងកសាងអាងប្រព្រឹត្តកម្មទឹកកខ្វក់ ហើយហេដ្ឋារចនាសម្ព័ន្ធដែលក្រុមហ៊ុនត្រូវរៀបនោះ មានកំពង់ផែអន្តរជាតិ និងគម្រោងតបណ្តាញអគ្គិសនីពីកោះរ៉ុង មកកាន់កោះរ៉ុងសន្លឹម បម្រើឱ្យការអភិវឌ្ឍលើវិស័យទេសចរណ៍ ក៏ដូចជាការជួយបង្កើនជីវភាពប្រជាពលរដ្ឋដែលរស់នៅលើកោះកាន់តែមានជីវភាពល្អប្រសើឡើងនៅពេលខាងមុខ។ ទន្ទឹមនោះក៏ត្រូវគិតគូរពីបញ្ហាទឹកស្អាតសម្រាប់ពេលអនាគត បំរើដល់អ្នកទេសចរ និងប្រជាពលរដ្ឋរស់នៅទីនេះជាចំបងផងដែរ។
លោក បានបញ្ជាក់ថា នៅលើកោះរ៉ុងសន្លឹម មិនទាន់មានមណ្ឌលសុខភាព និងសាលារៀន ក្រុមហ៊ុន U Property Management CO., LTD ក៏បានយល់ព្រមជួយសាងសង់មណ្ឌលសុខភាព និងអគារសិក្សាសម្រាប់ថ្នាក់សិក្សាចំណេះទូទៅទាំងបីកម្រិតនៅទីនេះ រួមមាន៖ សាលាបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ ព្រមទាំងបន្ទប់ទឹក និងអាហារដ្ឋាននៅក្នុងបរិវេណសាលារៀន និងកន្លែងស្នាក់នៅរបស់លោកគ្រូ អ្នកគ្រូ ឱ្យមានសោភ័ណភាពក្នុងបរិវេណសាលា ដើម្បីឱ្យកូនចៅរបស់អ្នកកោះរ៉ុងទទួលបានសេវាសុខាភិបាល និងការអប់រំប្រកបដោយស្តង់ដារស្របតាមកំណែទម្រង់វិស័យអប់រំនៅកម្ពុជា។
សូមរម្លឹកថា ក្រុងកោះរ៉ុង ត្រូវបានបង្កើតឡើងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ ២០១៩ ដោយកាត់សង្កាត់ចំនួន ២ ចេញពីក្រុងព្រះសីហនុ គឺសង្កាត់កោះរ៉ុង និងសង្កាត់កោះរ៉ុងសន្លឹម មានប្រជាជនសរុបជាង ៧០០គ្រួសារ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)