ភ្នំពេញ៖ វឌ្ឍនភាពគម្រោងស្ថាបនាផ្លូវជាតិលេខ១០ ឆ្លងកាត់កោះកុង,ពោធិ៍សាត់,បាត់ដំបង ប្រវែងសរុប ១៩៨,៥១៨គីឡូម៉ែត្រ សម្រេចបាន ៧៧,៨១% នៃគម្រោងទាំងមូល ខណៈ ស្ពានខ្ពស់ប្រវែង ៥៣០ម៉ែត្រ សម្រេចបាន ៣៩,០០%។ បើតាម អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។
គម្រោងស្ថាបនាផ្លូវជាតិលេខ១០ ជាប្រភេទផ្លូវ Grade III, ក្រាលកៅស៊ូពីរស្រទាប់ (DBST) ប្រវែងផ្លូវ ១៩៨,៥១៨គីឡូម៉ែត្រ ទទឹង ៩ម៉ែត្រ ដែលរយៈពេលសាងសង់៦៦ខែហើយ គ្រោងបញ្ចប់នៅខែមិថុនា ឆ្នាំ២០២៥។
គម្រោងស្ថាបនាផ្លូវជាតិលេខ១០ បានដំណើរការចាប់ផ្ដើមចាក់កៅស៊ូពីខាងខេត្តកោះកុង ឆ្ពោះទៅកាន់រង្វង់មូលប្រមោយស្រុកវាលវែង ខេត្តពោធិ៍សាត់។
ចំណែកស្ពានដែលខ្ពស់ជាងគេនេះ ពេលស្ថាបនារួច នឹងក្លាយជាផ្ទាំងទស្សនីយភាពត្រជាក់ភ្នែកសម្រាប់អ្នកដំណើរ។ ក្នុងគម្រោងស្ថាបនាផ្លូវជាតិលេខ១០ ពេលស្ថាបនារួច នឹងក្លាយជាផ្ទាំងទស្សនីយភាពត្រជាក់ភ្នែកសម្រាប់អ្នកដំណើរ។
គួរបញ្ជាក់ថា គម្រោងស្ថាបនាផ្លូវជាតិលេខ១០នេះ មានប្រវែងជាង១៩៧គីឡូម៉ែត្រ លាតសន្ធឹងពីស្រុកសំឡូត ខេត្តបាត់ដំបង រហូតដល់ស្រុកវាលវែង និងឃុំអូរសោម ខេត្តពោធិ៍សាត់និងខេត្តកោះកុង។
ផ្លូវជាតិមួយខ្សែនេះ មានទទឹងតួផ្លូវ៩ម៉ែត្រ ជាប្រភេទផ្លូវកៅស៊ូ២ស្រទាប់ (DBST) ដែលសាងសង់ឱ្យមានស្ពានចំនួន២៨កន្លែង សរុបប្រវែង ១ ៧២១,៤៦ម៉ែត្រ និងមានស្ពានខ្ពស់ជាងគេមួយកម្ពស់៧៥ម៉ែត្រ បណ្តោយ៥៣០ម៉ែត្រ និងទទឹង១០ម៉ែត្រ ក៏ដូចជាមានបំពាក់ ផ្លាកសញ្ញាចរាចរណ៍ គំនូសចរាចរណ៍ បង្គោលគីឡូម៉ែត្រ និងបង្គោលសុវត្ថិភាពផងដែរ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)