ភ្នំពេញ៖ វឌ្ឍនភាព គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ដំណាក់កាលទី១ គិតត្រឹមថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤ សម្រេចបាន ៦៤.១%។ បើតាមការឱ្យដឹងពី លោក ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល បានបញ្ជាក់ថា ខណៈការចំណាយសរុបទឹកប្រាក់ ៩៣២លានដុល្លារ។
ការសាងសង់ផ្លូវតភ្ជាប់ពីមហាវិថីសម្តេច កាត់ផ្លូវជាតិលេខ២ ឆ្ពោះទៅកាន់អាកាសយានដ្ឋានដែលមានទទឹង ៦០ម៉ែត្រ និងបណ្តោយប្រវែង ១៣.៥គីឡូម៉ែត្រ សម្រេចបាន៨៥%។ បើតាមការបន្ត លោក ស៊ីន ចាន់សិរីវុត្ថា បានគូសបញ្ជាក់ថា ដំណាក់កាលទី១ គ្រោងបញ្ចប់នៅចុងឆ្នាំឆ្នាំ២០២៤ បើពុំមានការប្រែប្រួលអាកាសយានដ្ឋានអន្តរជាតិតេជោ នឹងដាក់ឱ្យដំណើរការនៅក្នុងចុងឆមាសទី១ ឆ្នាំ២០២៥ ខាងមុខនេះ។
សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងធ្វើដំណើរទស្សនកិច្ចចុះទៅផ្ទាល់ ដើម្បីពិនិត្យពីដំណើរការសាងសង់គម្រោងអាកាសយានដ្ឋាននេះ នៅខែមីនា ខាងមុខ។ បើតាមការឱ្យដឹងបន្ថែម លោក ស៊ីន ចាន់សិរីវុត្ថា ថា កាលពីថ្ងៃទី១៤ ខែកុម្ភៈ លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងក្រុមអ្នកជំនាញបានចុះពិនិត្យផ្ទាល់អំពីវឌ្ឍនភាពនៃដំណើរការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោភ្នំពេញថ្មីនេះ។
សូមរម្លឹកថា គម្រោងអាកាសយាន្តដ្ឋានអន្តរជាតិតេជោ ត្រូវបានរាជរដ្ឋាភិបាលបានផ្តល់សិទ្ធិឱ្យ ក្រុមហ៊ុន CAIC ដែលជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុន OCIC សាងសង់និងអភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី នៅខេត្តកណ្តាល និងខេត្តតាកែវ លើផ្ទៃដីទំហំ ២ ៦០០ហិកតា ស្ថិតនៅចម្ងាយ ២០គីឡូម៉ែត្រ ពីភាគខាងត្បូងភ្នំពេញ បានចាប់ផ្តើមដំណើរការសាងសង់កាលពីឆ្នាំ២០១៩ ទុនវិនិយោគចំនួន ១ ៥០០លានដុល្លារ។
សម្រាប់នៅក្នុងដំណាក់កាលទី១ ព្រលានយន្ដហោះនេះ អាចទទួលអ្នកដំណើរបានប្រមាណ ១៣លាននាក់ ក្នុង១ឆ្នាំ ហើយដំណាក់កាលទី២ ដែលគ្រោងបញ្ចប់នៅឆ្នាំ២០៣០ អាចទទួលបានអ្នកដំណើរប្រមាណ ៣០លាននាក់ ក្នុង១ឆ្នាំ និងដំណាក់កាលចុងក្រោយដែលគម្រោងបញ្ចប់នៅឆ្នាំ២០៥០ អាចនឹងទទួលបានអ្នកដំណើររហូតដល់ ៥០លាននាក់ ក្នុង១ឆ្នាំ។
គូសបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិតេជោ ជាប្រភេទ 4F គឺប្រភេទព្រលានយន្តហោះធំ ដែលអាចនឹងស្រូបយក និងទទួលបានការហោះហើរពីឆ្ងាយឆ្លងទ្វីប ដែលអាចឱ្យប្រភេទយន្តហោះធុនយក្ស រហូតដល់ Airbus A380-800 និង យន្តហោះ Boeing 747-800 ចុះចតបាន។ ក្រុមហ៊ុនវិនិយោគ មានមហិច្ឆិតាអភិវឌ្ឍន៍ ជាព្រលានយន្តហោះថ្មីនេះ ឱ្យធំ និងទំនើបជាងគេនៅតំបន់អាស៊ី៕
ដោយ៖ មឿន ឌីណា (Moeun Dyna)