ភ្នំពេញ៖ កាលពីឆ្នាំ២០២៣កន្លងទៅ កម្ពុជាទទួលគម្រោងវិនិយោគចំនួន ២៦៨គម្រោង ដែលមានទុនវិនិយោគប្រមាណជិត ៤,៩ពាន់លានដុល្លារ កើនឡើង បើធៀបទៅឆ្នាំ២០២២ ទទួលបានប្រមាណជិត ៤ពាន់លានដុល្លារ។ បើតាមការលើកឡើង លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
លោក ស៊ុន ចាន់ថុល ដែលបានទទួលជួប លោក Justin Kevin Whyatt ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា ពិភាក្សាការ កាលពីទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ បានលើកឡើងបន្តថា ជាមួយគ្នានេះ បើប្រៀបធៀបរយៈពេលដូចគ្នាក្នុងខែមករា ឆ្នាំ២០២៤ កម្ពុជាទទួលបាន ៣២គម្រោង ច្រើនជាង២ដង បើធៀបនឹងខែមករា ឆ្នាំ២០២៣កន្លងទៅ។
ក្នុងនោះ កម្ពុជារំពឹងថាគម្រោងវិនិយោគនឹងមានការកើនឡើងបន្ថែមទៀត ទោះបីជាស្ថានភាពពិភពលោកបច្ចុប្បន្នកំពុងជួបបញ្ហាប្រឈមក្ដី។ ការគូសបញ្ជាក់ លោក ស៊ុន ចាន់ថុល បានបន្ថែមថា ក្នុងគោលបំណងដើម្បីកាត់បន្ថយតម្លៃដឹកជញ្ជូន រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវផែនការមេគ្រប់ជ្រុងជ្រោយស្តីពី ប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ២០២៣-២០៣៣។
ក្នុងឱកាសនៃជំនួបនេះ ឯកអគ្គរដ្ឋទូត បានកោតសរសើរអំពីបេសកកម្មរបស់កម្ពុជា ក្នុងការទាក់ទាញវិនិយោគិនពីបណ្ដាប្រទេសនានា និងការយកចិត្តទុកដាក់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួនបានកាន់តែប្រសើរ។
លោក Justin បានគូសបញ្ជាក់ថា ពិសេសជាងនេះទៅទៀត មានចំណាប់អារម្មណ៍ខ្ពស់អំពីវឌ្ឍនភាពនៃគម្រោង “ព្រែកជីកហ្វូណនតេជោ” ដែលនឹងក្លាយជាគម្រោងព្រែកជីកប្រវត្តិសាស្ត្ររបស់កម្ពុជានាពេលខាងមុខនេះ។
បើតាមជំនួបនេះ អនុប្រធានទី១ CDC បានមានប្រសាសន៍ទៀតថា ដើម្បីបង្កើនភាពប្រកួតប្រជែង កម្ពុជាមានគោលបំណងក្នុងការប្រើប្រាស់ថាមពលស្អាតឱ្យបាន ៧០% នៃថាមពលសរុបត្រឹមឆ្នាំ២០៣០៕
ដោយ៖ មឿន ឌីណា (Moeun Dyna)