Register Already an agent ? Login

កម្ពុជា ទទួលជំនួយពីជប៉ុនជិត ១០លានដុល្លារ ដើម្បីពន្លឿនការអង្កេតវាស់វែងសុរិយោដី និងការចុះបញ្ជីដីធ្លី

ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន បានផ្តល់ហិរញ្ញប្បទានឥតសំណង ដែលមានទឹកប្រាក់ចំនួន ១,៣៣៨លានយ៉េន (ប្រមាណ ៩,៧លានដុល្លារ) ដើម្បី អនុវត្តគម្រោងសម្រាប់ការកសាងបណ្ដាញស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយផ្កាយរណបទូទាំងប្រទេស។ បើតាមការជូនដំណឹងក្រសួងការបរទេសកម្ពុជា។

លោក សុខ ចិន្តាសោភា រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិកម្ពុជា និង លោក UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ចុះហត្ថលេខារួមគ្នាលើលិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធ ស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណងខាងលើនេះ នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង។

បើតាមការជូនដំណឹងបានបញ្ជាក់ថា គោលបំណងនៃគម្រោងនេះ គឺដើម្បីពន្លឿនការអង្កេតវាស់វែងសុរិយោដី ព្រមទាំងពង្រឹង សេវារដ្ឋបាលពាក់ព័ន្ធនឹងការចុះបញ្ជីដីធ្លី តាមរយៈការដំឡើងស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយផ្កាយរណប ដើម្បីរួមចំណែកដល់ការលើកកម្ពស់គម្រោងហេដ្ឋារចនាសម្ព័ន្ធនានា។

នៅក្នុងសេចក្ដីជូនដំណឹងចុះថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ របស់ក្រសួងការបរទេសបានគូសបញ្ជាក់ថា កាយវិការដ៏សប្បុរសនេះបង្ហាញពីការប្តេជ្ញាចិត្តឥតងាកររបស់ជប៉ុនក្នុងការជួយដល់កិច្ច ខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។

ជំនួយនេះ រួមចំណែកពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងពង្រឹងភាពជាដៃគូយុទ្ធសាស្ត គ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ ដែលកំពុងប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧០ នៃទំនាក់ទំនងការទូត។ បើតាមការបន្តរបស់ក្រសួងដដែល៕

ដោយ៖ មឿន ឌីណា (Moeun Dyna)