Register Already an agent ? Login

គំរូផែនទីគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាបបានចេញហើយ មិនឆ្លងកាត់បឹងទន្លេសាបទេ

កំពង់ចាម៖ គំរូផែនទីគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាបបានចេញហើយ ដែលសិក្សាដោយ ក្រុមហ៊ុនសាជីវកម្ម ស្ពាន និងថ្នល់ចិន(CRBC) បានដាក់បង្ហាញនៅក្នុងកិច្ចប្រជុំស្តីពីការចូលរួមផ្តល់ព័ត៌មានបច្ចេកទេសលើគម្រោងសិក្សាផ្លូវល្បឿនលឿនរាជធានីភ្នំពេញ-ខេត្តសៀមរាប កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២២០២៣។

លោក ហេង វណ្ណនី អភិបាលរងខេត្តកំពង់ចាម តំណាង លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំខាងលើ ដោយមានការចូលរួម ពីលោកនាយករដ្ឋបាលសាលាខេត្ត មន្ទីរ-អង្គភាពជំនាញ មន្ត្រីពាក់ព័ន្ធ និងតំណាងក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន(CRBC)។

គម្រោង​ផ្លូវល្បឿនលឿនទី៣នេះ នឹង​ចាប់ផ្តើម​ចេញពីរាជធានីភ្នំពេញ ឆ្លងកាត់​ខេត្តកណ្តាល កំពង់ចាម កំពង់ធំ និងសៀមរាប។ នេះបើតាម​លិខិត​ជូនដំណឹង​របស់​ក្រសួងសាធារណការ និង​ដឹកជញ្ជូន ផ្ញើទៅកាន់​អភិបាល​រាជធានី-ខេត្ត​ទាំង៥ កាលពីថ្ងៃទី២៤មីនា ឆ្នាំ២០២៣។

នៅក្នុងលិខិតនោះ លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីសាធារណការ និងដឹកជញ្ជូន សុំកិច្ចសហការពីអភិបាលរាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ចាម កំពង់ធំ និងខេត្តសៀមរាប ឱ្យជួយសម្របសម្រួលដល់អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានក្នុងដែនសមត្ថកិច្ច ដើម្បីចូលរួមសហការជាមួយក្រុមហ៊ុន CRBC លើដំណើរការសិក្សាគម្រោងផ្លូវល្បឿនលឿនរាជធានីភ្នំពេញ-ខេត្តសៀមរាប។

គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប អាចបម្រើឱ្យវិស័យទេសចរណ៍ច្រើនជាងការដឹកជញ្ជូនទំនិញ លោកឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជា យល់ឃើញថា តាមរយៈគម្រោងនេះវានឹងជួយសម្រួលដល់ការដឹកជញ្ជូនកសិផលរបស់កសិករពីខេត្តមួយទៅខេត្តមួយ ក៏ដូចជាជួយសម្រួលដល់ការដឹកជញ្ជូនទំនិញពីភ្នំពេញទៅកាន់ព្រំដែនថៃ ដ្បិតថា កន្លងមកក៏មានក្រុមហ៊ុនដឹកជញ្ជូនទំនិញប្រើប្រាស់ច្រកផ្លូវកាត់តាមខេត្តសៀមរាប ដើម្បីដឹកជញ្ជូនទំនិញទៅកាន់ខេត្តជាប់ព្រំដែនថៃផងដែរ។

លោក បានបន្តថា ប្រសិនបើគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាបបានបញ្ចប់ការសិក្សាហើយឈានដល់ការកំណត់ពេលវេលាបើកការសាងសង់ វានឹងក្លាយជាគម្រោងភ្លូវល្បឿនលឿនទី៣របស់កម្ពុជា បន្ទាប់ពីគម្រោងផ្លូវល្បឿនភ្នំពេញ-ក្រុងព្រះសីហនុ ដែលបានដាក់ឱ្យដំណើរការកាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ និងគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិតតម្លៃជិត ១,៧០០លានដុល្លារ ដែលគ្រោងបើកការដ្ឋានសាងសង់នៅខែមិថុនា ឆ្នាំ២០២៣។

ក្រៅពីផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប ក្រសួងសាធារណការក៏បានអនុញ្ញាតឱ្យក្រុមហ៊ុនសិក្សាលើគម្រោងអភិវឌ្ឍផ្លូវល្បឿនលឿន ពីភ្នំពេញ-ប៉ោយប៉ែត ជាប់ព្រំដែនប្រទេសថៃ ដែលជាគម្រោងទី៤ ផងដែរ។

សូមជម្រាបថា ផ្លូវល្បឿនលឿនខ្សែដំបូងដែលកម្ពុជាកំពុងប្រើប្រាស់សព្វថ្ងៃនេះ គឺ ភ្នំពេញ-ព្រះសីហនុ មានតម្លៃជាង២០០០លានដុល្លារ។ ផ្លូវល្បឿនលឿនក្រោមទុនវិនិយោគរបស់ក្រុមហ៊ុនចិន CRBC នេះ ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការ នៅថ្ងៃទី១វិច្ឆិកា ឆ្នាំ២០២២៕

ដោយ៖ មឿន ឌីណា (Moeun Dyna)