ភ្នំពេញ៖ ស្ពានឆ្លងកាត់ស្ទឹងឬស្សីជ្រុំ ជាស្ពានដែលខ្ពស់ជាងគេនៅប្រទេសកម្ពុជា មានកម្ពស់ ៩០ម៉ែត្រ ប្រវែង ៥៣០ម៉ែត្រ ទទឹង ១០ម៉ែត្រ ស្ថិតក្នុងខេត្តពោធិ៍សាត់ បានសាងសង់ឡើងកាលពីខែកុម្ភៈ ឆ្នាំ២០២៣ គម្រោងចំណាយថវិកាអស់ ២២.៩២លានដុល្លារ គ្រោងបញ្ចប់នៅខែឧសភា ឆ្នាំ២០២៥។ បើតាមការក្រសួងសាធារណការ និងដឹកជញ្ជូន។
ស្ពានឆ្លងកាត់ស្ទឹងឬស្សីជ្រុំ គឺជាស្ពានដែលខ្ពស់ជាងគេនៅប្រទេសកម្ពុជា ស្ថិតនៅភូមិ ឆាយលូក ឃុំអូសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ ក្នុងគម្រោងសាងសង់ផ្លូវជាតិលេខ១០ តភ្ជាប់ពីខេត្តបាត់ដំបង-ពោធិ៍សាត់-កោះកុង ត្រង់គីឡូម៉ែត្រលេខ128+915។
ស្ពានឆ្លងកាត់ស្ទឹងឬស្សីជ្រុំ រចនាតាមស្តង់ដារចិនហាយវេកម្រិត៣ ដែលមានបន្ទុក(Design Load)ចំនួន 55T ហើយគ្រោងចំណាយថវិកាអស់ ២២.៩២លានដុល្លារ និងរយៈពេលសាងសង់ ២៨ខែ ពោលគឺសាងសង់ឡើងកាលពីខែកុម្ភ: ឆ្នាំ២០២៣ និងគ្រោងបញ្ចប់ការសាងសង់នៅខែឧសភា ឆ្នាំ២០២៥។
សូមរម្លឹកថា ផ្លូវជាតិលេខ១០ ពីសំឡូត ខេត្តបាត់ដំបង ទៅកោះកុង ត្រូវបានប្រកាសបើកការដ្ឋានសាងសង់ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៥៥ កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០ ក្រោមអធិបតីភាពសម្តេចតេជោ នាយករដ្ឋមន្រ្តី ហ៊ុន សែន និង ឯកអគ្គរដ្ឋទូតចិន លោក Wang Wentian។
លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនបានឲ្យដឹងថា ផ្លូវជាតិលេខ១០នេះ តភ្ជាប់ពីសំឡូត ខេត្តបាត់ដំបង់ ឆ្លងវាលវែង អូរសោម ខេត្តពោធិ៍សាត់ រហូតដល់ខេត្តកោះកុង មានប្រវែងសរុបជាង ១៩៨គីឡូម៉ែត្រ ដែលនឹងត្រូវចំណាយថវិកាសរុបប្រមាណជាង ១៨៨លានដុល្លារ ជាហិរញ្ញប្បទានពីរដ្ឋាភិបាលចិន។
លោក បានបន្តថា ផ្លូវនេះ នឹងត្រូវសាងសង់ស្របទៅតាមស្តង់ដារផ្លូវថ្នល់កម្រិត៣ នៃបទដ្ឋានបច្ចេកទេសរបស់សាធារណរដ្ឋប្រជាមានិតចិន មានទទឹងតួផ្លូវសរុប ៩ម៉ែត្រ ក្រាលកៅស៊ូពីរស្រទាប់ (DBST) ទទឹង ៨ម៉ែត្រ ដែលនឹងត្រូវប្រើរយៈពេលសាងសង់ ៤៨ខែ គិតចាប់ខែធ្នូ ឆ្នាំ២០១៩ ដល់ខែធ្នូ ឆ្នាំ២០២៣។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពី ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក របស់រដ្ឋបាលខេត្តកោះកុង លោកស្រី មិថុនា ភូថង បានឱ្យដឹងថា ផ្លូវជាតិលេខ១០ ដែលមានលាតសន្ធឹងពីខេត្តកោះកុង ពោធិ៍សាត់ បាត់ដំបង មានប្រវែងប្រវែង១៩៧.៣៧គីឡូម៉ែត្រ ក្រាលកៅស៊ូពីរស្រទាប់ (DBST) កំពុងបន្តការសាងសង់ និងសម្រេចបានប្រមាណ៦៩,២៨%៕
ដោយ៖ មឿន ឌីណា (Moeun Dyna)