ភ្នំពេញ៖ ក្នុងឆ្នាំ២០២៤ កម្ពុជារកចំណូលបានជាង ៦៧១លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ ទៅទីផ្សារអន្តរជាតិ កើនជាង ៣៦% បើធៀបនឹងឆ្នាំ២០២៣។ បើតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានកៅស៊ូ។
ចំណូលពីការនាំចេញជ័រកៅស៊ូ គិតត្រឹមឆ្នាំ២០២៤ មានចំនួន៦៦៦ ២៥៦ ៧៩៩ដុល្លារ ចំណែកការនាំចេញឈើកៅស៊ូ មានចំនួន ៥ ៤២២ ៣៧៧ដុល្លារ។ តាមរបាយការណ៍ បានបន្តថា ជ័រកៅស៊ូមានតម្លៃ ១,៩៧១ដុល្លារក្នុង១តោន កើន ចំនួន ៦៣៤ដុល្លារក្នុង១តោន ស្មើនឹង៤៧% ធៀបនឹងឆ្នាំ២០២៣។ ចំណែក តម្លៃនៃការនាំចេញឈើកៅស៊ូ ជាមធ្យមក្នុងខែធ្នូ ឆ្នាំ២០២៤ មានតម្លៃ ២៣០ដុល្លារ ក្នុងមួយម៉ែត្រគីប។
បើតាមរបាយការណ៍ដដែល បានបន្តទៀតថា សម្រាប់បរិមាណជ័រកៅស៊ូ ដែលមានបញ្ចេញលក់ទៅទីផ្សារអន្តរជាតិក្នុងឆ្នាំ២០២៤ គឺ ៣៣៨ ០០០តោន ថយចុះ ៣០ ០៤៨តោន ឬស្មើនឹង ៨,១៦% ធៀបនឹងឆ្នាំ២០២៣ និងឈើកៅស៊ូបញ្ចេញលក់មានចំនួន ២៥ ១៥៧ម៉ែត្រគូប។
គួរបញ្ជាក់ថា ផ្ទៃដីកៅស៊ូសរុបមានចំនួន ៤០៧ ១៧២ហិកតា ក្នុងនោះ ផ្ទៃដីចៀរជ័រមានចំនួន ៣២០ ១៨៤ហិកតា ស្មើនឹង ៧៨.៦៤% និងផ្ទៃដីថែទាំមានចំនួន ៨៦,៩៨៨ហិកតា ស្មើនឹង២១.៣៦%។ យោងតាមអគ្គនាយកដ្ឋានកៅស៊ូ។
ក្នុងនោះផ្ទៃដីកៅស៊ូចៀរជ័រ មានចំនួន ៣៣០ ២៥៩ហិកតា ស្មើនឹង ៧៧,៦៣ ភាគរយនៃផ្ទៃដីកៅស៊ូសរុប និងផ្ទៃដីថែទាំ ៩៥ ១៨៤ហិកតា ស្មើនឹង ២២,៣៧%។
ផ្ទៃដីកៅស៊ូកសិ-ឧស្សាហកម្ម មានចំនួន ២២៣ ១២២ហិកតា ស្មើនឹង ៥២,៤៤% និងផ្ទៃដីកៅស៊ូគ្រួសារ មានចំនួន ២០២ ៣២១ ហិកតា ស្មើនឹង ៤៧៥៦%។
ប្រទេសកម្ពុជាបច្ចុប្បន្ន មានរោងចក្រផលិតសម្បកកៅស៊ូកង់រថយន្តចំនួន ៦ កំពុងដំណើរការ ដែលស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្តស្វាយរៀង ខេត្តព្រះសីហនុ និងខេត្តក្រចេះ។ ភាគច្រើននៃរោងចក្រផលិតសម្បកកង់រថយន្តនៅកម្ពុជា គឺមានវិនិយោគិនមកពីប្រទេសចិន។
គួររម្លឹកថា ក្នុងឆ្នាំ២០២៣កន្លងទៅ កម្ពុជារកចំណូលបាន ពីការលក់ផលិតផលកៅស៊ូ មានប្រមាណចំនួន ៥៣៧.៩លានដុល្លារអាមេរិក កើនឡើងប្រមាណចំនួន៦.២លានដុល្លាអាមេរិក ស្មើនឹង១.២% ធៀបឆ្នាំ២០២២៕
ដោយ៖ មឿន ឌីណា (Moeun Dyna)