ភ្នំពេញ៖ នៅរាជធានីភ្នំពេញក្នុងត្រីមាសទី២ ឆ្នាំ២០២២ មានគម្រោងអភិវឌ្ឍន៍ខុនដូចំនួន ៤ប្រភេទ តម្លៃមធ្យមនិងតម្លៃសមរម្យ បានបញ្ចប់ការសាងសង់និងដាក់ចូលក្នុងទីផ្សារ មានបន្ទប់ស្នាក់នៅសរុប ៣,២០៤ យូនីត។ បើតាមរបាយការណ៍ស្រាវជ្រាវរបស់ CBRE Cambodia បានបន្តថា គិតត្រឹមចុងត្រីមាសទី២ ឆ្នាំ២០២២ ចំនួនបន្ទប់ខុនដូក្នុងរាជធានីភ្នំពេញ បានកើនដល់ជាង ៣៦,០០០យូនីត។
នៅក្នុងរបាយការណ៍ របស់ CBRE Cambodia បានបន្តឱ្យដឹងថា សម្រាប់តម្លៃលក់និងជួលខុនដូ ក្នុងត្រីមាសទី២ ឆ្នាំ២០២២ ឃើញថាកើនឡើងបន្តិចមកវិញបើធៀបនឹងត្រីមាសទី១ ឆ្នាំ២០២២។ បន្ទប់ខុនដូប្រណីតមានតម្លៃលក់ជាមធ្យម ២,៦៧១ដុល្លារ ក្នុង១ម៉ែត្រការ៉េ កើនឡើង ១,៥% បើធៀបនឹងត្រីមាសទី១ ឆ្នាំ២០២២។ បន្ទប់ខុនដូតម្លៃមធ្យម មានតម្លៃមធ្យម ២,០៩៦ដុល្លារ កើន ២,៧% និងប្រភេទតម្លៃសមរម្យ មានតម្លៃ ១,៤១២ដុល្លារ កើនឡើង ០,៧៥។
ដោយឡែក សម្រាប់តម្លៃជួលគឺខុនដូប្រណីត មានតម្លៃជាមធ្យម ១១ដុល្លារ ក្នុង១ម៉ែត្រការ៉េ សម្រាប់១ខែ កើនឡើង ២,៣%, ប្រភេទតម្លៃមធ្យម មានតម្លៃ ៩,៦ដុល្លារ កើន ៣,៣% និងប្រភេទតម្លៃសមរម្យ មានតម្លៃ ៧,៩ដុល្លារ កើនឡើង ១,២%។ បើតាមរបាយការណ៍។
បើតាមការព្យាករ របស់ CBRE Cambodiaថា ប្រសិនបើស្ថានភាពសេដ្ឋកិច្ច និងនយោបាយនៅកម្ពុជា និងពិភពលោក មានស្ថិរភាពល្អប្រសើរ នៅត្រឹមដំណាច់ឆ្នាំ២០២២ នេះចំនួនបន្ទប់ខុនដូ ដែលសាងសង់រួច និងដាក់ចូលទីផ្សារក្នុងរាជធានីភ្នំពេញនឹងកើនដល់ជាង ៤៥,០០០យូនីតហើយក្នុងឆ្នាំ២០២៣ នឹងកើនដល់ជាង ៦៥,០០០ យូនីត។
បើតាមរបាយការណ៍ដដែល បានលើកឡើងថា ភាពល្អប្រសើរនៃម៉ាក្រូសេដ្ឋកិច្ចតាមរយៈអត្រាដ៏ខ្ពស់នៃចំនួនប្រជាពលរដ្ឋក្នុងស្រុកដែលបានចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ-១៩ កំណើននៃការនាំចេញទំនិញទៅទីផ្សារអន្តរជាតិ ការមកដល់នៃភ្ញៀវទេសចរអន្តរជាតិ (មិនមានការធ្វើចត្តាឡីស័ក) និងការកសាងហេដ្ឋារចនាសម្ព័ន្ធថ្មីៗ បានធ្វើឱ្យទីផ្សារអចលនទ្រព្យ រួមទាំងទីផ្សារខុនដូនៅកម្ពុជា ចាប់ផ្តើមបង្ហាញសញ្ញាវិជ្ជមានឡើងវិញបណ្តើរៗហើយ។
សម្រាប់សកម្មភាពទិញ លក់ ជួលនិងតម្លៃខុនដូ ត្រីមាសទី២ ឆ្នាំ២០២២ វាចាប់ផ្តើមផ្តល់សញ្ញាវិជ្ជមានឡើងវិញហើយ ហើយវានឹងបន្តកើនឡើងទៀតនៅក្នុងត្រីមាសទី៣ និងទី៤ ប៉ុន្តែវានឹងមិនមានកំណើនខ្ពស់ទេ ដោយវាកំពុងស្ថិតក្នុងដំណាក់កាល Recovery។ បើតាមការលើកឡ់ងរបស់ អ្នកនាង គឹម គិនកេសា នាយិការងផ្នែកស្រាវជ្រាវ និងប្រឹក្សាយោបល់នៅក្រុមហ៊ុន CBRE Cambodia បានប្រាប់ភ្នំពេញប៉ុស្តិ៍ និងបានបញ្ជាក់ថា បច្ចុប្បន្ន ទីផ្សារនេះពឹងផ្អែកលើអ្នកក្នុងស្រុកច្រើន ព្រោះចំនួននៃការមកដល់របស់ជនបរទេសនៅមានកម្រិតទាបនៅឡើយ
លោក សំ សុខនឿន ប្រធានសមាគមអចលនទ្រព្យសកល ក៏បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ទោះបីវិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានដំណើរការល្អដូចមុនអំឡុងពេលពិភពលោកជួបនឹងវិបត្តិបណ្តាលមកពីជំងឺកូវីដ-១៩ ប៉ុន្តែទីផ្សារនេះចាប់ផ្តើមកម្រើកឡើងវិញជាបណ្តើរៗហើយ។ លោក បានបន្តថា បើនិយាយពីទីផ្សារខុនដូនៅពេលនេះ គឺមានអ្នកទិញតែប្រជាជនក្នុងស្រុកប៉ុណ្ណោះ ដោយសារទីផ្សារគោលដៅភាគច្រើនជាជនបរទេស ដូច្នេះទីផ្សារនេះនៅត្រូវការពេលបន្ថែមទៀតដើម្បីដំណើរការល្អឡើងវិញ។
នៅក្នុងឆមាសទី១ ឆ្នាំ២០២២ ក្រសួងរៀបចំដែនដី បានអនុម័តលើគម្រោងសាងសង់សរុប ២,០០០គម្រោង ដែលមានផ្ទៃក្រឡាសំណង់ ២,៨៥៩,៨៧៧ម៉ែត្រការ៉េ និងមានទុនវិនិយោគ ១,២០៦លានដុល្លារ។ តាមទិន្នន័យចុងក្រោយបំផុតរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឱ្យដឹងថា ចំនួនអគារខ្ពស់ៗ ចាប់ពី ៥ជាន់ឡើង នៅទូទាំងប្រទេសមានចំនួន ២,៤៧២អគារ ចំណែកបុរីលំនៅឋាន និងបណ្ដុំលំនៅឋានមានលក្ខណៈជាបុរី មានចំនួន ៤៨២គម្រោង៕
ដោយ៖ មឿន ឌីណា (Moeun Dyna)