ភ្នំពេញ៖ ក្រុមហ៊ុនPropnex Cambodia បានទទួលសិទ្ធិលក់ផ្ដាច់មុខ ពីក្រុមហ៊ុនអភិវឌ្ឈន៍អចលនទ្រព្យដ៏ធំរបស់ប្រទេសចិន JOVAN Group ក្នុងការលក់បុរី JOVAN CITY។ ការទទួលបានសិទ្ធិនេះ ត្រូវបានចុះហត្ថលេខាផ្ដល់និងទទួល ធ្វើឡើងកាលពីថ្ងៃ២៣ ខែកក្កដា ឆ្នាំ២០២២។
លោក Alan Neo នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Propnex Cambodia និង លោកស្រី Liu Yujiao នាយិកាផ្នែកលក់ និងទីផ្សារនៃក្រុមហ៊ុន JOVAN East Asia ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន JOVAN Group បានចុះបញ្ជីនៅផ្សារហ៊ុនទីក្រុងហុងកុង បានចុះហត្ថលេខា ដោយមានការចូលរួមជាអធិបតីពីលោក Kong Jian Ming ប្រធានក្រុមហ៊ុន JOVAN Group និងភ្ញៀវកិត្តិយសជាច្រើនទៀត។
លោក Kong Jian Ming ប្រធានក្រុមហ៊ុនJOVAN Group បានថ្លែងឱ្យដឹងថា ក្រុមហ៊ុន JOVAN Group បានទិញដី ១៤០ហិកតា ដែលមានតម្លៃលើទីផ្សារ ២០០លានដុល្លារ ហើយបើបូកបញ្ចូលថ្លៃសំណង់ និងការអភិវឌ្ឍនានាក្នុងបុរីនេះ គំរោងវិនិយោគ JOVAN CITY គ្រោងចំណាយទឹកប្រាក់សរុប ៨០០លានដុល្លារ បន្ថែមទៀត។
គោលដៅនៃការវិនិយោគរបស់ JOVAN Group នៅកម្ពុជា គឺដើម្បីចូលរួមលើកកម្ពស់វិស័យលំនៅដ្ឋាន និងជីវភាពរបស់ប្រជាពលរដ្ឋកម្ពុជាកាន់តែប្រសើរឡើង។ បើតាមការថ្លែងរបស់ លោក Kong Jian Ming បានលើកឡើងថា ជាមួយនឹងទស្សនទាននៃការអភិវឌ្ឍ ដើម្បីលើកកម្ពស់វិស័យលំនៅដ្ឋាននៅកម្ពុជា ឱ្យមានភាពទំនើប ស៊ីវិល័យ និងផាសុកភាព និងលើកកម្ពស់សេដ្ឋកិច្ចកម្ពុជាបានធ្វើឱ្យយើងគិតពីគុណភាពជាចម្បង ជាមួយនិងឌីហ្សាញលំនៅដ្ឋានទំនើបទាន់សម័យ និងផ្តោតលើបរិស្ថានបៃតង ពិសេសការរៀបចំ Landscape ដ៏ប្រណីតផងដែរ។
លោក បានគូសបញ្ជាក់ថា ការសម្រេចចិត្តជ្រើសរើសក្រុមហ៊ុន PropNex Cambodia ដើម្បីទទួលបានសិទ្ឋលក់ផ្តាច់មុខ របស់គម្រោង JOVAN CITY គឺដោយសារក្រុមហ៊ុននេះ ជាក្រុមហ៊ុនជាប់លំដាប់ថ្នាក់លេខ១ និងបានចុះបញ្ជីរក្នុងផ្សារហ៊ុននៅប្រទេសសិង្ហបុរី និងជាក្រុមហ៊ុនមានគុណវុឌ្ឍិគ្រប់គ្រាន់ដែលនឹងចូលរួមលើកកម្ពស់កេរ្តិ៍ឈ្មោះ និងជម្រុញការលក់បុរីនេះ ឱ្យទទួលបានជោគជ័យ។
មុនសហការជាមួយក្រុមហ៊ុន JOVAN ក្រុមហ៊ុនPropNex Cambodia បានសិក្សាទៅលើប្រវត្តិ និងសកម្មភាពវិនិយោគនានា របស់ក្រុមហ៊ុន JOVAN Group ដែលមានមូលដ្ឋាននៅប្រទេសចិន និងចុះបញ្ជីផ្សារហ៊ុននៅទីក្រុងហុងកុង។ បើតាការថ្លែងរបស់ លោក Alan Neo នាយកប្រតិបត្តិក្រុមហ៊ុន PropNex Cambodia។
ក្រុមហ៊ុន Propnex មានកិត្តិយស ដែលបានសហការជាមួយក្រុមហ៊ុន JOVAN ដែលបានមកវិនិយោគ លើការអភិវឌ្ឍលំនៅដ្ឋាន ដើម្បីលើកកម្ពស់ទីផ្សារលំនៅដ្ឋាន ឱ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត។ បើតាមការលើកឡើងបន្តរបស់ លោក Alan Neo៕
ប្រភព៖ propertyarea.asia
ដោយ៖ មឿន ឌីណា (Moeun Dyna)