
ភ្នំពែញ៖ ព្រៃឡង់មានផ្ទៃដីទំហំ ៤៣១៦៨៣ហិកតា គ្របដណ្តប់ក្នុងភូមិសាស្ត្រខេត្តចំនួន៤ រួមមាន៖ ខេត្តក្រចេះ ស្ទឹងត្រែង ព្រះវិហារ និងកំពង់ធំ។ បើតាមទំព័រហ្វេសប៊ុកក្រសួអបរិស្ថាន។
ខេត្តឧត្តរមានជ័យ មានតំបន់ការពារធម្មជាតិចំនួន៣ មានផ្ទៃដីសរុប ១៩១.៤០៣ហិកតា ក្នុងនោះរួមមាន៖ ដែនជម្រកសត្វព្រៃសង្ឃរុក្ខាវ័នមានផ្ទៃដីទំហំ ៣០.២៥៤ហិកតា តំបន់ការពារទេសភាពបន្ទាយឆ្មារមានផ្ទៃដីទំហំ ៣៨.៥០៦ហិកតា និងដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព ១២២.៦៤៣ហិកតា ព្រមទាំងរបៀងអភិរក្សជីវចម្រុះឧត្តរមានផ្ទៃដីទំហំ ៣៧.៦៩៦ហិកតា។ បើតាមក្រសួងបរិស្ថាន។

កម្ពុជា បានលក់ឥណទាននៅលើទីផ្សារស្ម័គ្រចិត្តនៅតំបន់ដែនជម្រកសត្វព្រៃកែវសីម៉ា និងតំបន់ជួរភ្នំក្រវាញ។ ជាមួយគ្នានេះ កម្ពុជា ក៏កំពុងអនុវត្តគម្រោងឥណទានកាបូននៅតំបន់ដែនជម្រកសត្វព្រៃព្រៃឡង់នៅ ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង ហើយបាននិងកំពុងរៀបចំនីតិវិធីលើការលក់ឥណទានកាបូននៅតំបន់ផ្សេងទៀត។

ដែនជម្រកសត្វព្រៃផ្សេងទៀតក្នុងខេត្តព្រះវិហារ រតនគិរី និងមណ្ឌលគិរី ស្ទឹងត្រែង បាននិងកំពុងដំណើរការនីតិវិធីរៀបចំលក់ឥណទានកាបូនលើទីផ្សារ អន្តរជាតិ។ ព្រៃស្រោងក្នុងតំបន់ជួរភ្នំក្រវាញក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ និងខេត្តកោះកុង វាជាកម្រាលព្រំបៃតងនៃព្រៃទាក់ទាញទឹកភ្លៀងធំជាងគេនៅអាស៊ីអាគ្នេយ៍ ហើយតំបន់នេះក៏ស្ថិតក្នុងការលក់ឥណទានកាបូនក្នុងទីផ្សារស្ម័គ្រចិត្តអន្តរជាតិដែរ។

កម្ពុជាបានកំណត់នូវទិសស្លោក «ថែរក្សាឈើឈរដើម្បីរកចំណូល» ដែលក្នុងនោះរួមមានការលក់ឥណទានកាបូន និងទេសចរណ៍ធម្មជាតិ។ ជាមួយគ្នានេះ ប្រទេសកម្ពុជាប្ដេជ្ញាទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើឱ្យបានពាក់កណ្ដាលនៅឆ្នាំ២០៣០ និងឈានទៅសម្រេចបាននូវការបញ្ចេញឧស្ម័នកម្រិតសូន្យក្នុងវិស័យព្រៃឈើនៅឆ្នាំ២០៤០។ កម្ពុជា ប្តេជ្ញាសម្រេចឱ្យបាននូវអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។

លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានជំរុញមន្ត្រីនៃមន្ទីរបរិស្ថាន មន្ត្រីឧទ្យានុរក្ស សហគមន៍តំបន់ ការពារធម្មជាតិ និងអាជ្ញាធរពាក់ព័ន្ធបន្តរួមសហការគ្នាឱ្យកាន់តែខ្លាំងបន្ថែមទៀតដើម្បីបង្កើនប្រសិទ្ធភាពក្នុងការការពារនិងអភិរក្សដែនជម្រក សត្វព្រៃសង្ឃរុក្ខវ័ន ក៏ដូចជាតំបន់ការ ពារធម្មជាតិ និងរបៀងអភិរក្សចម្រុះរបស់កម្ពុជា។

ការថ្លែងជំរុញរបស់ លោក សាយ សំអាល់ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២ ក្នុងឱកាសដែល លោក ចុះពិនិត្យការងារគ្រប់គ្រងធនធានធម្មជាតិ និងជីវៈចម្រុះនៅក្នុងតំបន់ការពារធម្មជាតិក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យក្នុងនោះរួមមានដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព និងដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័ន។

លោក សាយ សំអាល់ បានគូសបញ្ជាក់ថា ការអភិរក្សធនធានធម្មជាតិបានគង់វង្សត្រូវផ្សារភ្ជាប់នឹងការបង្កើតសេដ្ឋកិច្ច នៅមូលដ្ឋានតាមរយៈការលើក ស្ទួយជីវភាពសហគមន៍ ដោយការជំរុញលើការចិញ្ចឹមសត្វ ការអភិវឌ្ឍទេសចរណ៍ធម្មជាតិ និងកត្តារួមផ្សំផ្សេងៗ។

ទាក់ទងទៅនឹងអភិរក្សចម្រុះនេះដែរ លោក អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងឱ្យដឹងថា បច្ចុប្បន្ន នៅក្នុងប្រទេសកម្ពុជា ដំរីអាស៊ីមានចំនួនប្រមាណចន្លោះ ពី៤០០ ទៅ ៦០០ក្បាល ដែលភាគច្រើនរស់នៅក្នុងតំបន់ជួរ ភ្នំក្រវាញ តំបន់ខ្ពង់រាបខាងជើងទន្លេសាប និងតំបន់ទេសភាពខ្ពង់រាបភាគខាងកើត ដែលជាតំបន់ជីវៈចម្រុះដ៏សម្បូរបែប ប្រព័ន្ធអេកូទ្បូស៊ី និងមានទីជម្រាលអំណោយផលដល់ការរស់នៅរបស់សត្វដំរី និងសត្វព្រៃផ្សេងៗទៀត។

ក្នុងកម្មវិធីសមោសរប្រមូលមូលនិធិរបស់សមាគមអៃរាវត្តា កាលពីថ្ងៃទី១២ កុម្ភៈ ២០២២ លោក អ៊ាង សុផល្លែត បានថ្លែងបន្តឱ្យដឹងថា ចំណែកដំរីស្រុក ត្រូវបានប៉ាន់ស្មានថា មានចំនួនជាង ៧០ក្បាល តែប៉ុណ្ណោះ ដែលទាមទានូវការការពារ និងអភិរក្ស។

លោក បានថ្លែងឱ្យដឹងទៀតថា ក្រសួងបរិស្ថានបានបង្កើតតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ ដែលគ្របដណ្ដប់លើផ្ទៃដីជាង ៧,៣លានហិកតា នៃផ្ទៃដីប្រទេសកម្ពុជា ដែលក្លាយជាទីជម្រកសម្រាប់សត្វព្រៃគ្រប់ប្រភេទ ជាពិសេសសត្វដំរី ដែលត្រូវការទីជម្រកដែលមានផ្ទៃដីធំ និងមានប្រភពចំណីជាដើម៕

ដោយ៖ មឿន ឌីណា (Moeun Dyna)