ភ្នំពេញ៖ គិតត្រឹមថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ ដំណាំស្រូវនៅខេត្តចំនួន៤ គឺបន្ទាយមានជ័យ កណ្តាល ពោធិ៍សាត់ និងខេត្តសៀមរាប បានបន្តរងផលប៉ះពាល់ និងខូចខាតដោយគ្រោះរាំងស្ងួត ដែលមានផ្ទៃដីដំណាំស្រូវខូចខាតសរុបចំនួន ១០,៥៥៣ហិកតា និងស្តារបានចំនួន ២,៣៧៦ហិកតា។ បើតាមរបាយការណ៍របស់ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ។
នៅក្នុងរបាយការណ៍របស់ លោក រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានបញ្ជាក់ឱ្យដឹងថា ដំណាំស្រូវដែលទទួលរងផលប៉ះពាល់សរុបចំនួន ៦៧,៩៤២ហិកតា ស្មើនឹង ២,៥៦ភាគរយ នៃផ្ទៃដីដំណាំស្រូវអនុវត្តបានទូទាំងប្រទេស។
បើតាមរបាយការណ៍របស់ លោក វេង សាខុន បានបន្តឱ្យដឹងថា ល្បឿនការងារបង្កបង្កើនផលស្រូវរដូវវស្សាឆ្នាំ២០២១ ក្នុងនោះ ១.ការងារដាំដុះ៖ លទ្ធផលភ្ជួររាស់រៀបចំដីសម្រេចបានចំនួន ២,៧០១,១៨៩ហិកតា ក្នុងនោះ ភ្ជួររាស់ដោយគោក្របីចំនួន ១៦,២៦១ហិកតា ស្មើនឹង ០,៦០ភាគរយ និងដោយគ្រឿងយន្តចំនួន ២,៦៨៤,៩២៨ហិកតា ស្មើនឹង ៩៩,៤០ភាគរយ លើសឆ្នាំមុន ១២៩,៤៤៩ហិកតា។
ជាមួយគ្នា លទ្ធផលស្ទូងនិងព្រោះសម្រេចបានចំនួន ២,៦៥៨,៧៥៦ហិកតា ស្មើនឹង ១០១,៩០ភាគរយ នៃផែនការ ២,៦០៩,០៦៥ហិកតា លើសឆ្នាំមុន ២០៦,៨៧០ហិកតា និងស្រូវតាមប្រភេទរួមមាន៖ - ស្រូវស្រាលចំនួន ៨៩០,៦៤៥ហិកតា លើសឆ្នាំមុន ១៧៩,៦០០ហិកតា - ស្រូវកណ្ដាលចំនួន ១,២៨៩,៧៦២ហិកតា លើសឆ្នាំមុន ២៧,០៧៦ហិកតា - ស្រូវធ្ងន់ចំនួន ៤៣៦,០៩១ហិកតា លើសឆ្នាំមុន ៩,៨៦៥ហិកតា - ស្រូវចម្ការចំនួន ១៩,៦១២ហិកតា លើសឆ្នាំមុន ១,១១៦ហិកតា - ស្រូវទ្បើងទឹកចំនួន ២២,៦៤៦ហិកតា តិចជាងឆ្នាំមុន ១០,៧៨៧ហិកតា។
២.ល្បឿនការងារប្រមូលផលស្រូវស្រាលដើមរដូវវស្សាឆ្នាំ២០២១៖ សម្រេចបានចំនួន ៣០២,៣៣៧ហិកតា លើផ្ទៃដីអនុវត្តស្រូវស្រាលសរុប ៨៩០,៦៤៥ហិកតា ដោយទទួលបានបរិមាណផលសរុបចំនួន ១,២៦៧,៧៩១តោន លើសឆ្នាំមុន ៧៨៩,១៥១តោន។ ទិន្នផលគិតជាមធ្យម ៤,១៩៣តោនក្នុងមួយហិកតា។
បើតាមរបាយការណ៍ដដែលបានបន្ថែមឱ្យដឹងថា ល្បឿនការងារបង្កបង្កើនផលដំណំាសាកវប្បកម្មនិងដំណំាឧស្សាហកម្មរដូវវស្សាឆ្នាំ២០២១រួមមានដូចខាងក្រោម៖
១.ផ្ទៃដីដំណំាសាកវប្បកម្ម (ពោតស ដំឡូងជ្វា បន្លែគ្រប់មុខ ម្ទេស ឪឡឹក) អនុវត្ដបានចំនួន ៥១,៥៣៧ហិកតា ស្មើនឹង ៩៥,៦៦ភាគរយ នៃផែនការ ៥៣,៦៨៦ហិកតា តិចជាងឆ្នាំមុន ១៦៥ហិកតា។
២.ផ្ទៃដីដំណំាឧស្សាហកម្ម (ពោតក្រហម ដំឡូងមី សណ្តែកបាយ សណ្តែកដី សណ្តែកសៀង ល្ង អំពៅ ក្រចៅ ឈូក) អនុវត្ដបានចំនួន ៧៦៦,៣៧៥ហិកតា ស្មើនឹង ៩៣,៤៦ភាគរយ នៃផែនការ ៨១៩,៩៨៩ហិកាតា លើសឆ្នាំមុន ៧,៩៤៤ហិកាតា។
រហូតមកដល់សប្តាហ៍ទី៣ ក្នុងខែសីហានេះ ស្ថានភាពការងារបង្កបង្កើនផលដំណាំស្រូវរដូវវស្សាមានសភាពលឿនជាងឆ្នាំមុនដោយសម្រេចបាន ២,៦៥៨ ៧៥៦ហិកតា ស្មើនឹង ១០១,៩០ភាគរយ នៃផែនការដាំដុះ ដែលឆ្នាំមុនសម្រេចបានតែ ៩៤,៧៤ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នា។ បើតាមការញ្ជាក់ នៅក្នុងរបាយការណ៍របស់ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)