
ផ្លូវល្បឿនលឿន (Expressway) ភ្នំពេញ-ព្រះសីហនុ ដែលជាតំបន់សក្តានុពលពាណិជ្ជកម្ម និងទេសចរណ៍ ជាប់ឆ្នេរសមុទ្រ នឹងអាចបញ្ចប់ការសាងសង់មុនកាលកំណត់ ដោយគ្រោង នឹងដាក់ឱ្យដំណើរការនៅចុងឆ្នាំ២០២២ បច្ចុប្បន្ន ដំណើរការផ្លូវល្បឿនលឿន កំពុងធ្វើការយ៉ាងសកម្មលើការសាងសង់។

កាលពីពេលថ្មីៗនេះ គម្រោងនេះ ក៏ទើបតែបានចាប់ផ្ដើមក្រាលកៅស៊ូបេតុងអាស្វាល់ជាផ្លូវការដែរ។ កៅស៊ូបេតុងអាស្វាល់នេះទៀតសោត ជាប្រភេទកៅស៊ូជាប់បានល្អ ឬហៅថា ATB-25 ដោយការងារបានចាប់ផ្ដើមក្រោយវិស្វករបញ្ចប់ការក្រាលផ្នែកសាកល្បងជាស្ថាពរកាលពីខែមីនា កន្លងទៅ។
ដំណើរការសាងសង់គម្រោងនេះ នៅតែបន្តដោយរលូន ទោះមានការបិទខ្ទប់ និងវិបត្តិកូវីដក៏ដោយ និងសម្រេចបានប្រមាណ ៥០ភាគរយ ហើយ។ បើតាមមន្រ្តីជាន់ខ្ពស់ក្រសួងដឹកជញ្ជូនបានថ្លែងឱ្យដឹងកាលពីដើមខែនេះ បានបញ្ជាក់ យ៉ាងណាមិញ អំឡុងសាងសង់ក្រុមហ៊ុន បានជួបនូវបញ្ហាជាច្រើនដែរដូចជាបញ្ហាអាកាសធាតុ ព្រោះជារដូវវស្សាកត្តាភូមិសាស្ត្រដែលឡើងចុះភ្នំតាមជ្រលង ដងអូរ ស្ទឹង ជ្រលងភ្នំ និង ការផ្គត់ផ្គង់ ថ្ម ខ្សាច់ ជាដើម។

សូមរម្លឹកថា គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ មានប្រវែង ១៩០គីឡូម៉ែត្រ បានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ តម្លៃ ២ពាន់លានដុល្លារ។ សាងសង់ដោយក្រុមហ៊ុន Cambodian PPSHV Expressway Co., Ltd ដោយប្រើរយៈពេលសាងសង់ ៤៨ខែ៕
ដោយ៖ Moeun Dyna