Register Already an agent ? Login

រដ្ឋាភិបាល បានសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយឈ្ន-ឈ្នះនៅខេត្តកោះកុង លើផ្ទៃដីជាង ២០០ហិកតា

កោះកុង៖ ការដ្ឋានសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ-ឈ្នះ នៅខេត្តកោះកុង ដែលបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ លើផ្ទៃដីទំហំ ២១៦ហិកតា រហូតមកដល់ពេលនេះ បានចាក់គ្រឹះជើងតាងរួចរាល់ ១០០ភាគរយហើយ។ បើតាមរដ្ឋបាលខេត្តកោះកុង។

សម្ដេច ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ ដែលបានដឹកនាំមន្រ្តីក្រោមឱវាទ និងអមដំណើរដោយអភិបាលខេត្តកោះកុង ចុះពិនិត្យការដ្ឋានខាងលើ កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ បានថ្លែងថា បន្ទាប់ពីសាងសង់ហើយស្តូបឈ្នះ-ឈ្នះ នេះរួចហើយ ទីនេះនឹងក្លាយជាសំណង់ប្រវត្តិសាស្ត្រ នៅក្នុងខេត្តកោះកុង និងជាតំបន់សិក្សាស្រាវជ្រាវ ប្រវត្តិសាស្ត្រ ដែលទាក់ទងទៅនឹងនយោបាយឈ្នះ-ឈ្នះ នៅក្នុងខេត្តនេះ ហើយក៏ជាតំបន់ទេសចរណ៍ វប្បធ៌ម និងសាសនា ផងដែរ។ បើតាមរដ្ឋបាលខេត្តកោះកុង។

ប្រធានគណៈកម្មការ សាងសង់វិមានឈ្នះ ឈ្នះ ខេត្តកោះកុង សម្ដេច ទៀ បាញ់ បានថ្លែងបន្ត ការកសាងស្តូបវិមានឈ្នះ-ឈ្នះ គឺទុកសម្រាប់រម្លឹក នៃការដឹងគុណរបស់យុទ្ធមិត្ត ដែលបានបូជាជីវិត ដើម្បីបុព្វហេតុជាតិមាតុភូមិ នៃកម្ពុជា និងទុក សម្រាប់ឱ្យកុលបុត្រកុលធីតាជំនាន់ក្រោយ បានយល់ពីការបូជាការលះ បង់ជីវិតដើម្បីជាតិ។ មួយវិញទៀតសំណង់ និងប្រព័ន្ធដែលកំពុងអភិវឌ្ឍនេះ ក្លាយទៅជាសំណង់ប្រវត្តិសាស្ត្រជាតិ រាប់រយឆ្នាំជាកេរ្តិ៍មរតក សម័យតេជោសែន សម្រាប់មនុស្សជាតិគ្រប់ជំនាន់ នៅលើទឹកដីកម្ពុជា នាទិសនារតីនេះ។

សម្ដេច ក៏បានជំរុញឱ្យក្រុមការងារ ស្រាវជ្រាវតំបន់ប្រវត្តិសាស្ត្រយោធាបន្តកិច្ចការស្រាវជ្រាវ និងសម្ភាសបន្តទៀតដើម្បីប្រមូលផ្តុំនូវតឹងតាងនានា ដើម្បីតំកល់ទុកនៅស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ នៅខេត្តកោះកុង។

កម្លាំងកងវិស្វកម្មលេខ១៧៨ ស្ពាន ថ្នល់ បានរៀបចំប្រព័ន្ធផ្លូវថែទាំ និងជួសជុលផ្លូវនានា រៀបចំការិយាល័យប្រចាំការដ្ឋាន រៀបចំប៉ុស្ដ៍យាម ដងទង់ជាតិ និងប្រព័ន្ធបញ្ចៀសទឹកភ្លៀងក្នុងការដ្ឋាន ដាំដើមឈើលំអរមុខផ្ទាំងប៉ាណូ ប៉ុស្ដ៍យាម និងការិយាល័យ។ បើតាមរដ្ឋបាលដដែល ថា កម្លាំងកងវិស្វកម្មលេខ១៧៨ បានរៀបចំប្រព័ន្ធផ្លូវចំនួន ៥ខ្សែ ដោយជួសជុលផ្លូវចាស់បានចំនួន ២ខ្សែ និងបង្កើតផ្លូវថ្មីបាន ៣ខ្សែ។

រដ្ឋបាលខេត្តបានបន្តឱ្យដឹងថា នៅលើកំពូលភ្នំ ជាទីតាំងសាងសង់ស្តូប ឈ្នះ-ឈ្នះ ដែលជាចំនុចខ្ពស់ អាចមើលឃើញទិដ្ឋភាពក្រុងខេមរភូមិន្ទ ទីរួមខេត្តកោះកុង និងផ្ទៃសមុទ្រដ៏ធំល្វឹងល្វើង។ ការដ្ឋាននេះ ស្ថិតនៅមុខអាស្រមលោកយាយម៉ៅ ជាប់ផ្លូវជាតិលេខ៤៨ ក្នុងភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរៈភូមិន្ទ ខេត្តកោះកុង៕

ដោយ៖ Moeun Dyna