កោះកុង៖ ប្រជាពលរដ្ឋ រស់នៅក្នុងក្រុងខេមរភូមិន្ទ បានសម្តែងនូវការពេញចិត្តជាខ្លាំង នៅពេលទទួលបាន ផ្លូវបេតុង ប្រភេទអេស៊ីថ្មីប្រវែងជាង ៣គីឡូម៉ែត្រ ដែលជាគម្រោងអភិវឌ្ឍន៍ រដ្ឋបាលខេត្តកោះកុង សម្រាប់ឆ្នាំ២០២០។ ផ្លូវនេះ ជាការបង្កការងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅមកទាំងពេលយប់ និងពេលថ្ងៃ ក្នុងក្រុងខេមរភូមិន្ទ ជំនួសឱ្យផ្លូវចាស់ រងការខូចខាតទ្រុឌទ្រោម។ បើតាមរដ្ឋបាលខេត្តកោះកុង។
ប្រធានមន្ទីរសាធារណការ និងដឹកជញ្ចូនខេត្តកោះកុង លោក អន ដាវុធ បានថ្លែងឱ្យដឹងថា គិតតាំងពីថ្ងៃទី២៩ ខែធ្នូ ២០២០ ដល់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ សកម្មភាពការងារយ៉ាងមមាញឹកអ៊ុតផ្លូវបេតុង AC ដ៏ថ្មីសន្លាងនៅក្នុងទីរួមខេត្ត សម្រេចជិតរួចរាល់ហើយ នៅសេសសល់បន្តិចបន្តួចប៉ុណ្ណោះស្ថិតក្នុងគម្រោងអភិវឌ្ឍន៍ថវិការបស់រដ្ឋបាលខេត្ត រីឯមន្ទីរសាធារណការ និងដឹកជញ្ជូនជាអ្នកទទួលខុសត្រូវស្ថាបនាឡើង។
គម្រោងទី១ នៃការអនុវត្តអ៊ុតផ្លូវបេតុងAC ខាងលើមានកម្រស់ ០,០៦ម៉ែត្រ ដោយផ្តើមចេញពីផ្លូវកែង កងរាជអាវុធហត្ថខេត្ត រហូតដល់ផ្លូវកែងផ្សារដងទង់។ ជាថ្លេងបន្តរបស់ លោក អន ដាវុធ ថា ការងារស្ថាបនាផ្លូវបេតុងACនេះ ជាគម្រោងអភិវឌ្ឍន៍នៅឆ្នាំ២០២០ ក្នុងគោលបំណងដើម្បីលើកកម្ពស់សុខសុវត្ថិភាពចរារណ៍ធ្វើដំណើរ ព្រមទាំងដឹកជញ្ចូនទំនិញពាណិជ្ជកម្មខ្នាតតូច ទៅមករបស់ប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើង។
បើតាមលោក អន ដាវុធ បានឱ្យដឹងបន្តទៀតថា ក្រោយបញ្ចប់គម្រោងទី១ ក្រុមការងារជំនាញ នឹងបន្តអនុវត្តគម្រោងទី២ ប្រវែង ២គីឡូម៉ែត្របន្តទៀត ស្ថិតនៅភូមិ៤ សង្កាត់ដងទង់ ចាប់ពីចំណុចកែងផ្ទះ លោកស្រី អភិបាលខេត្ត រហូតដល់កែងផ្លូវសេរីការ ដែលក្រុមហ៊ុន ម៉ៅការ សាងសង់ផ្សេងអនុវត្ត។
បើតាមរដ្ឋបាលខេត្តថា ជាមួយនឹងការទទួលបានផ្លូវបេតុងថ្មីនេះ ប្រជាពលរដ្ឋនិងអាជីវករ បានសម្តែងនូវក្តីពេញចិត្ត មានផ្លូវស្អាតល្អ បើធៀបនឹងពេលមិនទាន់កែលម្អថ្មី។ នៅពេលមិនទាន់អ៊ុតកៅស៊ូ ស្ថានភាពផ្លូវ មានរងការខូតខាត ជាអន្អើជាច្រើនកន្លែង នាំឱ្យពិបាកធ្វើដំណើរ និងប្រឈមគ្រោះថ្នាក់ផ្សេងៗផងដែរ។
ទោះបីជាការស្ថាបនាផ្លូវបេតុងAC មានតិចតួចក្តី តែពួកគាត់រំពឹងថា រដ្ឋបាលខេត្ត និងមន្ទីរជំនាញពាក់ព័ន្ធ នឹងបន្តស្ថាបនាកែលម្អ បណ្តោយផ្លូវផ្សេងៗទៀត ដើម្បីសុវត្ថិភាព និងរក្សគុណភាពផ្លូវគង់វង្សយូរអង្វែង ប្រជាពលរដ្ឋក៏ស្នើដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ និងកុំលក់ដូរបំពាន លើចិញ្ចើមផ្លូវ ឬដឹកទំនិញលើសកំណត់ជាដើម។
រដ្ឋបាលខេត្តកោះកុង បានបញ្ចេញថវិកាសម្រាប់ដំណើរការស្ថាបនា ផ្លូវអ៊ុតបេតុងAC ប្រវែង ១.៥០០ម៉ែត្រ និងទទឹង ២០ម៉ែត្រ នៅក្នុងសង្កាត់ស្មាច់មានជ័យ និងសង្កាត់ដងទង់ បច្ចុប្បន្នសម្រេចបានស្ទើរតែ ១០០ភាគរយហើយ សំដៅដល់ការលើកកម្ពស់ សុវត្ថិភាពចរាចរណ៍៕
ដោយ៖ Moeun Dyna