Register Already an agent ? Login

ជំងឺកូវីដ-១៩ ក្នុងឆ្នាំ២០២០ ធ្វើឱ្យការដ្ឋានសំណង់នៅខេត្តព្រះសីហនុជាង ១០០០កន្លែងត្រូវផ្អាកដំណើរការ

ព្រះសីហនុ៖ ជំងឺសកល រយៈពេលពេញ១ឆ្នាំ២០២០ ធ្វើឱ្យប៉ះពាល់ដល់ការដ្ឋានសំណង់ជាង ១០០០កន្លែងត្រូវផ្អាកដំណើរ។ បើតាមការថ្លែងឱ្យដឹងពី លោក ឃាង ភារម្យ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ បន្តថា ប៉ុន្តែកាដ្ឋានសំណង់ប្រមាណ៩០កន្លែង ដែលជាការវិនិយោគរបស់ជនជាតិខ្មែរ គឺនៅដំណើរការ។

នៅក្នុងខេត្តព្រះសីហនុ មានផលប៉ះពាល់ខ្លាំងមែនទែន ដោយភាគច្រើនប៉ះពាល់ជាមួយនឹងវិនិយោគិនបរទេស ដែលក្នុងនោះចិនច្រើនជាងគេ។ បើតាមការបញ្ជាក់របស់ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសូហនុ លោក ឃាង ភារម្យ បន្តថា នៅពេលស្ថានភាពជំងឺនេះអាចគ្រប់គ្រងបាននៅទូទាំងពិភពលោក ប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍អាចធ្វើដំណើរឡើងវិញ ជឿថាសេដ្ឋកិច្ចខេត្តនេះនឹងមានភាពល្អប្រសើរឡើងវិញ។

អ្នកនាំពាក្យរូបនេះបានបន្តទៀតថា ក្នុងបរិបទនេះវាជាវិបត្តិសកល ដែលមិនមែនមានតែកម្ពុជាទេ ប៉ុន្តែវាបានជះឥទ្ធិពលច្រើនលើគ្រប់វិស័យ។ ជាក់ស្ដែងដូចជា វិស័យសំណង់ ក្នុងខេត្តព្រះសីហនុវិញ នៅក្នុងឆ្នាំ២០២០កន្លងទៅ ការសាងសង់សំណង់បានមានការថយចុះ ហើយសំណង់ដែលបានសាងសង់ទាំងអស់មានចំនួន ១,៥១៤ទីតាំង ក្នុងនោះមានសំណង់តែ ៨៩ទីតាំងទេ ដែលកំពុងដំណើរការ ក្រៅពីនេះបានផ្អាកការទាំងស្រុង។

បើតាម លោក ឃាង ភារម្យ បន្ថែមថា រយៈពេល៤ឆ្នាំចុងក្រោយនេះ គិតចាប់ពីឆ្នាំ២០១៧ ដល់ខែធ្នូ ឆ្នាំ២០២០ ខេត្តព្រះសីហនុ មានសំណង់សរុបបានអនុញ្ញាតឱ្យសាងសង់ មានចំនួន ១,៥១៤អគារ មានក្រឡាផ្ទៃសរុប១៤.៧៣៦.៥៥៩ម៉ែត្រការ៉េ និងទុនវិនិយោគសរុបជាង ៨ពាន់លានដុល្លារ។

ក្នុងករណីនេះ បើតាមអ្នកជំនាញអចលនទ្រព្យបានលើកឡើងថា ពិភពលោកជួបវិបត្តិនៃជំងឺកូវីដ-១៩ ធ្វើឱ្យបរទេសមិនអាចចេញចូលទៅណាដោយសេរីទេក្នុងការស្វែងរកការវិនិយោគ ហេតុនេះហើយវិនិយោគិនបរទេស ក៏ដូចជាវិនិយោគិនបរទេសចូលមកកម្ពុជា បានធ្លាក់ចុះបន្តបន្ទាប់ចាប់តាំងពីដើមឆ្នាំ២០២០.

ស្ថិតក្នុងជំងឺសកលនេះ គម្រោងសាងសង់ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ តម្លៃជាង ១៤០លានដុល្លារ នៅខេត្តព្រះសីហនុ មកទល់បច្ចុប្បន្ន សម្រេចបាន ៤៨ភាគរយ។ នេះបើតាមការថ្លែងឱ្យដឹងពី អភិបាលក្រុងព្រះសីហនុ លោកអ៊ី សុខឡេង នៅក្នុងសន្និសីទសារព័ត៌មានស្ដីពី វឌ្ឍនភាពមូលដ្ឋានឃុំ សង្កាត់ និងទិសដៅការងារបន្ត កាលពិថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១។

សូមរម្លឹកថា គម្រោងនេះកំពុងអនុវត្តដោយក្រុមហ៊ុន BUCG យោងតាមការសិក្សាផែនការមេ គម្រោងនេះនឹងត្រូវអនុវត្តជា ៣ដំណាក់កាល គឺ ៖ ទី១ ពីឆ្នាំ២០១៩-២០២១, ទី២ ពីឆ្នាំ២០២១-២០២៣ និងទី៣ ពីឆ្នាំ២០២៣-២០៣០។ ដោយឡែក ទុនវិនិយោគប៉ាន់ស្មានសម្រាប់ដំណាក់កាលទី១ ប្រមាណ ១៤៣លានដុល្លារ៕

ដោយ៖ Moeun Dyna