Register Already an agent ? Login

កោះតាឃួន នៅខេត្តស្ទឹងត្រែងកំពុងបង្អួតសម្រស់ទាក់ទាញទេសចរជាតិ និងអន្តរជាតិ នារដូវលំហើយ

ស្ទឹងត្រែង៖ កោះតាឃួន ជាកោះមួយក្នុងចំណោមកោះជាច្រើនទៀតនៅក្នុងសហគមន៍អេកូទេសចរណ៍សម្រស់កោះហាន ដែលស្ថិតនៅក្នុងភូមិជាំធំ ឃុំកោះស្នែង ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។

កោះតាឃួន មានចំងាយប្រមាណ២២គីឡូម៉ែត្រ ពីក្រុងស្ទឹងត្រែង តាមផ្លូវជាតិលេខ៧ ឆ្លងកាត់តាមស្ពានសេកុង និងអាចទៅតាមផ្លូវជាតិលេខ៩ ឆ្លងកាត់តាមស្ពានមេគង្គប្រមាណ២៥គីឡូម៉ែត្រ ដោយប្រើមធ្យោបាយដូចជា រថយន្ត ម៉ូតូ និងកាណូតជាដើម។

កោះនេះ មានទំហំទទឹងប្រមាណ ៧០ម៉ែត្រ និងមានបណ្តោយប្រមាណ ១០០ម៉ែត្រ ដែលមានឆ្នេរខ្សាច់ស្រស់ស្អាតលាតសន្ធឹងល្វឹងល្វើយគួរជាទីគយគន់ណាស់នៃសម្រស់ស្រស់ធម្មជាតិ ប្រៀបបានទៅនឹងបុប្ហាត្រូវទឹកសន្សើមរីកនាពេលព្រឹកព្រលឹមដូច្នេះដែរ។ ឆ្នេរខ្សាច់ មានរៀងជាថ្នាក់ៗ មានដើមជ្រៃតូចៗដុះជាគុម្ពដែលផ្តល់ជាម្លប់សម្រាប់ជាជម្រក មិនត្រឹមតែប៉ុណ្ណោះអ្នកទេសចរក៏អាចបោះតង់ និងរៀបចំកម្មវិធីផ្សេងបានផងដែរ។

ចំណែកទឹកទន្លេវិញ មានពណ៌ខៀវស្រងាត់ ជាមួយនឹងទឹកហូររឹមៗ ដែលមានជម្រៅរាក់ៗ ដែលអាចងូតទឹកលេងបានយ៉ាងសប្បាយ។ ម្យ៉ាងវិញទៀត នៅលើកោះបែបទេសចរណ៍ យើងក៏អាចមើលថ្ងៃលិចនៅពេលល្ងាច និងថ្ងៃរះនាពេល ព្រលឹមយ៉ាងស្រស់ស្អាត ហើយអាចមើលសត្វស្លាបទឹកជាច្រើនប្រភេទហិចហើរទាំងហ្វូងៗប្រជែងគ្នាចុះឡើង។

 បើក្រឡេកមើលពីសកម្មភាពនេសាទរបស់ប្រជាសហគមន៍ឯណោះវិញកំពុងរវៀសរវៃ ម្នីម្នាធ្វើការផ្សេងៗ។ ហើយនៅលើកោះក៏មានការដាំដំណាំមួយចំនួនផងដែររបស់ប្រជាសហគមន៍ដូចជា ដំណាំឪឡឹក ដែលពួកគាត់ទុកសម្រាប់ហូប និងលក់នៅលើទីផ្សារ៕

ដោយ៖ Moeun Dyna