ភ្នំពេញ៖ លទ្ធផលនៃការតាមដានសត្វក្រចកជើងចំពាមក្នុងចន្លោះឆ្នាំ២០១០-២០២០ នៅក្នុងដែនជម្រកសត្វព្រៃស្រែពក និងភ្នំព្រេច ទាំងពីរបានបង្ហាញថា ចំនួនសត្វទន្សោងបានធ្លាក់ចុះប្រមាណ ៧២ភាគរយ សត្វឈ្លូសប្រមាណ ៥២ភាគរយ និងសត្វជ្រូកព្រៃប្រមាណ ១៨ភាគរយ បើប្រៀបធៀបនឹងលទ្ធផលនៃការស្រាវជ្រាវនៅឆ្នាំ ២០១០-២០១១។ បើតាមរបាយការណ៍រួមគ្នារបស់ ក្រសួងបរិស្ថាន និងអង្គការ WWF។
របាយការណ៍ ក៏បានបង្ហាញដែរថាចំនួន សត្វរមាំង ខ្ទីង និងប្រើស មានកម្រិតតិចតួច ហើយនៅរាយប៉ាយដាច់ដោយឡែកពីគ្នានៅក្នុងតំបន់ទាំងពីរនេះ។
ការធ្លាក់ចុះនេះជាការក្រើនរំលឹកដល់យើងទាំងអស់គ្នា ប៉ុន្តែវាក៏ផ្តល់ជាឱកាសឱ្យយើងទាំងអស់គ្នាក្នុងការខិតខំបន្ថែមទៀត ដើម្បីទប់ស្កាត់និន្នាការនៃការធ្លាក់ចុះនេះ។ ជាលើកឡើងរបស់ លោក នេត្រ ភក្ត្រា ថា ស្ថានភាពការធ្លាក់ចុះអាចនឹងធ្ងន់ធ្ងរជាងនេះ ប្រសិនបើគ្មានការពង្រឹងការអនុវត្តច្បាប់ និងការគ្រប់គ្រងតំបន់ការពារយ៉ាងមឺងម៉ាត់នោះទេពីមន្ត្រីឧទ្យានុរក្សរបស់មន្ទីរបរិស្ថាន ខេត្តក្រសួងបរិស្ថាន ក្រុមល្បាតសហគមន៍ អាជ្ញាធរមូលដ្ឋាន និងបុគ្គលិកអង្គការ WWF ក្នុងការដើរល្បាត និងពង្រឹងការអនុវត្តច្បាប់ទាំងក្នុងនិងក្រៅតំបន់ការពារទាំងពីរ។
នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ ស្ដិពី ស្ថានភាពសត្វក្រចកជើងចំពាមនៅក្នុងដែនជម្រកសត្វព្រៃស្រែពក និងភ្នំព្រេច កាលពីថ្ងៃទិ១៥ ខែមករា ឆ្នាំ២០២១ រដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានលើកឡើងបន្តថា បើជាមានការធ្លាក់ចុះនូវពពួកសត្វក្រចកជើងចំពាមនៅក្នុងដែនជម្រកទាំងពីរ ចំនួនប្រភេទសត្វក្រចកជើងចំពាមមួយចំនួនបានកើនឡើង ឬស្ថិតក្នុងកម្រិតថេរនៅក្នុងដែនជម្រកសត្វព្រៃមួយចំនួនផ្សេងទៀត។
ស្ថានភាពដ៏អាក្រក់នេះមិនបានកើតឡើងតែក្នុងប្រទេសកម្ពុជានោះទេ ដោយសាររតែចំនួនសត្វព្រៃនៅលើសកលលោកទាំងសត្វរស់នៅលើដីនិងក្នុងទឹក ក៏បានធ្លាក់ចុះខ្លាំងបំផុតដល់ ៦៨ភាគរយ ជាមធ្យមក្នុងរយៈពេល ៥០ឆ្នាំចុងក្រោយនេះ បើគិតចាប់តាំងពីឆ្នាំ១៩៧០មក។ បើតាការលើកឡើងបន្តទៀតរបស់ លោក នេត្រ ភក្ត្រា បន្ថែមថា ការបរបាញ់ខុសច្បាប់ចាប់តាំងពីអតីតកាលមក ដល់ពលបច្ចុប្បន្ន បូកផ្សំនិងវិបត្តិអន្ទាក់ ដែលជម្រុញដោយការជួញដូរសត្វព្រៃខុសច្បាប់ សុទ្ធសឹងជាមូលហេតុចម្បងដែលបណ្តាលឱ្យសត្វក្រចកជើងចំពាមនៅដែនជម្រកសត្វព្រៃស្រែពក និងភ្នំព្រេចធ្លាក់ចុះយ៉ាងធ្ងន់ធ្ងរ។
អន្ទាក់គឺជាកត្តាគម្រាមកំហែងដ៏ចម្បងមួយចំពោះសត្វក្រចកជើងចំពាមនៅក្នុងដែនជម្រកទាំងពីរ ហើយក៏ជាមូលហេតុដែលធ្វើឱ្យចំនួនសត្វខ្លារខិនដែលជាប្រភេទស៊ីសាច់សត្វក្រចកជើងចំពាមទាំងនេះជាអាហារ ធ្លាក់ចុះដែរ។ ជាលើកឡើងរបស់ កញ្ញា Milou Groenenberg ប្រធានផ្នែកស្រាវជ្រាវ និងតាមដានជីវៈចម្រុះនៃអង្គការ WWF។
ប្រធានផ្នែកស្រាវជ្រាវរូបនេះបានបន្តថា បើទោះជារបាយការណ៍បានបង្ហាញពីស្ថានភាពធ្លាក់ចុះដ៏គួរឱ្យបារម្ភនេះក៏ដោយ ក្ដីសង្ឃឹមនៅតែមាននៅឡើយក្នុងការជួយសង្គ្រោះសត្វព្រៃទាំងនេះពីការផុតពូជ។ ប៉ុន្ដែប្រសិនបើគ្មានវិធានការអភិរក្សបន្ទាន់និងប្រកបដោយភាពច្នៃប្រឌិតថ្មីទេ ដើម្បីទប់ស្កាត់កត្ដាគម្រាមកំហែងចម្បងៗទាំងនេះទេ ជីវៈចម្រុះនឹងនៅតែបន្ដធ្លាក់ចុះបន្ដិចម្ដងៗ រហូតដល់អាចបាត់បង់ទាំងស្រុងតែម្តង។
វាមិនទាន់យឺតពេលនៅឡើយទេក្នុងការកែប្រែស្ថានភាពនេះ ប៉ុន្តែវាតម្រូវឱ្យពួកយើងធ្វើសកម្មភាពអភិរក្សរួមគ្នាជាបន្ទាន់ឥឡូវនេះ ដោយមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់។ បើតាមការលើកឡើងរបស់ លោក សេង ទៀក នាយកអង្គការ WWF បានបន្តថា គំហើញរបស់អ្នកវិទ្យាសាស្ត្រនៅក្នុងរបាយការណ៍នេះ បានបង្ហាញឱ្យឃើញនូវតម្រូវការនៃដំណោះស្រាយបន្ទាន់ និងថ្មីៗ ដើម្បីកែប្រែនូវអត្រានៃការធ្លាក់ចុះនេះ ខណៈពេលដែលកំពុងស្វែងរកការគ្រប់គ្រង ការប្រើប្រាស់ និងការបែងចែកធនធានធម្មជាតិឱ្យបានប្រសើរជាងនេះ៕
ដោយ៖ Moeun Dyna