Register Already an agent ? Login

ខេត្តព្រះសីហនុ បានចេញលិខិតសាងសង់សំណង់ជាង ១៥១៤គម្រោង លើផ្ទៃដីជាង ១លានម៉ែត្រការ៉េ ក្នុងទន់វិនិយោគ ៨ពាន់លានដុល្លារ រយៈពេល ៤ឆ្នាំ

ភ្នំពេញ៖ របាយការណ៍ការគ្រប់គ្រង និងអភិវឌ្ឍន៍សំណង់ អាជ្ញាធរខេត្តព្រះសីហនុ បានចេញលិខិតអនុញ្ញាតសាងសង់ ចាប់ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២០ គឺមានចំនួន ១៥១៤គម្រោង ដែលផ្ទៃក្រឡាសំណង់មានចំនួន ១៤ ៧៣៦ ៥៥៩ម៉ែត្រការ៉េ ដោយសរុបជាទុនវិនិយោគជាង ៨ពាន់លានដុល្លារ។ បើតាមការថ្លែងឱ្យដឹងពី លោក ឃាង ភារម្យ អ្នកនាំពាក្យ រដ្ឋបាលខេត្តព្រះសីហនុ នៅក្នុងសន្និសីទសារព័ត៌មានស្តីពី «វឌ្ឍនភាពមូលដ្ឋានឃុំ សង្កាត់ និងទិសដៅការងារបន្ត» កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១។

នៅក្នុងសន្និសីទខាងលើ ពាក់ព័ន្ធនឹងសំណង់នេះ លោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុ បានថ្លែងឱ្យដឹងថា ការគ្រប់គ្រងសំណង់ នៅក្នុងដែនសមត្ថកិច្ចក្រុង គឺអាចចេញលិខិតអនុញ្ញាតសាងសង ត្រឹម៥០០ម៉ែត្រការ៉េ ចុះក្រោម ហើយកម្ពស់មិនឱ្យលើសពី ៤ជាន់។

លោក អ៊ី សុខឡេងបានបន្តថា ដោយឡែកចាប់ពីផ្ទៃដី ៥០០ម៉ែត្រការ៉េឡើង និងកម្ពស់ចាប់ពី ៥ជាន់ឡើងទៅ គឺស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់ថ្នាក់ខេត្ត ជាអ្នកចេញលិខិតអនុញ្ញាតឱ្យសាងសង់។

លោក អភិបាលក្រុងរូបនេះ បានថ្លែងបន្ថែមថា ទាក់ទិនទៅនឹងទីផ្សារដីវិញ ជាប្រវត្តិសាស្ត្រហើយតម្លៃដីនៅក្រុងព្រះសីហនុ កាលពីឆ្នាំ២០១៨ និង២០១៩ នៅកន្លែងទីតាំងខ្លះមានតម្លៃរ ១ម៉ឺនដុល្លារ ក្នុង១ម៉ែត្រការ៉េ ប៉ុន្តែបច្ចុប្បន្ន យ៉ាងហោចណាស់ក៏តម្លៃ ៦ពាន់ដុល្លារ ក្នុង១ម៉ែត្រការ៉េ។

លោក បន្ថែមទៀតថា នៅតាមបណ្ដោយឆ្នេរ ដែលជាតំបន់សំខាន់ៗ គឺមានតម្លៃមិនក្រោម ៧ពាន់ដុល្លារនោះទេ ក្នុង១ម៉ែត្រការ៉េធ្លាក់។ ការដែលថ្លៃនេះ ដោយសារជនជាតិមួយចំនួនបានត្រឡប់ទៅស្រុកគេវិញ ហើយម្យ៉ាងទៀតក៏ជួបនឹងវិតត្តិជំងឺកូវីដ-១៩ ផងដែរ៕

ដោយ៖ Moeun Dyna