Register Already an agent ? Login

ផែនការមេអភិវឌ្ឍន៍ខេត្តកែប មានគម្រោងបង្កើតប៉ូលទេសចរណ៍ធំៗចំនួន៤ និងគម្រោងអភិវឌ្ឍន៍ជាង ២០០គម្រោង

ភ្នំពេញ៖ គណៈកម្មការអន្តរក្រសួងបានកំណត់យកប៉ូលអភិវឌ្ឍន៍ទេសចរណ៍ធំៗចំនួន ៤ សម្រាប់ខេត្តកែប ក្នុងនោះរួមមាន៖ ទីក្រុងកែបបច្ចុប្បន្ន តំបន់អង្កោល តំបន់ភ្នំវល្លិ និងតំបន់ប្រជុំកោះ។ បើតាមការថ្លែងឱ្យដឹងពី លោក នី ផល្លី អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មការអន្តរក្រសួង បានបន្តថា និងគម្រោងអភិវឌ្ឍន៍ចំនួន ២៥១គម្រោង ត្រូវបានដាក់បញ្ចូលទៅក្នុងសេចក្តីព្រាងផែនការមេ។

នៅក្នុងកិច្ចប្រជុំត្រួតពិនិត្យពិភាក្សា និងផ្ដល់ធាតុចូលបន្ថែមទៅក្នុងសេចក្តីព្រាងផែនការមេ កាលពីកាលថ្ងៃទី១៤ មករា ឆ្នាំ២០២១ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទែសចរណ៍ បានបញ្ជាក់ថា គោលបំណងនៃការរៀបចំផែនការមេសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តកែប គឺដើម្បីអភិវឌ្ឍឱ្យខេត្តនេះក្លាយជា «គោលដៅទេសចរណ៍ធម្មជាតិសម្រាកកម្សាន្តបែបប្រណីតកម្រិតខ្ពស់» ដោយគិតទៅលើភាពទាក់ទាញ ភាពប្រកួតប្រជែងនៅក្នុងតំបន់ និងពិភពលោក ពិសេសគឺត្រូវធានាឱ្យបាននូវសមភាព សមធម៌ តម្លាភាព ចីរភាព និងនវានុវត្តន៍។

លោក រដ្ឋមន្ត្រីបានថ្លែងបន្តថា ផែនការមេសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តកែបនេះ គឺជាឯកសារយុទ្ធសាស្ត្រដ៏មានសារៈសំខាន់មួយដែលអាចជួយស្តារ និងលើកស្ទួយវិស័យទេសចរណ៍ខេត្តកែប ទាំងនៅក្នុងដំណាក់កាលវិបត្តិកូវីដ-១៩ ក៏ដូចជាក្នុងដំណាក់កាលក្រោយវិបត្តិកូវីដ-១៩ ផងដែរ។

នៅក្នុងកិច្ចប្រជុំខាងលើ លោក នី ផល្លី បានថ្លែងថា ដោយសារខេត្តកែបគឺជាខេត្តទី២ បន្ទាប់ពីខេត្តកំពតដែលអាចផលិតអំបិល ជាទំនិញយុទ្ធសាស្ត្រសម្រាប់ប្រទេសជាតិ ទើបរាជរដ្ឋាភិបាលបានដាក់ចេញចក្ខុវិស័យការពារតំបន់ស្រែអំបិល និងជំរុញឱ្យមានការផលិតអំបិលឱ្យបានកាន់តែច្រើនឡើង។

លោក បានថ្លែងបន្តថា សម្រាប់ផែនការមេនេះ នឹងបម្លែងគោលដៅនៅតំបន់ស្រែអំបិល ទៅជាគោលដៅកសិទេសចរណ៍ស្រែអំបិល ក្នុងនោះក៏មានការបង្កើតឱ្យមានជាសារៈមន្ទីរស្រែអំបិល ដើម្បីបង្ហាញទៅដល់ភ្ញៀវទេសចរក្នុងស្រុក និងភ្ញៀវអន្តរជាតិបានស្គាល់អំពីចង្វាក់ផលិតកម្មអំបិលនៅកម្ពុជា។

ប្រធានលេខាធិការដ្ឋាននៃគណៈកម្មការអន្តរក្រសួង លោក នី ផល្លី បានថ្លែងបន្តទៀតថា ក្រៅពីនេះ នៅមានគម្រោងកែលម្អបន្ថែមនៅតាមបណ្ដោយឆ្នេរកែបដែលមានស្រាប់ក្នុងពេលបច្ចុប្បន្ន ក៏ដូចជាកែលម្អឆ្នេរអង្កោលឱ្យមានភាពប្រណីតទាក់ទាញ និងមានឆ្នេរថ្មីមួយទៀតដែលមានលាតសន្ធឹងចាប់ពីខាងកើតផ្សារក្ដាម ទៅដល់តំបន់ព្រៃកោងកាងអូរក្រសា។ លោក បញ្ជាក់ «ដោយឆ្នេរថ្មីជាតំបន់ទឹករាក់ ហើយមិនមានជីវចម្រុះនោះទេ ដូច្នេះគេគ្រោងនឹងកែលម្អតំបន់ឆ្នេរកន្លែងនេះមួយទៀត ពីព្រោះនៅពេលមានបុណ្យទានម្ដងៗ ភ្ញៀវទេសចរប្រមូលគ្នាច្រើនតែនៅតាមឆ្នេរកែបបច្ចុប្បន្ន។ ដូច្នេះគេត្រូវធ្វើពិពិធកម្មតំបន់ទេសចរណ៍នៅក្នុងខេត្តនេះ ដើម្បីកុំឱ្យដាក់សម្ពាធតែមកលើតំបន់ឆ្នេរលិចទឹកមួយនេះ»។

ក្រៅពីកែលម្អតំបន់ឆ្នេរទាំងបីនេះហើយ ក៏នៅមានគម្រោងអភិវឌ្ឍន៍ជាច្រើន ដូចជាការពង្រីកផលិតផលកីឡាទេសចរណ៍កម្រិតអន្តរជាតិ សារៈមន្ទីរសង្គ្រាមទេសចរណ៍ ការរៀបចំឱ្យមានដំណើរទៅទស្សនានៅតាមប្រជុំកោះ (ខេត្តកែបមានកោះសរុបចំនួន ១៣កោះ) ដែលសម្បូរទៅដោយជីវចម្រុះសម្បូរបែប ដូចជា ផ្កាថ្ម ផ្សោតសមុទ្រ ជ្រូកទឹក មច្ឆាជាតិ និងប្រភេទសត្វកម្រជាច្រើនទៀត។ តាមការលើកឡើងបន្ថែមរបស់ លោក នី ផល្លី បានឱ្យដឹងថា នឹងបង្កើតឱ្យមានផ្សារទំនើបខ្នាតតូច (Mart) ផ្សាររាត្រី វិថីម្ហូបអាហារ (Food Street) និងតភ្ជាប់ទេសចរណ៍ផ្លូវទឹកពីកំពង់ផែទេសចរណ៍អន្តរជាតិនៅខេត្តកំពតមកខេត្តកែប ក៏ដូចជាការបង្កើតពិធីបុណ្យ និងព្រឹត្តិការណ៍ទេសចរណ៍នានាជាដើម។

ក្រសួងទេសចរណ៍បានឱ្យដឹងថា អង្គប្រជុំបានបង្ហាញយុទ្ធសាស្ត្រគោលចំនួន ៩ នៅក្នុងឯកសារព្រាងផែនការមេសម្រាប់ការអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តកែបនេះ រួមមាន៖ ១.យុទ្ធសាស្រ្តអភិវឌ្ឍន៍ប៉ូលទេសចរណ៍ខេត្តកែប, ២.យុទ្ធសាស្រ្តវិនិយោគ និងអភិវឌ្ឍន៍របៀងទេសចរណ៍ខេត្តកែប, ៣.យុទ្ធសាស្រ្តពង្រឹងគុណភាព និងសុវត្តិភាពទេសចរណ៍, ៤.យុទ្ធសាស្រ្តអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍។

ទី៥.យុទ្ធសាស្រ្តទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍ខេត្តកែប, ៦.យុទ្ធសាស្រ្តគ្រប់គ្រង និងអភិវឌ្ឍវិស័យពាក់ព័ន្ធនានា គាំទ្រដល់ការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តកែប, ៧.យុទ្ធសាស្រ្តពង្រឹងចង្វាក់ផលិតកម្មក្នុងវិស័យទេសចរណ៍ខេត្តកែប, ៨.យុទ្ធសាស្រ្តអភិវឌ្ឍនវានុវត្តន៍នៃវិស័យទេសចរណ៍ខេត្តកែប, ៩.យុទ្ធសាស្រ្តពង្រឹងអភិបាលកិច្ច ត្រួតពិនិត្យ និងវាយតម្លៃសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តកែប។

ក្រសួងបញ្ជាក់ នៅក្នុងយុទ្ធសាស្ត្រគោលទាំង ៩ ខាងលើ គឺមានយុទ្ធសាស្ត្រលម្អិតចំនួន ៤៩យុទ្ធសាស្ត្រទៀត ដោយបែងចែកជា ៩៨សកម្មភាព ស្មើនឹង ២៥១គម្រោង៕

ដោយ៖ Moeun Dyna