កំពង់ឆ្នាំង៖ គម្រោងកែល្អផ្លូវរបស់រដ្ឋាភិបាលកម្ពុជា ទទួលបាលហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលចិន សម្រាប់គម្រោងកែលម្អផ្លូវជនបទជំហានទី២ ដែលគ្រប់គ្រងដោយក្រសួងអភិវឌ្ឍន៍ជនបទ មានរយៈពេល ៣០ខែចាប់ពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៩ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ នៅក្នុងខេត្តគោលដៅខេត្តចំនួន ៦ រួមមាន៖ ខេត្តកំពង់ស្ពឺ, កណ្តាល, ត្បូងឃ្មុំ, ព្រៃវែង,ស្វាយរៀង និងខេត្តកំពង់ឆ្នាំង មានប្រវែងសរុប ១១៩.៤៦៧គីឡូម៉ែត្រ រួមទាំងសំណង់ដោះទឹក។
ខាងលើជាការថ្លែងរបស់ លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នាពេលចុះពិនិត្យការដ្ឋានស្ថាបនាផ្លូវ ក្រាលកៅស៊ូពីរជាន់ប្រភេទDBST ចំនួន ២ខ្សែ នាថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ នៅខេត្តកំពង់ឆ្នាំង មានប្រវែងសរុប ១៥.១៨៧គីឡូម៉ែត្រ ក្នុងក្របខណ្ឌគម្រោងកែលម្អផ្លូវជនបទជំហានទី២ ក្រោមហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលចិន។
លោក រដ្ឋមន្រ្តីបានថ្លែងបញ្ជាក់ឱ្យដឹងថា «ការអនុវត្តនៅក្នុងខេត្តគោលដៅចំនួន ៦ មាន៖ ខេត្តកំពង់ស្ពឺ ៤ខ្សែ, ខេត្តកណ្តាល ៣ខ្សែ, ខេត្តត្បូងឃ្មុំ ២ខ្សែ, ខេត្តព្រៃវែង ១ខ្សែ, ស្វាយរៀងចំនួន ១ខ្សែ និងខេត្តកំពង់ឆ្នាំង ៦ខ្សែ»។
លោក បានថ្លែងបន្តឱ្យដឹងថា គម្រោងជំហានទី២នេះ នឹងត្រូវធ្វើការស្ថាបនាផ្លូវជនបទ ក្រាលកៅស៊ូពីរជាន់ប្រភេទ DBST ប្រវែងសរុប ១១៩.៤៦៧គីឡូម៉ែត្រ ដែលត្រូវបានចែកជាពីរកញ្ចប់ ផ្សេងគ្នារួមគឺ៖ កញ្ចប់ទី១ អនុវត្តដោយក្រុមហ៊ុន Shanghai Construction Group Co., Ltd. សាងសង់ផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ DBST ប្រវែងសរុប ៧៩.១៣៧គីឡូម៉ែត្រ នៅក្នុងខេត្តកំពង់ឆ្នាំង, កំពង់ស្ពឺ ខេត្តកណ្តាល។ លទ្ធផលសម្រេចបានប្រមាណ ៤៥.២៦ភាគរយ។
លោក អ៊ុក រ៉ាប៊ុន បានថ្លែងបន្តទៀតថា កញ្ចប់ទី២ អនុវត្តដោយក្រុមហ៊ុន YUNNAN CONSTRUCTION AND INVESTMENT HOLDING GROUP CO., LTD សាងសង់ផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ DBST ប្រវែងសរុប ៤០.៤១គីឡូម៉ែត្រ នៅក្នុងខេត្តត្បូងឃ្មុំ, ព្រៃវែង និងខេត្តស្វាយរៀង។ លទ្ធផលសម្រេចបាន ១៥.៦៤ភាគរយ។
រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទបានថ្លែងបន្ថែមថា ផ្លូវពីរខ្សែដែលកំពុងស្ថាប នៅខេត្តកំពង់ឆ្នាំនេះ ខ្សែទី១ មានប្រវែង ៤.១៥០គីឡូម៉ែត្រ ដែលតភ្ជាប់ពីផ្លូវជាតិលេខ៥៣ ត្រង់ចំណុចភូមិប្រច័ក្ស ទៅភូមិព្រៃមូល ភូមិតាលោឃុំព្រៃមូល ស្រុករលាប្អៀរ។ ចំណែក ខ្សែទី២ មានប្រវែង ១១.៣៧គីឡូម៉ែត្រ ដែលតភ្ជាប់ពីផ្លូវលេខ ១៥០A ត្រង់ចំណុចភូមិសាលាលេខ៥ ទៅផ្លូវលេខ១៥០B ទៅដល់ភូមិតាជេស ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
លោក បញ្ជាក់ លទ្ធផលផ្លូវទាំងពីរខ្សែនេះ សម្រេចបានប្រមាណ ៤៨ភាគរយហើយ គ្រោងនឹងក្រាលកៅស៊ូស្រទាប់ទី១ នៅខែសីហា និងបញ្ចប់ ១០០ភាគរយ នៅដើមឆ្នាំ២០២២ខាងមុខ៕
ដោយ៖ Moeun Dyna