Register Already an agent ? Login

លោកស្រី ម៉ែន សំអន៖ ការអភិវឌ្ឍន៍វិស័យទេសចរណ៍ មិនអាចធ្វើឡើងតែឯកឯងបានទេ ត្រូវអភិវឌ្ឍជាអន្តរវិស័យ

ព្រះសីហនុ៖ ការអភិវឌ្ឍន៍វិស័យទេសចរណ៍ មិនអាចធ្វើឡើងតែឯកឯង បានទេ ពោលគឺត្រូវអភិវឌ្ឍជាអន្តរវិស័យ ដែលពាក់ព័ន្ធជាច្រើន ដូចជាហេដ្ឋារចនាសម្ព័ន្ធ សន្តិសុខ និងសុខាភិបាល ជាដើម ដូច្នេះខេត្តព្រះសីហនុ ត្រូវជំរុញឱ្យមានការីកចម្រើនបន្ថែមទៀតលើហេដ្ឋារចនាសម្ព័ន្ធ ដូចជា អគ្គិសនី ទូរគមនាគមន៍ សួនច្បារ ទីកំសាន្តសាធារណៈ និងត្រូវធានាឱ្យបាននូវសន្ដិសុខ និងសណ្តាប់ធ្នាប់ជូនទេសចរជាតិ និងអន្តរជាតិ។

បច្ចុប្បន្ន ប្រទេសកម្ពុជាទទួលបាននូវស្ថិរភាពនយោបាយ សន្ដិសុខ និងសន្តិភាព និងការអភិវឌ្ឍន៍លើគ្រប់វិស័យ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កម្ពុជាមានកំណើនសេដ្ឋកិច្ច ជាមធ្យម ប្រមាណ ៧ភាគរយជាប់ៗគ្នា ដែលនាំឱ្យចំណូលរបស់ប្រជាជនមានការកើនឡើង និងមានជីវភាព កាន់តែធូធារ។ ជាការលើកឡើងរបស់ លោក ស្រី ម៉ែន សំអន បនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច។

នៅក្នុងពិធីសម្ពោធបើកឱ្យដំណើរការជាផ្លូវការ សណ្ឋាគារ និងមណ្ឌលកំសាន្ត ឌុនហ័ង កាលពីថ្ងៃទី១៧ ខែវិច្ឆិកា នេះ លោក ស្រី បានលើកឡើងអំពីប្រសាសន៍របស់ សម្ដេច ហ៊ុន សែន ក្នុងពិធីសម្ពោធបើការដ្ឋានសាងសង់ផ្លូវទាំង ៣៤ខ្សែ កាលពីថ្ងៃទី១៦ ម្សិលមិញថា ថវិការដ្ឋត្រូវចំណាយទាំងអស់ ២៩៤លានដុល្លារ គឺជាការចាប់ផ្តើមសករាជថ្មីនៃ វិស័យហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។ ក្រុងព្រះសីហនុនឹងប្រែមុខមាត់ថ្មី ក្លាយទៅជាទីក្រុងពហុបំណងមានសុវត្ថិភាព ដែលទាក់ទាញភ្ញៀវទេសចរ និងអ្នកវិនិយោគ តាមរយៈ ផ្លូវថ្នល់ធំ ស្អាតទូលាយ រួមជាមួយនឹងអាគារខ្ពស់ៗ រាប់ពាន់ ដែលបានកើតឡើងព្រមៗគ្នាផងដែរ ។ ជាការបន្ថែមរបស់មន្រ្តីខាងលើ និងបានបន្ថែមទៀតថា ទន្ទឹមនឹងការវិវឌ្ឍន៍ និងការរីកចម្រើនទាំងនេះ រដ្ឋបាលខេត្ត រួមជាមួយនឹងអាជ្ញាធរពាក់ព័ន្ធត្រូវរក្សាបរិស្ថាន វិនិយោគល្អ ពង្រឹងសោភ័ណភាព និងអនាម័យ ដើម្បីគាំទ្រការអភិវឌ្ឍយ៉ាងខ្លាំង រក្សាអ្នកវិនិយោគដែលមានស្រាប់ និងទាក់ទាញអ្នកវិនិយោគថ្មីទៀតឱ្យចូលមកបណ្តាក់ទុននៅខេត្តព្រះសីហនុឱ្យ កាន់តែច្រើនបន្ថែមទៀត។

មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលដដែលនេះ បានឡើកឡើងបន្តទៀតថា វិស័យទេសចរណ៍ ក៏កំពុងរីកចម្រើនយ៉ាងខ្លាំង ក្នុងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ផ្លូវដែក ផ្លូវទឹក និងផ្លូវអាកាសធ្វើឱ្យការធ្វើដំណើរ និងការដឹកជញ្ជូនគ្រប់បែបយ៉ាងកាន់តែងាយស្រួល។ លោក ស្រីថា ទោះជាយ៉ាងនេះក្តី ក្រោយការបើកទូលាយទីផ្សារ និងការស្វាគមន៍ ការវិនិយោគពីបរទេសរបស់រាជរដ្ឋាភិបាល ខេត្តព្រះសីហនុ មានការរីកចម្រើនយ៉ាងខ្លាំងក្លា ជាពិសេសវិស័យទេសចរណ៍។ ជាមួយគ្នានេះដែរ កំណើននៃសំណង់អគារ ទំនើបៗខ្ពស់ៗ សណ្ឋាគារ ផ្សារទំនើប យ៉ាងច្រើន បានបង្ហាញច្បាស់ពីការជឿទុកចិត្តលើការវិនិយោគពីប្រទេសចិន នៅទឹកដីខេត្តព្រះសីហនុ។

នៅក្នុងពិធីខាងលើនេះដែរ លោក គួច ចំរើន អភិបាលខេត្តព្រះហនុបាន បានមានប្រសាសន៍ថា ខេត្តព្រះសីហនុ ជាតំបន់ប៉ូលអភិវឌ្ឍជាតិមួយដ៏សំខាន់នៅតំបន់ឆ្នេរសមុទ្រកម្ពុជា និងជាខេត្តដែលមានសក្តានុពល សេដ្ឋកិច្ចខ្ពស់ក្នុងការទាក់ទាញវិនិយោគិន និងភ្ញៀវទេសចរណ៍ ជាមួយហ្នឹងការកំម្សាន្តតាមឆ្នេរសមុទ្រ ហើយកោះដ៏ស្រស់ស្អាត កំពង់ផែអន្តជាតិ អាកាសយានដ្ឋានអន្តជាតិ ធនធានធម្មជាតិដ៏សំបូរបែប ត្រូវបានប្រសិទ្ធនាមជា «តារារះនាទិសនិរតី» ជាមួយនឹងសន្ទុះនៃការអភិវឌ្ឍដ៏ខ្លាំងក្លា និងប្រកបដោយចីរភាព។ លោក បានបញ្ជាក់ថា «ជាពិសេសការវិនិយោគលើវិស័យអចលនទ្រព្យ រួមមានមជ្ឈមណ្ឌលពាណិជ្ជកម្ម អគារស្នាក់នៅរួម សណ្ឋាគារ មណ្ឌលកំសាន្ត ។ល។ ដែលបង្ហាញអំពីវប្បធម៌ និងបំរើដល់វិស័យទេសចរណ៍ និងធុរកិច្ច»។

លោកអភិបាលខេត្តកំពង់ផែស្វ័យអន្តរជាតិទឹកជ្រៅរូបនេះ បានឱ្យដឹងថា ក្នុងរយៈពេល១០ខែ ឆ្នាំ២០១៩ ខេត្តទទួលបានភ្ញៀវទេសចរសរុបចំនួន ១,៩៤០,១៩៩នាក់ កើនឡើង ១០.៦២ភាគរយ ក្នុងនោះភ្ញៀវជាតិ ១,២០៨,៥២៤នាក់ និងភ្ញៀវអន្តរជាតិ ៧៣១,៦៧៥នាក់ ។

លោក បានបន្តទៀតថា មូលដ្ឋានអាជីវកម្ម សេវាកម្មទេសចរណ៍ គិតត្រឹមខែតុលា ឆ្នាំ២០១៩ មានចំនួនសរុប ៨៨០កន្លែង ក្នុងនោះសណ្ឋាគារ ១០៨កន្លែង ស្មើនឹង ៧,១៦២បន្ទប់ ផ្ទះសំណាក់ ២៣៧កន្លែង ស្មើនឹង ២,៩៣៦បន្ទប់ បឹងហ្គាឡូចំនួន ៣១កន្លែង ស្មើនឹង ៤៣១បន្ទប់ ភោជនីយដ្ឋាន ៣១៣កន្លែង ស្មើនឹង ១៣,៨៣៣តុ និងសេវាកម្មផ្សេងៗជាច្រើនទៀត។

លោក អភិបាលខេត្តតំបន់ទេសចរណ៍ជាប់សមុទ្រដដែលនេះ បានបន្ថែមថា ចំណែកវិស័យសំណង់វិញ ក៏មានការអភិវឌ្ឍរីកចម្រើនយ៉ាងគំហុកគួរឱ្យកត់សម្គាល់ ក្នុងនោះទិន្នន័យសំណង់ គិតចាប់ពីឆ្នាំ២០១៧ ដល់ខែវិចិ្ឆកា ឆ្នាំ២០១៩ មានចំនួន ១,០៧៦គម្រោង អគារកម្ពស់ចាប់ពី៥ជាន់ ដល់៤៥ជាន់ មានចំនួន ៨០១គម្រោង។

«ដើម្បីឆ្លើយតបទៅនិងតម្រូវការ នៃការអភិវឌ្ឍដូចខាងលើ ការស្តារ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តគ្រប់ប្រភេទ គឺជាតម្រូវកាចាំបាច់ដែលមិនអាចខ្វះបានក្នុងការទ្រទ្រង់ការអភិវឌ្ឍនៅក្រុងព្រះសីហនុ»។ ជាករសង្កត់ធ្ងន់របស់ លោក គួច​ ចំរើន និងបានបន្ថែមទៀតថា ជាក់ស្តែងកាលពីថ្ងៃទី១៦ខែវិច្ឆិកា ម្សិលមិញ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុង ពិធីបើកការដ្ឋានស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុងចំនួន ៣៤ខ្សែ មានប្រវែង ៨៤ ៥០៥ ម៉ែត្រ រង្វង់មូលចំនួន២ មានអង្កត់ផ្ចិតប្រវែង ៩៩ម៉ែត្រ ត្រីកោណផ្លូវប្រសព្វ១ លម្អដោយរូបសំណាកដែលបញ្ជាក់អំពីប្រវត្តិសាស្រ្ត និងអត្តសញ្ញាណជាតិ និងស្ពានចំនួន៦ ប្រវែង២៥២ម៉ែត្រ៕