Register Already an agent ? Login

មន្រ្តីជាន់ខ្ពស់ក្រសួងដែនដី បានប្រគល់បណ្ណកម្មសិទ្ធិដីទៅសម្បទានិក នៅខេត្តក្រចេះ ក្នុងគម្រោង LASED II

ក្រចេះ៖​ លោក សរ សុវណ្ណ រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានប្រគល់ វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដល់សម្បទានិក នៅឃុំថ្មី ស្រុកចិត្របុរីខេត្តក្រចេះ ចំនួន១៨៣បណ្ណ ដែល១៣៥បណ្ណសម្រាប់សម្បទានិក ១០៥គ្រួសារ និង៤៨បណ្ណ សម្រាប់ដីសាលារៀន អគារសហគមន៍ ផ្ទះស្នាក់របស់គិលានុប្បដ្ឋាយិការ ប៉ុស្តិ៍សុខភាព ព្រៃសហគមន៍។ ការប្រគល់បណ្ណ សម្គាល់ម្ចាស់អចលនវត្ថុ ដល់សម្បទានិកខាងលើ ជាគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហាន២ (LASED II)

នេះជាសមិទ្ធផលថ្មីមួយទៀត ដែលរាជរដ្ឋាភិបាលបានប្រគល់ជូនដល់បងប្អូនជាសម្បទានិកទាំងអស់ បន្ថែមពីលើសមិទ្ធផលនានា ដែលបានប្រគល់ជូនដល់សម្បទានិកកន្លងមក ក្នុងនោះរួមមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជនបទមួយចំនួនដូចជា ផ្លូវ សាលារៀន អគារសហគមន៍ ផ្ទះស្នាក់នៅរបស់គ្រូបង្រៀន និងគិលានុបដ្ឋាយិកា ប៉ុស្តិ៍សុខភាព អណ្តូងទឹក ស្រះទឹក ប្រព័ន្ធស្រោចស្រពខ្នាតតូច ព្រមទាំងការយកចិត្តទុកដាក់ក្នុងការបណ្តុះបណ្តាល បច្ចេកទេសកសិកម្ម និងចិញ្ចឹមសត្វ ការកែច្នៃផលិតផលកសិកម្ម ការអប់រំសុខភាពទូទៅ ចំណេះដឹងជំនាញអាជីវកម្ម ខ្នាតតូច។ ជាការលើកឡើងរបស់ លោក សរ សុវណ្ណ ក្នងពិធីប្រគល់បណ្ណសម្គាល់អចលនទ្រព្យ នាថ្ងៃទី៧ ខែវិច្ឆិកានេះ។

រដ្ឋលេខាធិការក្រសួងដែនដីរូបនេះ បានបន្តថា លទ្ធផលទាំងនេះបាននឹងកំពុងរួមចំណែកកាត់បន្ថយការធ្វើចំណាកស្រុក និងលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់សម្បទានិក ព្រមទាំងកាត់បន្ថយភាពក្រីក្ររបស់បងប្អូនបានមួយកម្រិតធំដែលជាបំណង របស់រាជរដ្ឋាភិបាល។ លោកបានបន្ថែមថា សម្បទានិកទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវតវត្ថុនាពេលនេះ នឹងកាន់តែមានសុវត្ថិភាពក្នុងការកាន់កាប់ និងប្រើប្រាស់ដីដែលបានទទួលពីរាជរដ្ឋាភិបាល ជាមរតកសម្រាប់បន្តដល់កូនចៅរបស់បងប្អូន។ «ហេតុនេះបងប្អូនត្រូវខិតខំ បន្តដាំដុះ បង្កបង្កើនផល និងចិញ្ចឹមសត្វរួមផ្សំឱ្យបានកាន់តែច្រើនបន្ថែមទៀត ដើម្បីបន្តលើកកម្ពស់កម្រិតជីវភាពប្រចាំថ្ងៃ»។ ជាការលើកទឹកចិត្តរបស់ មន្រ្តីជាន់ក្រសួងដែនដីដដែល។

ជាពិសេស មិនត្រូវយកប័ណ្ណកម្មសិទ្ធិដែលទទួលបាននេះទៅលក់ដូរ ឬដាក់បញ្ចាំឱ្យបុគ្គល ឬស្ថាប័នហិរញ្ញវត្ថុឡើយ ព្រោះវានឹងធ្វើឱ្យបងប្អូនធ្លាក់ទៅក្នុងបំណុលតកូនចៅ អាចឈានទៅបាត់បង់ដីធ្លី ដែលទទួលបានសម្រាប់អនាគតនៃគ្រួសារកូនចៅរបស់បងប្អូន។ ជាការសង្កត់ធ្ងន់របស់ លោក សរ សុវណ្ណ ។

ក្នុងពិធិខាងលើ លោក សរ សុវណ្ណ បានជំរុញឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់គប្បីព្យាយាមសិក្សាស្វែងយល់អំពី តម្រូវការរបស់សម្បទានិក និងរិះរកវិធីដោះស្រាយសមស្របជូនពួកគាត់ទាំងក្នុងរយៈពេលខ្លី និងរយៈពេលវែង។ ជាមួយគ្នានេះដែរ លោកក៏បានសំណូមពរដល់សម្បទានិកថា ដែលទទួលបានប័ណ្ណកម្មសិទ្ធិនៅពេលនេះមិនត្រូវទៅទន្ទ្រានកាន់កាប់ ឬទទួលបានដីពីរាជរដ្ឋាភិបាលនៅ កន្លែងណាមួយទៀតបានឡើយ ព្រោះឈ្មោះអ្នកទទួលពេលនេះមាននៅក្នុងប្រព័ន្ធកុំព្យូទ័ររបស់ក្រសួង និងមន្ទីររួចហើយ។

គូសបញ្ជាក់ថា ខេត្តក្រចេះជាខេត្តគោលដៅក្នុងការអនុវត្តគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ទាំងជំហានសាកល្បង (LASED I) ចាប់តាំងពី ឆ្នាំ២០០៨ និងជំហាន២ (LASED II) ចាប់ពីឆ្នាំ២០១៦ មកដល់បច្ចុប្បន្ន។ រដ្ឋបាលខេត្តក្រចេះ សម្រេចជ្រើសរើសយកស្រុកគោលដៅចំនួនពីរ គឺស្រុកចិត្របុរី មានឃុំគោលដៅចំនួន៤ គឺឃុំសំបុក ចង្រ្កង់ ដារ និងឃុំថ្មី និងស្រុកព្រែកប្រសព្វ មានឃុំគោលដៅចំនួន១ គឺឃុំចំបក់ លើផ្ទៃដីសម្បទានសង្គមកិច្ចសរុបចំនួន ៦៥៦៦ ហិកតា ដោយមានសម្បទានិកទទួលដីចំនួន ២១១៩ គ្រួសារ។

រហូតដល់ពេលនេះ គម្រោង LASED II ខេត្តក្រចេះ បានផ្តល់ប័ណ្ណកម្មសិទ្ធិជូនសម្បទានិកចំនួន ៩០៤គ្រួសារ ស្មើនឹង ៤២,៦៦ភាគាគរយ ធៀបនឹងចំនួនគ្រួសារសរុប ២១១៩គ្រួសារ។ ហើយនៅចុងឆ្នាំ២០១៩ ឬដើមឆ្នាំ២០២០ គម្រោង នឹងចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ នេះជូនសម្បទានិករបស់គម្រោងនៅឃុំចំបក់ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះបន្ថែមទៀត។

ក្រៅពីការរៀបចំដីផ្តល់ជូនសម្បទានិក គម្រោងក៏បានកសាងនូវហេដ្ឋារចនាសម្ព័ន្ធរូបវន្តនានាដូចជា អគារសិក្សា អគារសហគមន៍ ផ្ទះគ្រូបង្រៀន ប៉ុស្តិ៍សុខភាព ផ្លូវក្នុងទីតាំងលំនៅឋាន និងកសិកម្ម លូរំដោះទឹក អណ្តូងស្នប់ ជាដើម។ ទន្ទឹមនឹងនេះ មន្ទីរអភិវឌ្ឍន៍បទខេត្ត បានបង្កើតគណៈកម្មការថែទាំផ្លូវលំ គណៈកម្មការថែទាំអណ្តូងទឹក ក្នុងគោលបំណងធានានិរន្តរភាពនៅលើដីសម្បទានសង្គមកិច្ចផងដែរ។ ជាពិសេស នៅឃុំថ្មីនឹងមានការសាងសង់ប្រព័ន្ធធារាសាស្រ្តខ្នាតតូចសម្រាប់ស្ទាក់ទឹកស្រោចស្រពដីស្រែ ចំការប្រមាណ ៣០ហិកតា នៅរដូវប្រាំង។ លើសពីនេះគម្រោងក៏បានផ្តល់នូវបច្ចេកទេសកសិកម្ម ចិញ្ចឹមសត្វ និងសម្ភារសម្រាប់ការធ្វើកសិកម្មជូនសម្បទានិកបន្ថែមទៀតផងដែរ៕

ដោយ៖ឌីណា