ព្រះសីហនុ៖ យោងតាមមន្ត្រីនៃគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ក្រុងព្រះសីហនុដែលមានផ្លូវ ៣៤ខ្សែ ប្រវែងសរុបជាង ៨៤គីឡូម៉ែត្រ នឹងត្រូវបានស្ថាបនាជាថ្មីឡើងវិញដោយចំណាយទឹកប្រាក់សរុបប្រមាណ ២០០លានដុល្លារអាមេរិក ស្របតាមបទបញ្ជារបស់សម្តេច នាយករដ្ឋមន្ត្រី ហ៊ុន សែន សំដៅ ប្រែក្លាយក្រុងព្រះសីហនុជាទីក្រុងទំនើប និងជាតំបន់សេដ្ឋកិច្ចពហុប៉ូលរបស់កម្ពុជា។
កាលពីព្រឹកថ្ងៃទី៦ ខែវិច្ឆិកា នេះ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលជួយខេត្តព្រះសីហនុ បានអមដំណើរ លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងដែនដី ចុះពិនិត្យ ស្ថានភាពផ្លូវទាំង ៣៤ខ្សែ ដើម្បីត្រៀមបើកការដ្ឋានស្ថាបនាផ្លូវទ្រង់ទ្រាយធំនាពេលខាងមុខ ក្នុងការប្រែក្លាយក្រុងព្រះសីហនុទៅជាទីក្រុងទំនើបមានសោភណភាព បរិស្ថានល្អសម្រាប់ការរស់នៅ ទេសចរណ៍ និងធុរកិច្ច។ ការវិនិយោគក្នុងទឹកប្រាក់ជាង ២០០លានដុល្លារអាមេរិក របស់រាជរដ្ឋាភិបាលកម្ពុជា លើហេដ្ឋារចនាសម្ព័ន្ធនៅក្នុងខេត្តកំពង់ផែអន្តរជាតិទឹកជ្រៅនេះ ក្នុងគោលបំណង ឆ្លើយតបនឹងកំណើនសេដ្ឋកិច្ច ការបង្កើតការងារ និងការបង្កើនជីវភាព របស់ប្រជាពលរដ្ឋ។
បច្ចុប្បន្ន ផ្លូវចំនួន ២៤ខ្សែ ក្នុងខេត្តព្រះសីហនុ បាននឹងកំពុងចាប់ផ្ដើមស្ថាបនាជាបណ្ដើរៗ ហើយក្នុងនោះរួមមាន៖
ទី១-កងវិស្វកម្ម សម្តេច ហ៊ុន សែន សៀមរាប ស្ថាបនាផ្លូវមហាវិថីជំទាវម៉ៅ ប្រវែង ៩.៣៦៥ម ចំនួន ០១ ខ្សែ។
ទី២-កងវិស្វកម្ម លេខ ១៧៨ ស្ពានថ្នល់ ស្ថាបនាវិថីឯករាជ្យ ប្រវែង ៥.៣៦៥ម ចំនួន ០១ខ្សែ។
ទី៣-ក្រុមហ៊ុន ហេង សម្បត្តិ ស្ថាបនាមហាវិថីឆ្នេររាម, វិថីអូរត្រេះ, វិថីពូទ្បូវៃ, វិថី២ធ្នូ, វិថី២៨ មិថុនា ប្រវែងសរុប ២៣.៣៦០ម ចំនួន ០៥ខ្សែ។
ទី៤-ក្រុមហ៊ុន រ៉ូយ៉ាល់មេគង្គ ស្ថាបនាមហាវិថីរាមលេខ ៤៥ និងវិថីមិត្តភាពកម្ពុជា-រុស្សី លេខ ៧០៥ ប្រវែងសរុប ១១.៦០៣ម ចំនួន ០២ខ្សែ ។
ទី៥-ក្រុមហ៊ុន សារជីវកម្ម ពិស្ណុការ ស្ថាបនាខ្សែផ្លូវលេខ ៤, ៦, ១២, ៧.១៧, ១៨. ១៩, ២០, ១១ ប្រវែងសរុប ១២.៥៧២ម. ចំនួន ០៩ខ្សែ ។
ទី៦-ក្រុមហ៊ុន SCE ស្ថាបនាវិថីចំណោតអូរត្រាវ លេខ ៤៩ ប្រវែងសរុប ៦.៥០៦ម ចំនួន ១ខ្សែ និងទី៧-ក្រុមហ៊ុន VT ស្ថាបនាផ្លូវលេខ ១១៥, ១៣៥, ១០២, ១២៦, ៥០២ ប្រវែងសរុប ៥.៥៦២ម ចំនួន ០៥ ខ្សែ។
សូមរម្លឹកថា សម្ដេច នាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងអញ្ញើញបើកការដ្ឋានស្ថាបនាផ្លូវនៅ ខេត្តព្រះសីហនុចំនួន ៣៤ខ្សែ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩។ ការស្ថាបនានេះត្រូវប្រើ រយៈពេល៨ខែ ដែលមានក្រុមហ៊ុនចំនួន៧ ត្រូវធ្វើទាំងថ្ងៃទាំងយប់»។ ក្នុងដំណាក់កាលសាង់សង់ផ្លូវនេះ នគរបាលចរាចរណ៍របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ និងកងកម្លាំងនគរបាលចរាចរណ៍មកពីអគ្គស្នងការដ្ឋាននគរបាលជាតិជាច្រើននាក់ផងដែរ ត្រូវបានដាក់ពង្រាយដើម្បីសម្រួលចរាចរណ៍ក្នុងដំណាក់កាលធ្វើផ្លូវនេះ។
គូសបញ្ជាក់ថា គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា បានសម្រេចលើកគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ផ្លូវក្រុងក្នុងខេត្តព្រះសីហនុ សរុបចំនួន ៣៤ខ្សែ ប្រវែងសរុប ៨៤,៥០៥ម៉ែត្រ ចែកចេញជា៣ប្រភេទ៖ ទី១-មហាវិថីមានចំនួន ៣ខ្សែ មានប្រវែងសរុប ២២,៧៣១ម៉ែត្រ មានទទឹង ៥០ម៉ែត្រ ក្នុងនោះផ្លូវរថយន្ត ៦ គន្លង ផ្លូវទោចក្រយានយន្ត២គន្លង។
ទី២-វិថីមានចំនួន ១៤ខ្សែ ប្រវែងសរុប ៤៩,៩៥៧ម៉ែត្រ មានទទឹងពី ២០ម៉ែត្រ ទៅ ៤០ម៉ែត្រ ដែលមានផ្លូវរថយន្ត ២ ទៅ ៤គន្លង សម្រាប់ផ្លូវទោចក្រយានយន្តមាន ២គន្លង ។
កន្លងមក រាជរដ្ឋាភិបាល និងឯកជនបានចំណាយទឹកប្រាក់ប្រមាណ ៥០០លានដុល្លារ ដើម្បីស្តារ និងជួសជុលថែទាំផ្លូវនៅខេត្តព្រះសីហនុចំនួន ២២ខ្សែដែលរងខូចខាតដោយគ្រោះធម្មជាតិ៕
ដោយ៖ឌីណា