Register Already an agent ? Login

ភ្នាក់ងារអភិវឌ្ឍបារាំងមានបំណង វិនិយោគទឹកស្អាតនៅខេត្តព្រះសីហនុ

ព្រះសីហនុ៖ ក្នុងដំណើរទស្សនកិច្ច និងពិភាក្សាការងារ ជាមួយ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ឯកអគ្គរដ្ឋទូតបារាំង លោក ស្រី EVA NGUYEN BINH បានឱ្យដឹងថា ភ្នាក់ងារអភិវឌ្ឍបារាំងបានសហការជាមួយកម្ពុជា លើគម្រោងទឹកស្អាត នៅរាជធានីភ្នំពេញ និងខេត្តសៀមរាប ហើយក៍ចង់មកវិនិយោគទឹកស្អាតនៅខេត្តព្រះសីហនុ ដោយសារកំណើនប្រជាពលរដ្ឋមានការកើនឡើង ព្រមទាំងការអភិវឌ្ឍយ៉ាងលឿន បញ្ហាទឹកស្អាតក៍ជាតម្រូវការចាំបាច់មួយផងដែរ។

ដំណើរទស្សនកិច្ច និងពិភាក្សាការងាររបស់ ឯកអគ្គរដ្ឋទូតបារាំង ជាមួយអភិបាលខេត្តព្រះសីហនុ បានធ្វើឡើងកាលពីថ្ងៃទី៥ ខែវិច្ឆិកា នេះ។ លោក គួច ចំរើន បានទទួលស្វាគមន៍ ដោយគូសបញ្ជាក់ថា កម្ពុជា និងបារាំងមានទំនាក់ទំនងការទូតជាប្រវត្តិសាស្ត្រ មកដល់បច្ចុប្បន្ន កិច្ចសហប្រតិបត្តិការកាន់តែល្អប្រសើរ។

ក្នុងកិច្ចពិភាក្សាគ្នានេះ លោក អភិបាលខេត្ត បានលើកឡើងពីមានសមិទ្ធផលរបស់បារាំង ដូចជាទំនប់ប៊ុលឌែ នៅក្នុងស្រុកព្រៃនប់ មានសារៈសំខាន់ណាស់សម្រាប់ឱ្យប្រជាកសិករធ្វើកសិកម្មលើផ្ទៃដី ១៥.០០០ហិចតា។ លោក ថា ដោយសារតែរដូវវស្សាមានជំនន់ទឹកភ្លៀងធ្វើឱ្យទំនប់នេះមានការខូចខាតនៅកន្លែងមួយចំនួន ម្យ៉ាងទៀតទំនប់ប៊ុលឌែនេះមានសភាពចាស់ទ្រុឌទ្រោម ដែលកន្លងមកក្រសួងធនធានទឹកបានធ្វើការជួសជុលជូនប្រជាពលរដ្ឋប្រើប្រាស់។

បច្ចុប្បន្នមានប្រជាពលរដ្ឋរស់នៅតាមសងខាងទំនប់ ជាមួយគ្នានេះដែរទំនប់ប៊ុលឌែ ខណ្ឌទឹកប្រៃ កុំឱ្យហូរចូលស្រែប្រជាកសិករ និងជាផ្លូវធ្វើចរាចរដឹកជញ្ជូនផលិតផលកសិកម្មយ៉ាងសំខាន់។ លោក អភិបាលខេត្តកំពង់ផែស្វ័យតទឹកជ្រៅក៏បានសំណូមពរឱ្យស្ថានទូតបារាំងជួយគាំទ្រក្នុងការជួសជុលទំនប់នេះបន្តទៀត។

ស្ថិតក្នុងបរិយាកាសដដែល លោក អភិបាលខេត្ត បានជម្រាបជូនទៅ លោក ស្រី អគ្គរដ្ឋទូតបារាំង ពីកត្តាភូមិសាស្ត្រ និងសក្តានុពលរបស់ខេត្ត មានឆ្នេរសមុទ្រប្រវែង ១៧៥គីឡូម៉ែត្រ កោះ ៣២ ដែលរាជរដ្ឋាភិបាលបានកំណត់ខេត្តនេះ ជាតំបន់សេដ្ឋកិច្ចគំរូពហុបំណងមានបណ្ដាញគមនាគមន៍តភ្ជាប់មានកំពង់ផែទឹកជ្រៅ ផ្លូវដែក ផ្លូវគោកមផ្លូវអាកាស កំពុងសាង សង់ផ្លូវល្បឿនលឿន និងអាចរួចរាល់នៅចុងឆ្នាំ២០២២។

លោក គួច ចំរើនបានបន្តថា រាជរដ្ឋាភិបាលកម្ពុជា បានធ្វើសម្បទានព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុ ទៅឱ្យក្រុមហ៊ុនបារាំង ក្នុងកិច្ចសហប្រតិបត្តិការជំរុញអភិបាលកិច្ច។ បច្ចុប្បន្នមានប្រជពលរដ្ឋមករកស៊ីនៅខេត្តព្រះសីហនុ បង្កើតជាក្លឹប ភោជនីយដ្ឋាន ហើយនៅ៩ខែដើមឆ្នាំ២០១៩នេះ ភ្ញៀវទេសចរបារាំងមកកាន់ខេត្តព្រះសីហនុ មានចំនួន ជាង ១ម៉ីននាក់ បើធៀបនឹង ៩ខែ ២០១៨ កើន ២,៥ភាគរយ។

ដោយសារការអភិវឌ្ឍរយៈពេល ៣ឆ្នាំចុងក្រោយនេះធ្វើឱ្យផ្លូវថ្នល់រងការខូចខាតយ៉ាងច្រើន ដោយសារការដឹកជញ្ជូន ធ្វើឱ្យផ្លូវថ្នល់មិនអាចធានាបាន ដែលរាជរដ្ឋាភិបាលបានបញ្ចេញថវិកាធ្វើការជួសជុលកែលម្អ ពង្រីកបន្ថែម គ្រោងបើកការដ្ឋាននៅថ្ងៃទី១៦ ខែវិច្ឆិកាខាងមុខ ក្រោមអធិបតីភាព សម្តេច ហ៊ុន សែន។ ជាការបន្ថែមរបស់ អភិបាលខេត្តដដែល៕

ដោយ៖ឌីណា