ព្រះសីហនុ៖ បច្ចុប្បន្ន កម្ពុជាមានការអភិវឌ្ឍខ្លាំង ក្រោយពីឆ្លងកាត់សង្គ្រាមជាច្រើនឆ្នាំ ហើយកម្ពុជាសម្រេចបាននូវសុខសន្តិភាព ស្ថេរភាពនយោបាយ ក្នុងនោះដែរខេត្តព្រះសីហនុ មានអគារខ្ពស់ៗជាច្រើនកំពុងមានការអភិវឌ្ឍខ្លាំងគួរឱ្យចាប់អារម្មណ៍។ ជាលើកឡើងរបស់ ឯកអគ្គរាជទូតជប៉ុនថ្មីប្រចាំកម្ពុជា លោក MIKAMI MASAHIRO ក្នុងជំនួបកិច្ចពិភាក្សាជា លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ កាលបីថ្ងៃទី៤ ខែវិច្ឆិកា នេះ។
នៅក្នុងកិច្ចជំនួននេះដែរ លោក ឯកអគ្គរាជទូត បានលើកឡើងបន្តថា រាជរដ្ឋាភិបាលជប៉ុន មានកិច្ចសហប្រតិបត្តិការល្អជាមួយកម្ពុជា ពិសេសជនជាតិជប៉ុន ដែលមករកស៊ីនៅខេត្តកំពង់ផែស្វ័យតទឹកជ្រៅនេះ។ លោក ថាកាលពីប៉ុន្មានខែកន្លងទៅ ប្រជាជនជប៉ុន ដែលរងគ្រោះដោយសារការរលំបាក់អគារ រដ្ឋបាលខេត្ត ក៍ដូចជារាជរដ្ឋាភិបាលបាន យកចិត្តទុកដាក់ដោះស្រាយបានទាន់ពេលវេលា។
ក្នុងកិច្ចពិភាក្សាគ្នានោះ ឯកអគ្គរាជទូតជប៉ុន ចង់ដឹងពីការអភិវឌ្ឍខេត្តទេសចរណ៍ជាប់សមុទ្រមួយនេះ លើបញ្ហាផ្លូវ លូរទឹកស្អុយ មានបញ្ហាប្រឈមអ្វីខ្លះ និងមានគម្រោងអភិវឌ្ឍខេត្តបែបណា។
ការអភិវឌ្ឍនាពេលបច្ចុប្បន្ន ធ្វើឱ្យផ្លូវក្នុងក្រុងមានការខូចខាតយ៉ាងធ្ងន់ធ្ងរ ឈានទៅខូចខាតទាំងស្រុង បើយើងមិនបានស្ថាបនាជួសជុលនោះទេ។ ជាការឆ្លើយតបរបស់អភិបាលខេត្តព្រះហនុ លោក គួច ចំរើន បានបន្តថា ខេត្តមានកំពង់ផែអន្តរជាតិទឹកជ្រៅ ព្រលានយន្តហោះ ផ្លូវដែក ផ្លូវគោក ដោយសារកំណើន នៃការដឹកជញ្ជូនមានការកើនឡើង ក្នុងមួយថ្ងៃមានកុងតឺន័រប្រមាណ ៧០០ ដឹកចេញទៅកាន់រាជធានីភ្នំពេញ និងបណ្តាខេត្តផ្សេងទៀត។
«ជាខេត្តទេសចរណ៍ជាប់សមុទ្រមួយនេះ ការអភិវឌ្ឍរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានក្លាយជាតំបន់សេដ្ឋកិច្ចពហុបំណង មានវិស័សំខាន់ៗដូចជា វិស័យសំណង់ ឧស្សាហកម្ម ពាណិជ្ជកម្ម ដឹកជញ្ជូន និងទេសចរណ៍«។ ជាការបញ្ជាក់របស់ លោក គួច ចំរើន ក្នុងជំនួនដដែល ក្នុងនោះដែរ លោក ក៏បានថ្លែងអំណរគុណរាជរដ្ឋាភិបាលជប៉ុន ដែលបានគាំទ្រការអភិវឌ្ឍន៏នៅកម្ពុជា។
ស្ថិតនៅក្នុងបរិយាកាសដដែលនោះ លោក MIKAMI MASAHIRO ថ្លែងអំណរគុណរដ្ឋបាលខេត្តព្រះសីហនុ បានសហការ នៃកាចូលចតនាវាកងកងទ័ពជើង ទឹកជប៉ុន នៅពេលខាងមុខនឹងមាននាវាជាច្រើនទៀតចូលចតនៅកំពង់ផែក្រុងព្រះសីហនុ។ លោក បានសន្យាថា ជួយផ្សព្វផ្សាយពីសក្តានុពលខេត្តព្រះសីហនុ ដល់ប្រជាជនជប៉ុនមកកាន់ខេត្តព្រះសីហនុ កន្លងមកប្រជាជនជប៉ុនស្គាល់តែអង្គរ ខេត្តសៀមរាប។
លោក អភិបាលខេត្ត បានជម្រាបជូនបន្តទៅ លោកឯកអ្គរាជទូតថា កាលពីថ្ងៃទី៣០ ខែសីហា ២០១៩កន្លងមក ក្នុងកិច្ចប្រជុំគណ:រដ្ឋមន្ត្រី សម្តេច នាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ចេញកញ្ចប់ថវិកាសាងសង់ផ្លូវក្នុងក្រុងព្រះសីហនុចំនួន ៣៤ខ្សែ ដែលគ្រោងនឹងបើកការដ្ឋាននៅថ្ងៃទី១៦ វិច្ឆិកាខាងមុខនេះ។ លោក បានបន្ថែមថា ខេត្តមួយនេះមានសក្តានុពលលើគ្រប់វិស័យ ក្នុងនោះ រាជរដ្ឋាភិបាលបាន ហ្នឹងកំពុងសាងសង់ផ្លូវល្បឿនលឿន ពីរាជធានីភ្នំពេញ មកខេត្តព្រះសីហនុ ផ្តល់ភាពអនុគ្រោះដល់វិស័យទេសចរណ៍ និងវិនិយោគនៅពេលខាងមុខ៕
ដោយ៖ ឌីណា