ភ្នំពេញ៖ អភិបាលខេត្តក្រចេះ លោក វ៉ា ថន បានជូនដំណឹងដល់សាធារណជន ព្រមទាំងមន្ទីរ អង្គភាព និងគ្រប់ស្ថាប័ន ឬភ្នាក់ងារហិរញ្ញវត្ថុ ដែលពាកព័ន្ធនឹងក្បាលដីនៅក្នុងតំបន់វិនិច្ឆ័យនៃភូមិរការកណ្ដាល២ សង្កាត់រកាកណ្ដាល ក្រុងក្រចេះថា គណៈកម្មការកណ្ដាលនឹងបិទផ្សាយ ជាសាធារណៈនូវឯកសារសុរិយោដី ដែលមានប្លង់ដី និងបញ្ជីឈ្មោះអ្នកកាន់កាប់ដី ដែលក្រុមមន្រ្តីជំនាញសុរិយោដីបានវាស់វែង និងប្រមូលទិន្នន័យកន្លងមក។ បើតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តក្រចេះថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩។
សាធារណជន អង្គភាពនានាដែលពាក់ព័ន្ធនឹងដីធ្លីទាំងអស់ស្ថិតនៅក្នុងតំបន់វិនិច្ឆ័យខាងលើ ចូលរួមពិនិត្យទិន្នន័យ ដែលមាននៅក្នុងឯកសារ នៃការវិនិច្ឆ័យដើម្បីបញ្ជាក់ពីភាពត្រឹមត្រូវ ឬខុសឆ្គងត្រូវកែតម្រូវ ឬជំទាស់ទិន្នន័យទាំងនោះ ក្នុងរយៈពេល ១៥ថ្ងៃរាប់ទាំងថ្ងៃឈប់សម្រាកផងដែរ។ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី១៨ ខែវិច្ឆិកា នេះជាកំហិត ទីតាំងត្រូវមកពិនិត្យស្ថិតនៅបរិវេណវត្តរកាកណ្ដាល។ បើតាមការជូនដំណឹងខាងលើ។
ផុតកំណត់ជូនដំណឹងរយៈពេលខាងលើ សន្មត់ថា ទិន្នន័យបើកចំហពិនិត្យជាសាធារណៈ មានភាពត្រឹមត្រូវ ដែលមិនអាចជំទាស់ ឬតវ៉ានៅពេលក្រោយទៀតបានឡើយ។ ជាការបញ្ជាក់របស់ រដ្ឋបាលខេត្តក្រចេះ៕
ដោយ៖ ឌីណា