ភ្នំពេញ៖ មន្ទីររៀបចំដែនដី ខេត្តកែប នឹងចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ក្រោមដំណើរការនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ដែលស្ថិតនៅតំន់វិនិច្ឆ័យ ក្នុងភូមិ/សង្កាត់អូរក្រសារ ចាប់ពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩។ បើតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តកែប ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩។
ចំពោះបណ្ណសម្គាល់សិទ្ធិកាន់កាប់ដីធ្លី (បណ្ណស្លាបមាន់) ឬបណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្តុ ដែលចេញដោយរដ្ឋបាលសុរិយោដីកន្លងមកនៅក្នុងតំបន់ខាងលើ នឹងត្រូវអស់សុពលភាពតាមច្បាប់ ចាប់ពីថ្ងៃដែលចែកវិញ្ញាបនបត្រសម្គាល់អចលនវត្ថុនេះតទៅ។ ជាការបញ្ជាក់ នៅក្នុងសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តកែប។
រដ្ឋបាលខេត្តកែប បានអំពាវនាវ សូមម្ចាស់ក្បាលដីដែលស្ថិតនៅតីតាំងខាងលើ មានបណ្ណសម្គាល់សិទ្ធិប្រើប្រាស់ដីធ្លី ឬបណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុកន្លងមក មេត្តាយកបណ្ណទាងនោះប្រគល់ឱ្យមន្រ្តីសុរិយោដី ដើម្បីជំនួសយកវិញ្ញាបនបត្រសម្គាល់អចលនវត្ថុថ្មីជំនួសវិញ ចាប់ពីថ្ងៃទី២៨ ខែតុលា ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ជាកំហិត។
ចំពោះម្ចាស់បំណុល ដែលបានទទួលបញ្ចាំ ឬដាក់ធានាពាក់ព័ន្ធនឹងក្បាលដីក្នុងតំបន់វិនិច្ឆ័យខាងលើ សូមយកបណ្ណទាំងនោះ មកប្រគល់ឱ្យមន្រ្តីរដ្ឋបាលសុរិយោដីធ្វើនិយ័តកម្ម ដើម្បីធានាប្រាក់របស់លោកអ្នក។ ជាការបញ្ជាក់ របស់រដ្ឋបាលខេត្តដដែល៕
ដោយ៖ឌីណា