Register Already an agent ? Login

អន្តរក្រសួងយល់ព្រមលើគម្រោង ធ្វើអគារខុនដូ និងផ្ទះល្វែងលើផ្ទៃដី ១៩៣៣៦ម៉ែត្រការ៉េ នៅខេត្តព្រះសីហនុ

ភ្នំពេញ៖ អន្តរក្រសួងបានគាំទ្រទៅលើ គម្រោង​សាងសង់ អគារខុនដូ និងផ្ទះល្វែង ប៉ាវលីហ័រយានលើផ្ទៃដី ១៩៣៣៦ម៉ែត្រការ៉េ របស់ក្រុមហ៊ុន KIMBERLY (CAMBODIA) INTERNATIONAL INVESMENT COMPANY LIMITED មានទីតាំងស្ថិតនៅក្នុងភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលត្រូវបានសិក្សា និងវាយតម្លៃដោយក្រុមហ៊ុនទីប្រឹក្សា E & A Consultant Co., Ltd.

គម្រោងខាងលើត្រូវបាន បានបើកកិច្ចប្រជុំជាអន្តរក្រសួងដឹកនាំដោយ លោក នេត្រ ភក្រ្តា រដ្ឋលេខាធិការក្រសួងបរិស្ថាន ពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូង(IESIA) កាលពីថ្ងៃទី២៤ ខែតុលា នេះ។ កិច្ចប្រជុំនេះ មានការចូលរួមពី តំណាងអគ្គនាយកដ្ឋានពាក់ព័ន្ធនៃក្រសួងបរិស្ថាន អគ្គលេខាធិការ​ដ្ឋាននៃ​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយចីរភាព​ តំណាងអន្តរក្រសួងពាក់ព័ន្ធ​ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (គ.វ.ក) រដ្ឋបាល និង មន្ទីរបរិស្ថានខេត្តព្រះសីហនុ នាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាននៃក្រសួងបរិស្ថាន តំណាងក្រុមហ៊ុនវិនិយោគ និងតំណាងក្រុមហ៊ុនទីប្រឹក្សា E&A Consultant Co., Ltd.​។

អង្គប្រជុំបានស្រេចជាលទ្ធផល​ ដូចខាងក្រោមដូច៖

១-អង្គប្រជុំបានគាំទ្រលើគម្រោងវិនិយោគនេះ។

២-ក្រុមហ៊ុនម្ចាស់គម្រោង​ ត្រូវសាងសង់គោរពតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវ និងអនុលោមតាម​លិខិតអនុញ្ញាតសាងសង់របស់ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់។

៣-ក្រុមហ៊ុនម្ចាស់គម្រោង​ ត្រូវសហការជាមួយមន្ទីរបរិស្ថានខេត្តព្រះសីហនុ និងក្រុមហ៊ុនផ្តល់សេវាប្រមូលសំរាមសម្រាប់ការគ្រប់គ្រង និងការដឹកចេញសំណល់រឹង និងសំណល់ភក់បាតអាងប្រព្រឹត្តិកម្ម។

៤-ក្រុមហ៊ុនម្ចាស់គម្រោង​ ត្រូវសាងសង់ប្រព័ន្ធលូរំដោះទឹកភ្លៀង និងអាងចម្រោះទឹកកខ្វក់ដាច់ដោយឡែកពីគ្នា ហើយមិនត្រូវបញ្ចេញសំណល់រាវ ឬបូមទឹកពីក្នុងរណ្តៅការដ្ឋាន ហើយបង្ហូរទៅប្រព័ន្ធលូសារធារណៈ ឬបង្ហូរកម្ទេចស៊ីម៉ងត៍ចូលលូទឹកភ្លៀង ដោយពុំបានឆ្លងកាត់ប្រព័ន្ធចម្រោះ ឬសម្អាតជាដាច់ខាត។

៥-ត្រួតពិនិត្យប្រព័ន្ធអាងប្រព្រឹត្តិកម្មសំណល់រាវជាប្រចាំ និងធ្វើការវិភាគគុណភាពទឹកសំណល់រាវចេញពីអាងប្រព្រឹត្តកម្មចុងក្រោយ ដើម្បីធានាថាសំណល់រាវដែលបង្ហូរចេញទៅលូសាធារណៈ គោរពតាមស្តង់ដារកំណត់របស់ក្រសួងបរិស្ថាន។

៦-ក្រុមហ៊ុនម្ចាស់គម្រោង​ ត្រូវមានប្រព័ន្ធការពារអគ្គីភ័យ ច្រកសុវត្ថិភាព ស្លាកសញ្ញាណែនាំ និងមានទីតាំងសម្រាប់ឧត្ថម្ភាគចក្រចុះចតពេលមានអន្តរាគមន៍ ហើយអគារត្រូវមានស្តង់ដារសុវត្ថិភាពបរិស្ថាន និងធានាគុណភាពសំណង់។

៧-ក្រុមហ៊ុនម្ចាស់គម្រោង​ មិនត្រូវប្រើប្រាស់ការបកប្រែតាមប្រព័ន្ធ Google Translation សម្រាប់ស្លាកសញ្ញា ឬស្លាកយីហោផ្សេងៗ​ ហេីយ​ក្រុមហ៊ុនម្ចាស់គម្រោង​ ត្រូវពិភាក្សាជាមួយអ្នកជំនាញ និងអជ្ញាធរពាក់ព័ន្ធដើម្បីធ្វើការត្រួតពិនិត្យលើការបកប្រែខេមរភាសាឱ្យបានត្រឹមត្រូវជាមុនសិន ហើយត្រូវដាក់ស្លាកសញ្ញាជាអក្សរខ្មែរនៅពីលើអក្សរបរទេស។

៨-ក្រុមហ៊ុនម្ចាស់គម្រោង​ ត្រូវចូលរួមបង់មូលនិធិបរិស្ថាន និងសង្គមឱ្យបានទៀងទាត់។

៩-សំណង់អគារ​ ត្រូវមានរចនាបថបែបខ្មែរ ជាពិសេសការតុបតែងខាងក្នុង។

១០-​ក្រុមហ៊ុនម្ចាស់គម្រោង​ និងក្រុមហ៊ុនទីប្រឹក្សា​ ត្រូវកែសម្រួលរបាយការណ៍នេះ​ ស្របតាមស្មារតីអង្គប្រជុំ​៕

ដោយ៖ឌីណា