Register Already an agent ? Login

អន្តរក្រសួងយល់ព្រមលើគម្រោង បង្កើតរោងចក្រផលិតគ្រឿងសង្ហារិម លើទំហំផ្ទៃដី ៦,៤ហិកតា នៅខេត្តកណ្ដាល

ភ្នំពេញ៖ អន្តរក្រសួងបានយល់ព្រមលើគម្រោងបង្កើតរោងចក្រផលិតគ្រឿងសង្ហារិម លើទំហំផ្ទៃដី ៦,៤ហិកតា ដែល​មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥១ ភូមិស្រែអំព្រុំ ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល ដែលបានសិក្សា និងរៀបចំរបាយការណ៍​វាយតម្លៃហេតុប៉ះពាល់បរិស្ថាន ដោយក្រុមហ៊ុនទីប្រឹក្សា ឃី ខនសាល់ធេន (ខេមបូឌា)។

លោក ផៃ ប៊ុនឈឿន រដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង​ ដើម្បីពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូង (IESIA) លើគម្រោងបង្កើតរោងចក្រផលិតគ្រឿងសង្ហារិម លើទំហំផ្ទៃដី ៦,៤ហិកតា។ កិច្ចប្រជុំនេះ​ មានការចូលរួមពី លោក លោកស្រី តំណាងអគ្គនាយកដ្ឋាននៃក្រសួងបរិស្ថាន​ និងអគ្គលេខាធិការដ្ឋាននៃ​ក្រុមប្រឹក្សា​ជាតិអភិវឌ្ឍន៍ដោយចីរភាព​ តំណាងអន្តរក្រសួងពាក់ព័ន្ធ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រដ្ឋបាលខេត្តកណ្តាល មន្ទីរបរិស្ថានខេត្តកណ្តាល តំណាងនាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាន តំណាងក្រុមហ៊ុន និងក្រុមហ៊ុនទីប្រឹក្សា។

កិច្ចប្រជុំអន្តរក្រសួង បានសម្រេចជាលទ្ធផលដូចខាងក្រោម៖

ទី១-គាំទ្រចំពោះការវិនិយោគរបស់ក្រុមហ៊ុន។

២-ត្រួតពិនិត្យប្រព័ន្ធបឺតធូលី និងកម្ទេចឈើជាប្រចាំ និងត្រូវដាំដើមឈើបន្ថែមដើម្បីធានាការគ្រប់គ្រងគុណភាពខ្យល់។

ទី៣-​ រៀបចំផែនការគ្រប់គ្រងសំណល់រឹង​ឱ្យបានត្រឹមត្រូវ ដោយត្រូវរៀបចំឱ្យមានឡសម្រាប់ដុលសំណល់រឹងទាំងនោះ ដោយអនុលោមតាមបទដ្ឋានបច្ចេកទេសរបស់ក្រសួងបរិស្ថាន។

ទី៤-រៀបចំផែនការគ្រប់គ្រងសំណល់រាវ ដោយត្រូវបែងចែកប្រព័ន្ធលូសំណល់រាវ និងទឹកភ្លៀងដាច់ដោយឡែកពីគ្នា និងត្រូវរៀបចំអាងសិបទិកឱ្យសមស្របទៅនឹងចំនួនបុគ្គលិក-កម្មករ។ 

ទី៥-ផ្តល់ឧបករណ៍ការពារសុវត្ថិភាពឱ្យបានគ្រប់គ្រាន់ដូចជា៖ ម៉ាស វ៉ែនតា ស្រោមដៃ ប្រដាប់ការពារសំឡេង និងណែនាំដល់បុគ្គលិក-កម្មករ ឱ្យប្រើប្រាស់ជាប្រចាំពេលបំពេញការងារ និងចុះបញ្ជី ប.ស.ស ឱ្យបានគ្រប់ៗគ្នា។

ទី៦-ក្រុមហ៊ុនត្រូវរៀបចំឱ្យមានអាហារដ្ឋានត្រឹមត្រូវសម្រាប់បុគ្គលិក-កម្មករ។

ទី៧-ក្រុមហ៊ុន និងទីប្រឹក្សាត្រូវទទួលយក និងកែសម្រួលតាមមតិយោបល់របស់មន្រ្តីជំនាញជាសមាជិកអង្គប្រជុំទាំងអស់៕