ភ្នំពេញ៖ អន្តរក្រសួងបានគាំទ្រទៅលើគម្រោង ស្ថាបនាផ្លូវជាតិលេខ ៧១C ប្រវែង ១១៤,៦២គ.ម នៅក្នុងភូមិសាស្រ្តក្រុងសួង ស្រុកត្បូងឃ្មុំ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ និងស្រុក ស្ទឹងត្រង់ ស្រុកចំការលើ ខេត្តកំពង់ចាម របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលសិក្សា និងរៀបចំរបាយការណ៍ ដោយក្រុមហ៊ុនទីប្រឹក្សា PPIC CO., LTD.។
ក្នុងកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ (ESIA) សម្រាប់គម្រោងផ្លូវជាតិលេខ ៧១C ដឹកនាំដោយ លោក សាបូ អូហ្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថាន កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩។
កិច្ចប្រជុំខាងនេះដែរ ដែលមានការចូលរួមពីតំណាងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ ដោយចីរភាព អគ្គនាយកដ្ឋានពាក់ព័ន្ធនៃក្រសួងបរិស្ថាន អន្តរក្រសួងពាក់ព័ន្ធ ក្រសួងសាធារណការ និងដឹកជញ្ជូន (ម្ចាស់គម្រោង) ក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា រដ្ឋបាលខេត្តត្បូងឃ្មុំ មន្ទីរបរិស្ថានខេត្តត្បូងឃ្មុំ មន្ទីរបរិស្ថានខេត្តកំពង់ចាម នាយកដ្ឋានវាយតម្លៃ ហេតុប៉ះពាល់បរិស្ថាន និងក្រុមហ៊ុនទីប្រឹក្សា។
កិច្ចប្រជុំអន្តរក្រសួងបានសម្រេច និងគាំទ្រគម្រោងចេញជាលទ្ធផលដូចខាងក្រោម៖
ទី១-អង្គប្រជុំគាំទ្រគម្រោងផ្លូវជាតិលេខ៧១C។ ទី២-ម្ចាស់គម្រោងត្រូវសហការជាមួយក្រុមហ៊ុនម៉ៅការសាងសង់ ដើម្បីសិក្សា និងរចនាផ្លូវឡើងវិញឱ្យបានត្រឹមត្រូវ ចៀសវាងការប៉ះពាល់លើទីតាំងកប់សពរបស់ប្រជាពលរដ្ឋ ដោយសហការជាមួយអាជ្ញាធរមូលដ្ឋាន។
ទី៣-ម្ចាស់គម្រោង ត្រូវសហការជាមួយក្រុមហ៊ុនម៉ៅការសាងសង់ក្នុងការរចនាផ្លូវឱ្យទៅតាមលក្ខណៈបច្ចេកទេស ដើម្បីឱ្យមានភាពធន់នឹងការប្រែប្រួលអាកាសធាតុ។ ទី៤-ម្ចាស់គម្រោងត្រូវរចនាប្រព័ន្ធដោះទឹកភ្លៀងនៅតាមផ្លូវមេ និងផ្លូវរងនីមួយៗឱ្យបានត្រឹមត្រូវ ចៀសវាងការហូរច្រោះ ការជន់លិចដីស្រែ-ចម្ការ និងផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ។
ទី៥-ម្ចាស់គម្រោង ត្រូវសហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីធ្វើការដោះស្រាយផលប៉ះពាល់ដោយសារសកម្មភាពគម្រោងឱ្យបានរួចរាល់ មុននឹងអនុវត្តគម្រោង។ ៦-ម្ចាស់គម្រោងត្រូវស្រោចទឹក ជាប្រចាំ ដើម្បីកាត់បន្ថយ ការហុយធូលី ព្រមទាំងកាត់បន្ថយសំឡេង និងរំញ័រនៅតាមទីប្រជុំជនសាលារៀន មណ្ឌលសុខភាព វត្តអារាមជាដើម។
ទី៧-ត្រូវរៀបចំស្លាកសញ្ញាចរាចរណ៍ និងភ្លើងបំភ្លឺនៅតាមដងផ្លូវឱ្យបានត្រឹមត្រូវ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។ ទី៨-ម្ចាស់គម្រោងត្រូវមានផែនការដាំឈើ និងដាំស្មៅតាមជើងទេរ ដើម្បីបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុ។ ៩-ក្រុមហ៊ុនទីប្រឹក្សាត្រូវសហការជាមួយម្ចាស់គម្រោង ដើម្បីបញ្ចូលនូវអនុសាសន៍ដែលអង្គប្រជុំបានលើកឡើងនូវចំណុចវិជ្ជមានទៅក្នុងរបាយការណ៍ ESIA ឱ្យបានត្រឹមត្រូវ។ ទី១០-ម្ចាស់គម្រោង និងក្រុមហ៊ុនទីប្រឹក្សា ត្រូវអនុវត្តឱ្យបានត្រឹមត្រូវដូចបានរៀបរាប់នៅក្នុងរបាយការណ៍ ESIA នេះ។
សូមរម្លឹកថា តាមគម្រោងការសាងសង់ផ្លូវជាតិលេខ៧១C នៅដំណាច់ឆ្នាំ២០១៩នេះ នឹងត្រូវចំណាយរយៈពេលជាង ៣ឆ្នាំ ហើយទឹកប្រាក់ចំណាយសរុបជាង ១០០លានដុល្លារ។ នៅក្នុងគម្រោងនៃការសាងសង់ផ្លូវជាតិ៧១C នឹងត្រូវស្ថាបនាទ្រូងផ្លូវទំហំ ១២ម៉ែត្រ។ ចំណែកឯ ផ្លូវបំបែកចូលភូមិ ឃុំនឹងត្រូវធ្វើទំហំ៩ម៉ែត្រ។ បើតាមការឱ្យដឹងពីមន្រ្តីដឹកជញ្ជូន ខេត្តត្បូងឃ្មុំ និងបានបន្តថា ទីតាំងគោលនៃផ្លូវដែលត្រូវបំបែកចេញពីផ្សារចំការលើខេត្តកំពង់ចាម នឹងត្រូវមកបញ្ចប់នៅតំបន់សាលាខេត្តត្បូងឃ្មុំ ស្ថិតនៅក្នុងភូមិត្រពាំងជូរ ឃុំស្រឡប់ ស្រុក/ខេត្តត្បូងឃ្មុំ និងមានផ្លូវខ្នែងមួយខ្សែទៀតឆ្ពោះទៅតភ្ជាប់ជាមួយផ្លូវជាតិលេខ៧៣។
ផ្លូវនេះ មានប្រវែងសរុបចំនួន១១០គីឡូម៉ែត្រ បែកចេញពីផ្លូវជាតិលេខ៧១ ត្រង់ចំណុចផ្សារចំការលើ ស្រុកចំការលើ ខេត្តកំពង់ចាម ឆ្លងស្ពានស្ទឹងត្រង់ ទៅកាន់ភូមិសាស្ត្រខេត្តត្បូងឃ្មុំ។ បើតាមការឱ្យដឹងពី លោក ស៊ុន ចាន់ថុល និងបានបន្តថា គម្រោងសាងសង់ផ្លូវនេះ ត្រូវបានសិក្សាដោយក្រុមហ៊ុនសៀងហៃ ត្រង់ចំណុច ដែលទទួលរងដោយគ្រោះទឹកជំនន់ ដើម្បីរកដំណោះស្រាយសមស្របសំដៅធានាគម្រោងសាងសង់ផ្លូវជាតិលេខ៧១C តភ្ជាប់ពីខេត្តកំពង់ចាម ទៅខេត្តត្បូងឃ្មុំ បើកការដ្ឋាននៅដំណាចឆ្នាំ២០១៩នេះ ឱ្យបានគុណភាពខ្ពស់។
លោក បានបញ្ជាក់ថា «ឆ្នាំនេះ អាចនឹងមានគម្រោង២ ដែលបើកការដ្ឋាន គឺគម្រោងផ្លូវ៧១Cនេះ និងគម្រោងផ្លូវលេខ១០ ពីសំឡូត ចុះទៅវាលវែង និងឆ្ពោះទៅខេត្តកោះកុង ហើយកិច្ចព្រមព្រៀងសាងសង់គម្រោងទាំង២នេះ បានចុះហត្ថលេខារួចហើយ នៅឡើយតែប្រាក់កម្ចីធ្វើផ្លូវទាំង២នេះ នៅមិនទាន់បានចុះហត្ថលេខានោះទេ»៕
ដោយ៖ ឌីណា