Register Already an agent ? Login

គម្រោងសាងសង់សណ្ឋាគារ និងរីហ្សត ស៊ីប៊្រីស លើផ្ទៃដីទំហំ ៥.២២៤ម៉ែត្រការ៉េ នៅខេត្តព្រះសីហនុ

ព្រះសីហនុ៖ អន្តរក្រសួងបានគាំទ្រទៅលើ គម្រោង​សាងសង់សណ្ឋាគារ និងរីហ្សត ស៊ីប៊្រីស (Sea Breeze Hotel and Resort) លើលើផ្ទៃដីទំហំ ៥.២២៤ម៉ែត្រការ៉េ ដែលមានទីតាំងស្ថិតនៅដីឡូតិ៍លេខ២៨៣ ភូមិ៦ សង្កាត់ លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលបានសិក្សា និងរៀបចំរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូង ដោយក្រុមហ៊ុនទីប្រឹក្សា អេស-ប៊ី-ខេ រីស៊ើច អេន ឌីវេឡុបមេន។

គម្រោងខាងលើត្រូវបាន បានបើកកិច្ចប្រជុំជាអន្តរក្រសួងដឹកនាំដោយ លោក នេត្រ ភក្រ្តា រដ្ឋលេខាធិការក្រសួងបរិស្ថាន ពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូង(IESIA) កាលពីថ្ងៃទី១៦ ខែតុលា នេះ។ ក្នុងកិច្ចប្រជុំនេះដែរ មានការចូលរួមពី លោក លោកស្រីតំណាងអគ្គនាយកដ្ឋាន និងអគ្គលេខាធិការដ្ឋានពាក់ព័ន្ធនៃក្រសួងបរិស្ថាន តំណាងអន្តរក្រសួង​ពាក់ព័ន្ធ​ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រដ្ឋបាលខេត្តព្រះសីហនុ និងមន្ទីរបរិស្ថានខេត្តព្រះសីហនុ តំណាងនាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាន តំណាងម្ចាស់គម្រោង និងក្រុមហ៊ុនទីប្រឹក្សា អេស-ប៊ី-ខេ រីស៊ើច អេន ឌីវេឡុបមេន។

អង្គប្រជុំបានស្រេចជាលទ្ធផល​ ដូចខាងក្រោមដូច៖

ទី១-អង្គប្រជុំបានគាំទ្រទៅលើគម្រោងវិនិយោគនេះ។

ទី២-ម្ចាស់គម្រោងត្រូវគោរពទៅតាមបទដ្ឋានបរិស្ថានក្នុងការរៀបចំអាងចម្រោះទឹកកខ្វក់ ដែលមានសមត្ថភាព គ្រប់គ្រាន់ក្នុងការសម្អាតសំណល់រាវចេញពីគម្រោង ដោយសមាមាត្រទៅនឹងបរិមាណប្រើប្រាស់ទឹក របស់គម្រោង។

ទី៣-ម្ចាស់គម្រោងត្រូវរៀបចំទីតាំងទុកដាក់សំណល់រឹង (សំរាម) សំណល់​សំណង់ និងសំណល់អាចម៍ដី ឱ្យបានត្រឹមត្រូវ ដោយសហការជាមួយក្រុមហ៊ុនប្រមូលសំណល់ក្នុងខេត្តព្រះសីហនុ ចៀសវាងទុកដាក់ គ្មានសណ្តាប់ធ្នាប់ធ្វើឱ្យប៉ះពាល់ដល់សោភ័ណភាពក្រុង។

ទី៤-ម្ចាស់គម្រោងត្រូវចូលរួមថែរក្សាសម្អាតអនាម័យបរិស្ថាននៅជុំវិញទីតាំងគម្រោង។

ទី៥-ម្ចាស់គម្រោងត្រូវរៀបចំ ណតឱ្យបានគ្រប់គ្រាន់​ ដោយគោរពតាមច្បាប់របស់ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ចៀសវាងការចតរថយន្តនៅលើចិញ្ចើមផ្លូវ និងទីសាធារណៈ។

៦-ម្ចាស់គម្រោងត្រូវរៀបចំតំបន់នេះឱ្យក្លាយទៅជាតំបន់មេត្រីភាពបរិស្ថាន ដោយកាត់បន្ថយការប្រើប្រាស់ ថង់ប្លាស្ទិក និងត្រូវដាំដើមឈើ ឬរុក្ខជាតិលម្អរឱ្យបានច្រើន ដើម្បីលម្អសោភ័ណភាពនៅក្នុងតំបន់គម្រោង។

ទី៧-ម្ចាស់គម្រោងត្រូវគោរពវប្បធម៌ប្រពៃណី ទំនៀមទំលាប់ និងរំលេចរចនាបថខ្មែរទាំងក្នុង និងក្រៅ អគារ។

ទី៨-ម្ចាស់គម្រោងគួរមានមូលនិធិចូលរួមចំណែកដាំដើមឈើនៅតំបន់ក្បាលឆាយ ដើម្បីជួយរក្សាលំនឹងទឹក​នៅខេត្តព្រះសីហនុ។

ទី៩-ម្ចាស់គម្រោងត្រូវគោរពច្បាប់ស្តីពីការងារ ដោយត្រូវចុះបញ្ជី ប.ស.ស សម្រាប់បុគ្គលិក-កម្មករដែល បម្រើការងារក្នុងគម្រោង ដើម្បីការពារសុខភាព និងសុវត្ថិភាពការងារ។

ទី១០-ម្ចាស់គម្រោងត្រូវសហការជាមួយក្រុមហ៊ុនទីប្រឹក្សាធ្វើការកែសម្រួល និងដាក់ធាតុចូលបន្ថែមទៅក្នុងរបាយការណ៍នេះ ស្របតាមស្មារតីអង្គប្រជុំ​៕

ដោយ៖ឌីណា