ភ្នំពេញ៖ នៅពេលខាងមុខទៀត រាជរដ្ឋាភិបាលកម្ពុជា នៅតែយកចិត្តទុកដាក់ លើតំបន់សេដ្ឋកិច្ចពិសេស ដោយនឹងប្រែក្លាយខេត្តព្រះសីហនុ ឱ្យក្លាយជាខេត្តមួយដ៏សំខាន់ក្នុងការគាំទ្រ ការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាផងដែរ។ ហើយអ្វីដែលរាជរដ្ឋាភិបាល កំពុងតែយកចិត្តទុកដាក់ គឺការកសាងផ្លូវឡើងវិញ ដែលនឹងត្រូវចាយថវិកាប្រមាណ ១៥០លានដុល្លារ ដើម្បីធ្វើផ្លូវ និងប្រព័ន្ធលូផងដែរ។
ខេត្តព្រះសីហនុ ដែលជាខេត្តសំខាន់ និងជាខេត្តដែលកំពុងតែត្រូវការការគាំទ្រ ដោយសារតែខេត្តនេះកំពុងឆ្លងការការអភិវឌ្ឍន៍ ជាពិសេសទៅលើវិស័យសេវាផ្សេងៗទៀត ដោយសារកន្លងមកនេះ ខេត្តព្រះសីហនុ បានរងគ្រោះដោយសារគ្រោះទឹកជំនន់ និងមានការអភិវឌ្ឍន៍ដ៏ឆាប់រហ័សផង ធ្វើឱ្យតម្រូវការចាំបាច់ គឺការគ្រប់គ្រងនៃទឹកកខ្វក់ និងការកសាងហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងខេត្តព្រះសីហនុនេះ។ ជាការលើកឡើងរបស់ សម្ដេច ហ៊ុន សែន ជួបពិភាក្សាការងារជាមួយ លោក Li Yong អគ្គនាយកអង្គការអភិវឌ្ឍន៍ឧស្សាហកម្មអង្គការសហប្រជាជាតិ (UNIDO) ក្នុងឱកាសបំពេញទស្សនកិច្ច នៅប្រទេសហុងគ្រី។
ក្នុងជំនួបនេះដែរ សម្តេច បានបញ្ជាក់ទៅអគ្គនាយកអង្គការ UNIDO អំពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍន៍ខេត្តព្រះសីហនុ ប្រែក្លាយជាតំបន់សេដ្ឋកិច្ចពិសេស ក្នុងការគាំទ្រការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា។
លោកបាន Li Yong បានរម្លឹកថា កាលពីឆ្នាំ២០១៧ UNIDO និងកម្ពុជា បានចុះកិច្ចព្រមព្រៀងជាមួយគ្នា និងបានចាប់ផ្តើមកិច្ចសហប្រតិបត្តិការនូវដំណើរការនេះ ដែលបានវិវត្តន៍ទៅមុខរលូន ជាពិសេសក្នុងវិស័យសំខាន់ៗមួយចំនួន ដូចជា វិស័យស្បៀង ឧស្សាហកម្ម និងបរិស្ថាន ដែលមានសញ្ញាល្អជាពិសេស សម្រាប់រដ្ឋាភិបាលចិន ជប៉ុន និងស្វីស ដែលមានការគាំទ្រទៅលើគម្រោងទាំងអស់នោះ។
លោកចង់រាយការណ៍ជូន សម្តេច ហ៊ុន សែន ថា លោកបានជួបជាមួយអភិបាលនៃទីក្រុងសិនជិន ប្រទេសចិន ហើយទីក្រុងសិនជិន ចង់សហការជាពិសេសជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្កើតគម្រោងថ្មីនៃតំបន់សេដ្ឋកិច្ចពិសេស។ លោកបានកោតសរសើរ ចំពោះការដឹកនាំរបស់ សម្តេច និងគាំទ្រដល់ស្ថាប័ននានារបស់រាជរដ្ឋាភិបាលកម្ពុជាលើគម្រោងផ្សេងៗដែលបានសហការជាមួយគ្នា។ ហើយលោកបានសុំការណែនាំពី សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីថា តើអង្គការ UNIDO អាចបន្តជួយអ្វីខ្លះទៀត ដល់ប្រទេសកម្ពុជា។
បរិយាកាសនោះដែរ ប្រមុខរដ្ឋាភិបាលកម្ពុជា បានអរគុណដល់អគ្គនាយកអង្គការ UNIDO ដែលបច្ចុប្បន្នអង្គការនេះ មានដៃគូជាច្រើន រួមទាំងដៃគូនៅប្រទេសកម្ពុជាផងដែរ។ ជាមួយគ្នានេះដែរ សម្ដេច ហ៊ុន សែន ស្នើឱ្យអង្គការនេះ ជួយទៅលើគោលនយោបាយពីរ ដែលរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់រួមមាន៖
ទី១.ធ្វើយ៉ាងណាជួយអភិវឌ្ឍន៍គោលនយោបាយផលិតកម្មអង្ករ ដើម្បីនាំចេញ។ ទី២.អនុវត្តន៍គោលនយោបាយឧស្សាហកម្ម ឆ្នាំ២០១៥-២០២៥ ហើយអង្គការ UNIDO ពិតជាមានតួនាទីយ៉ាងសំខាន់ក្នុងការជួយនេះ។
ប្រមុខរដ្ឋាភិបាលកម្ពុជា បានសង្កត់ធ្ងន់ ជាពិសេសនៅខេត្តព្រះសីហនុ ដែលជាខេត្តសំខាន់ និងជាខេត្តដែលកំពុងតែត្រូវការការគាំទ្រ ដោយសារតែខេត្តនេះកំពុងឆ្លងការការអភិវឌ្ឍន៍ ជាពិសេសទៅលើវិស័យសេវាផ្សេងៗទៀត ដោយសារកន្លងមកនេះ ខេត្តព្រះសីហនុ បានរងគ្រោះដោយសារគ្រោះទឹកជំនន់ និងមានការអភិវឌ្ឍន៍ដ៏ឆាប់រហ័សផង ធ្វើឲ្យតម្រូវការចាំបាច់ គឺការគ្រប់គ្រងនៃទឹកកខ្វក់ និងការកសាងហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងខេត្តព្រះសីហនុនេះ។
លោកអគ្គនាយកនៃអង្គការ UNIDO បានជម្រាបជូន រដ្ឋាភិបាលកម្ពុជា លោកពិតជារីករាយណាស់ ដែលកម្ពុជាកំពុងមានការអភិវឌ្ឍន៍ និងមានផែនការនៃគម្រោងទាំងឡាយ ដែលនេះជាស្ថានភាពដែលប្រទេសកម្ពុជា កំពុងតែមានកំណើនជាច្រើន ហើយតម្រូវការក៏កើនឡើង លើវិស័យអគ្គិសនី ការគ្រប់គ្រងទឹកកខ្វក់ ជាពិសេសការជំរុញនយោបាយឧស្សាហកម្ម ក៏ដូចជាការអភិវឌ្ឍន៍ តំបន់សេដ្ឋកិច្ចពិសេស ដែលបានដើរតួនាទីយ៉ាងសំខាន់ ក្នុងអភិវឌ្ឍន៍វិស័យសេដ្ឋកិច្ច។ លោកក៏បានបញ្ជាក់ថា លោកគ្រោងធ្វើទស្សកិច្ចនៅកម្ពុជានៅឆ្នាំក្រោយ និងចង់ធ្វើទស្សនកិច្ចនៅតំបន់សេដ្ឋកិច្ចពិសេស ហើយលោកសន្យានឹងជំរុញឱ្យមានការគាំទ្រពីប្រទេសចិន ពិសេសពីខេត្តសិនជិនតែម្តង ដើម្បីផ្សាភ្ជាប់ជាមួយនឹងការអភិវឌ្ឍន៍កម្ពុជា៕
ដោយ៖ឌីណា