ខេត្តឧត្តរមានជ័យស្ថិតនៅប៉ែកខាងជើងឈៀងខាងលិចនៃប្រទេសកម្ពុជា មានចម្ងាយប្រមាណ ៤៣៩គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ ដោយធ្វើដំណើរតាមផ្លូវជាតិលេខ៦A និងកាត់តាមខេត្តកណ្តាល កំពង់ចាម និងបន្តដំណើរតាមផ្លូវជាតិលេខ៦ ពីចំនុចបំបែកស្គន់កាត់តាមខេត្តកំពង់ធំ សៀមរាប ដល់ចំណុច ស្រុកក្រឡាញ់នៃខេត្តសៀមរាប មានផ្លូវបំបែកឆ្ពោះទៅទិសខាងជើងតាមផ្លូវលេខ៦៨ កាត់តាមស្រុកស្រីស្នំ ខេត្តសៀមរាប ទៅកាន់ស្រុកចុងកាល់ និងក្រុងសំរោង ខេត្តឧត្តរមានជ័យ។
ដែលមានព្រំប្រទល់ខាងជើងជាប់នឹងប្រទេសថៃ មានប្រវែង ២២៤គ.ម ខ័ណ្ឌចែកដីកម្ពុជា និងថៃដោយភ្នំដងរែក គ្មានដីវាលរាបទេជាមួយប្រទេសថៃ គឺសុទ្ធតែភ្នំដោយមានតែច្រក៥សម្រាប់ចេញចូលប៉ុណ្ណោះ។ ខាងត្បូងជាប់នឹងខេត្តសៀមរាប ខាងកើតជាប់នឹងខេត្តព្រះវិហារ ខាងលិចជាប់នឹងខេត្តបន្ទាយមានជ័យ។ មាន៤ស្រុក ១ក្រុង និង២៤ឃុំសង្កាត់ ហើយនិង២៦៨ភូមិ។
ខេត្តឧត្តរមានជ័យមានផ្ទៃដីសរុបចំនួន ៦១,៥៨ គីឡូម៉ែត្រការ៉េ ហើយមានដង់ស៊ីតេប្រជាជន ២៦,១៧នាក់ ក្នុងមួយគីឡូម៉ែត្រការ៉េ (ស្ថិតិឆ្នាំ២០០៧)។ ប្រជាជនក្នុងខេត្តឧត្តរមានជ័យសរុបមាន ១៦០,១៩៦នាក់ក្នុងនោះមានបរុស ៨០,៤៦៥នាក់ និងស្ត្រីចំនួន ៧៩ ៧៣១នាក់។ តាមទិន្នន័យឃុំឆ្នាំ ២០០៧បានបញ្ជាក់ថា ខេត្តឧត្តរមានជ័យមានចំនួនគ្រួសារសរុប ៣៣,១៣៣គ្រួសារ ឯគ្រួសារជាមធ្យម ៤.៨៣នាក់ក្នុងមួយគ្រួសារ និងចំនួនស្ត្រីជាមេគ្រួសារប្រមាណ ៣.៦៧ គ្រួសារ បើគិតជាភាគរយនៃចំនួនគ្រួសារសរុបគឺ ១៤.០៧ភាគរយ។
សេដ្ឋកិច្ច
សេដ្ឋកិច្ចខេត្តឧត្តរមានជ័យ ៩៣ភាគរយ ពឹងផ្អែកលើកសិកម្មហើយ ៧ភាគរយ ទៀតពឹងលើការនេសាទនិងជំនួញ។ ដោយសារតែខេត្តនេះ មានព្រំប្រទល់ជាប់នឹងប្រទេសថៃ ពាណិជ្ជកម្មអន្តរជាតិមានសកម្មភាពគួរកត់សម្គាល់ ដែលបានក្លាយជាវិស័យសំខាន់សំរាប់ទ្រទ្រង់សេដ្ឋកិច្ចខេត្ត។ ហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចខេត្តទទួលរងការបំផ្លិចបំផ្លាញយ៉ាងខ្លាំងក្លានាសម័យខ្មែរក្រហម។ ហេតុនេះការស្ដាររចនាសំព័ន្ធថ្មីមានសារសំខាន់ខ្លាំងណាស់សំរាប់សេចកិច្ចខេត្ត។
សក្តានុពល សេដ្ឋកិច្ចរបស់ខេត្ត គេសង្កេតឃើញមានដូចជា រ៉ែក្រោមដី (ធ្យូងថ្ម រ៉ែមាស និល ថ្មកំបោរ ដែក និង សំណជាដើមនៅក្រោមដី)។ ឯនៅលើដីវិញមានព្រៃឈើ ដំណាំស្រូវ ដំណាំកសិឧស្សាហកម្មសត្វ ព្រៃ ក្រៅពីនេះមានតំបន់ទេសចរណ៍ធម្មជាតិជាច្រើនកន្លែង និងតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រ គឺស្ថិតនៅលើជួរភ្នំដងរ៉ែក ម្ដុំច្រកជាំសាង៉ាមក្នុងស្រុកអន្លង់វែង។ ក្រៅពីនេះ ខេត្តមានប្រាសាទបុរាណចំនួន១៨ផងដែរ ដើម្បីជូនភ្ញៀវជាតិនិង អន្តរជាតិទស្សនាកំសាន្ត ។
កសិកម្ម
ផ្ទៃដីសរុបរបស់ខេត្តមានទំហំ ៦១៥.៨០០ហិកតា។ ទិន្នន័យឃុំប្រភេទដីចំនួន ៧ប្រភេទ គឺប្រភេទដីស្រូវវស្សា ដីស្រែបង្កើនរដូវ ដីស្រែប្រាំងស្រោចស្រព ដីស្រែប្រាំងប្រដេញទឹក ដីស្រូវចំការ ដីដាំដុះដំណាំផ្សេងៗ និងដីចម្ការមីនដោយសារគ្មានទិន្នន័យស្តីពី ផ្ទះសម្បែង និងដីផ្សេងៗ ហេតុទើបផលបូកប្រភេទផ្ទៃដីទាំង ៧ ប្រភេទខាងលើនេះមិនស្មើរនឹងផ្ទៃដីសរុបរបស់ខេត្ត។
ទេសចរណ៍
ខេត្តឧត្តរមានជ័យបានទទួលកេរ្តិ៍ដំណែលវប្បធម៌មួយចំនួន ដែលសព្វថ្ងៃបានក្លាយជាតំបន់ទេសចរណ៍ដ៏គួរឱ្យចាប់អារម្មណ៍ពីសំណាក់ភ្ញៀវទេសចរជាតិនិងអន្តរជាតិយ៉ាងច្រើន។ មានរមណីយដ្ឋានវប្បធម៌ជាច្រើនរួមមានប្រាសាទបុរាណ (នៅមានរូបរាង) ១៨កន្លែង ស្ពានបុរាណ ៧កន្លែង ទួលប្រាសាទ ៨២កន្លែង និងស្រះបុរាណ ១៤កន្លែង។ ប្រាសាទសំខាន់នៅខេត្តឧត្តរមានជ័យ មានដូចជា ប្រាសាទតាមន្តជាដើម។ ក្រៅពីនេះនៅមានរមណីយដ្ឋានធម្មជាតិ ៦កន្លែង ទៀតសំរាប់ទាក់ទាញទេសចរណ៍៕