ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំស្ដីពីការសុំច្បាប់ និងបើកការដ្ឋានសាងសង់ស្ពានអាកាសថ្មើរជើងរបស់ក្រុមហ៊ុន Space Media ចំនួន២ទីតាំង មុខផ្សារដើមគរ និងម្ដុំសាលាបឋមសិក្សាសន្ធរម៉ុក ដែលនៅមិនឆ្ងាយពីគ្នាប៉ុន្មានទេ ក្រោមអធិបតី លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែតុលានេះ។
ជាលទ្ធផលកិច្ចប្រជុំខាងលើ បានសម្រេចទីតាំងមុខផ្សារដើមគរ នៅលើមហាវិថីម៉ៅសេទុង ដើម្បីជួយសម្រួលការឆ្លងកាត់ដោយថ្មើរជើងរបស់បងប្អូនប្រជាពលរដ្ឋ និងអាជីវករផ្សារទាំងអស់។
ចំពោះទីតាំងម្ដុំសាលាបឋមសិក្សាសន្ធរម៉ុកវិញ កិច្ចប្រជុំបានសម្រេចប្រគល់ភារកិច្ចជូនមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ និងក្រុមហ៊ុន Space Media ចុះសិក្សារួមគ្នាដើម្បីសាងសង់ស្ពានអាកាសថ្មើរជើងនៅចំណុចផ្លូវប្រសព្វជាបួន(ស្តុបសន្ធរម៉ុក មហាវិថីម៉ៅសេទុងកែងប្រសព្វនឹងមហាវិថីកម្ពុជាក្រោម) ដើម្បីផ្ដល់ភាពងាយស្រួលដល់សិស្សានុសិស្សឆ្លងកាត់ដោយថ្មើរជើងទៅមកសាលារៀន និងបញ្ចៀសគ្រោះថ្នាក់ជាយថាហេតុ។
«ការពន្លឿនស្ថាបនាស្ពានអាកាសថ្មើរជើង នៅត្រង់មុខផ្សារដើមគរនេះ ដោយសារតែមានការគាំទ្រពីប្រជាពលរដ្ឋ ចង់ឲ្យមានការស្ថាបនាឱ្យបានឆាប់ ខណៈដែលក្រុមអ្នកជំនាញបានសិក្សាពីផលប៉ះពាល់រួចរាល់ហើយ»។ ជាការបញ្ជាក់របស់ លោក ឃួង ស្រេង ក្នុងកិច្ចប្រជុំខាងលើ និងបានលើកឡើងថា សម្រាប់ស្ពានអាកាសថ្មើរជើនៅត្រង់មុខសាលាបឋមសិក្សាសន្ធរម៉ុកវិញ ត្រូវការសិក្សាឱ្យបានល្អិតល្អន់បន្ថែម ដោយចង់ធ្វើស្ពានអាកាសនេះនៅលើផ្លូវប្រសព្វទំាង៤ ក្នុងការបង្កលក្ខណៈងាយស្រួលដល់សិស្សានុសិស្សឆ្លងកាត់ផ្លូវនេះ ដោយសុវត្ថិភាព ទោះពួកគេមកពីទិសខាងណាក៏ដោយ។
គម្រោងបច្ចេកទេសស្ពានអាកាសថ្មើរជើងមុខផ្សារដើមគរ សាងសង់ដោយឆ្លងកាត់មហាវិថីម៉ៅសេទុង ដែលត្រូវប៉ះពាល់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋ ៨ផ្ទះ។ បើតាមការឱ្យដឹងពីតំណាងក្រុមហ៊ុន Space Media ដែលទទួលសិទ្ធិក្នុងការសាងសង់ស្ពានអាកាសថ្មើរជើងទំាង ២កន្លែង និងបានបន្ថែមថា ទោះយ៉ាងណានៅតែអាចចេញចូល និងចតរថយន្តបាន ព្រោះនៅមានគម្លាត ៥ម៉ែត្រពីគម្រោង។ ដូចគ្នានេះដែរ គម្រោងស្ថាបនាស្ពានអាកាសថ្មើរជើងនៅមុខសាលាបឋមសិក្សាសន្ធរម៉ុក ក្រុមហ៊ុននឹងបន្តសិក្សាបន្ថែមទៀត។
សូមរម្លឹកថា បច្ចុប្បន្នរាជធានីភ្នំពេញ មានស្ពានអាកាសថ្មើរជើងចំនួន ៣កន្លែង គឺនៅតំបន់ជម្ពូវ័ន្តខណ្ឌពោធិ៍សែនជ័យមាន ២កន្លែង និងនៅតំបន់ភ្លើងស្តុបនាងគង្ហីង១កន្លែង៕
ដោយ៖ឌីណា