Register Already an agent ? Login

៩ខែ ឆ្នាំ២០១៩ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធបានជាង ២ពាន់លានដុល្លារ

ភ្នំពេញ៖ រយៈពេល៩ខែ ឆ្នាំ២០១៩នេះ អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលពន្ធសម្រាប់ថវិកាជាតិ បានជាង ២ពាន់លានដុល្លារអាមេរិក ស្នើនឹង ៩៥.៤២ភាគរយ នៃផែនការកំណត់ដោយច្បាប់ថវិកាឆ្នាំ២០១៩។

ក្នុងឆ្នាំ២០១៨ កន្លងទៅ ជាលទ្ធផលនៃការប្រមូលចំណូលពន្ធ និងអាករគ្រប់ប្រភេទ អគ្គនាយកដ្ឋានពន្ធដារសម្រេចបាន ២,១៩៧.៩២លានដុល្លារអាមេរិក លើសផែនការកំណត់ដោយច្បាប់ថវិកាឆ្នាំ២០១៨ ចំនួន ១៤.២៧ភាគរយ។ តាមការឱ្យដឹងពី លោក គង់ វិបុល និងបានបន្តឱ្យដឹងទៀតថា ដោយឡែកលទ្ធផល នៃការគ្រប់គ្រងប្រមូលចំណូលពន្ធ និងអាករគ្រប់ប្រភេទក្នុងរយៈពេល ៩ខែ ក្នុងឆ្នាំ២០១៩ អគ្គនាយកដ្ឋានពន្ធដារសម្រេចបានចំនួន ២,១៨៣.៦៨ លានដុល្លារអាមេរិក ស្នើនឹង៩៥.៤២ភាគរយ នៃផែនការកំណត់ដោយច្បាប់ថវិកាឆ្នាំ២០១៩»។

លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ បានប្រាប់ គណៈប្រតិភូមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដែលដឹកនាំដោយលោក Jarkko Turunen ប្រធានបេសកកម្ម និងអមដំណើរដោយលោក Yasuhisa Ojima តំណាង IMF ប្រចាំកម្ពុជា កាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០១៩ ក្នុងជំនួបពិភាក្សាការងារពាក់ព័ន្ធនឹងការផ្តល់ធាតុចូលលើ Article IV ឆ្នាំ២០១៩ សម្រាប់ប្រទេសកម្ពុជា។

«កត្តាសំខាន់ៗ ដែលនាំឱ្យចំណូល មានការកើនឡើងក្នុងរយៈពេលកន្លងមកនេះ គឺការខិតខំប្រឹងប្រែងអនុវត្តតាមយុទ្ធសាស្រ្តចតុកោណ និងយុទ្ធសាស្ត្រកៀរគរចំណូល របស់រាជរដ្ឋាភិបាលកម្ពុជា ដែលផ្តោតជាសំខាន់លើការពង្រឹងការធ្វើកំណែទម្រង់រដ្ឋបាលសារពើពន្ធ»។ ជាការបញ្ជក់របស់ អគ្គនាយកដ្ឋានពន្ធដារ

លោកបានបន្ថែមថា ជាមួយគ្នានេះដែរ ព្រមទាំងការធ្វើទំនើបកម្មរដ្ឋបាលសារពើពន្ធ លើមុខងារស្នូល និងមុខងារគាំទ្រទាំងអស់ របស់អគ្គនាយកដ្ឋានពន្ធដារ ដូចជាការដាក់ឱ្យអនុវត្តប្រព័ន្ធ E-VAT ការពង្រឹងការចុះបញ្ជីពន្ធដារ ការពង្រឹងការធ្វើសវនកម្ម ការរៀបចំកម្មវិធីសវនកម្ម។ លោកបានសង្កត់ធ្ងន់ថា ដោយផ្អែកលើហានិភ័យ ការរៀបចំរបាយការណ៍សវនកម្ម តាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ការផ្សព្វផ្សាយវប្បធម៌បង់ពន្ធ ដល់អ្នកជាប់ពន្ធតាមរយៈការធ្វើសិក្ខាសាលា (Tax Forum) និងការពង្រឹងការគ្រប់គ្រងធនធានមនុស្ស របស់អគ្គនាយកដ្ឋានពន្ធដារជាដើម ហើយក៏បាននឹងកំពុងអនុវត្តយ៉ាងម៉ឺងម៉ាត់ នូវវិធានការនានាក្នុងការគ្រប់គ្រង ប្រមូលបំណុលពន្ធដារផងដែរ។

គូសបញ្ជាក់ថា ជារៀងរាល់ឆ្នាំ IMF តែងតែមកតាមដានវិភាគផ្តល់អនុសាសន៍អំពីស្ថានភាពសេដ្ឋកិច្ច និងព្យាករណ៍បញ្ហាប្រឈម ផ្នែកហិរញ្ញវត្ថុរបស់ប្រទេសនីមួយៗ ជាសមាជិករបស់ IMF ដែលការងារនេះបានចែងនៅក្នុងមាត្រា IV នៃលក្ខន្តិកៈរបស់ IMF ត្រូវបានហៅថា Article IV Consultations៕

ដោយ៖ឌីណា