ខេត្តកណ្តាល មានព្រំប្រទល់ខាងលិចទល់នឹងខេត្តកំពង់ស្ពឺ ខាងកើតទល់នឹងខេត្តព្រៃវែង ខាងជើងទល់នឹងខេត្តកំពង់ឆ្នាំង និងកំពង់ចាម ខាងត្បូងទល់នឹងខេត្តតាកែវ និងខេត្តអានយ៉ាង ប្រទេសវៀតណាម។ ខេត្តកណ្តាល មានផ្ទៃដីសរុប ៣២១១,៧៥៩គីឡូម៉ែត្រ មានក្រុងចំនួន ១ និង ស្រុកចំនួន ១០ ហើយមាន ១២៧ឃុំ និង ១០១០ភូមិ។
ប្រជាពលរដ្ឋសរុប ១,២៥៤,២៥៨នាក់ ស្រី ៦៤០,៨៥២នាក់ ប្រជាពលរដ្ឋអាយុ ១៨ឆ្នាំឡើង ៧៩៧,៣៧០នាក់ ចំនួនគ្រួសារ ២៦៩,២៥៨គ្រួសារ ដង់ស៊ីតេ៣៩០នាក់/គម២ (ឆ្នាំ២០១៧)។ ខេត្តមានសក្តានុពល លើការងារបង្កបង្កើនផលស្រូវ ដំណាំអនុផល នេសាទ និងជាមូលដា្ឋន អាជីវកម្ម ឧស្សាហកម្មផងដែរ។
កសិកម្ម និងការនេសាទ គឺជាឧស្សាហកម្មសំខាន់ពីរនៃខេត្តនេះ។ ផលិតផលសំខាន់ៗ រួមមាន ប្រេងដូង សណ្ដែកដី ស្រូវ និងម្រេច។ បន្ថែមពីការធ្វើស្រែចម្ការ និងការនេសាទត្រី ខេត្តកណ្ដាល ក៏ទ្រទ្រង់ឧស្សាហកម្មផលិតតាមផ្ទះដែលកំពុងរីកលូតលាស់ មានឯកទេសខាងចម្លាក់ឈើ សូត្រ និងសិប្បកម្ម។ រោងចក្រកាត់ដេរជាច្រើនស្ថិតនៅខេត្តកណ្ដាល ដែលបានផ្ដល់ការងារដល់កម្មករច្រើនជាង ៥០០,០០០នាក់។ ប្រទេសកម្ពុជាបានក្លាយជាប្រទេសនាំចេញសម្លៀកបំពាក់ធំជាងគេទី ៦ នៅលើពិភពលោកក្នុងឆ្នាំ ២០០៧ (រោងចក្រភាគច្រើននៅខេត្តកណ្តាល)។
យោងតាមលទ្ធផលនៃជំរឿនសេដ្ឋកិច្ចឆ្នាំ២០១១ សម្រាប់ចំនួនសហគ្រាសសរុប ខេត្តកណ្តាលបានបង្ហាញចំនួន ៤០.៥៣១សហគ្រាស ខណៈដែលចំនួនអ្នកចូលរួមសរុបមានចំនួន ១៥១.១៤៦នាក់។ ផលិតកម្មទំនិញ និងសេវាកម្មមានចំនួនច្រើនជាងចំនួនប្រជាជនរបស់ខ្លួនបន្តិច (៨,១ភាគរយ) ក្នុងន័យផ្សេងទៀត គេអាចនិយាយបានថាក្នុងខេត្តនេះ ចំនួនសកម្មភាពសេដ្ឋកិច្ចច្រើនជាងចំនួនប្រជាជន។ នៅឆ្នាំដដែលនេះ បានបង្ហាញថាចំណូលសរុបប្រចាំឆ្នាំនៅខេត្តកណ្តាលបានផ្តល់ជូន ៧៧៥លានដុល្លារ ហើយការចំណាយប្រចាំឆ្នាំនៅក្នុងខេត្តផ្សេងៗទៀតប្រមាណ ៦៦៦ លានដុល្លារតែប៉ុណ្ណោះ។
សក្ដានុពលវិស័យកសិកម្មក្នុងខេត្តកណ្ដាលគឺ បន្លែ ដំណាំរួមផ្សំ ស្រូវប្រាំង ការចិញ្ចឹមសត្វ និងវារីវប្បាកម្ម។ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកណ្ដាល អះអាងនៅក្នុងពិធីបូកសរុបការងារជំនាញឆ្នាំ២០១៧ និងលើកទិសដៅឆ្នាំ២០១៨ថា មានផ្ទៃដីលិតបន្លែ និងដំណាំរួមផ្សំ ៣៦,៥០០គីឡូក្រាម ក្នុងនោះបន្លែរដូវប្រាំងមានផ្ទៃដី ៤០០០គីឡូក្រាម រដូវវស្សា៤៨០០គីឡូក្រាម។
បន្លែនៅស្រុកចំនួន ៨ ដែលមានសក្តានុពលអាចផលិតបាន ៤ទៅ ៦ដង ក្នុង១ឆ្នាំ។ ស្រុកចំនួន ៨ មានស្រុក ស្អាង កោះធំ កៀនស្វាយ ខ្សាច់កណ្តាល មុខកំពូល ល្វាឯម ពញាឮនិងស្រុកលើកដែក។ ប្រជាកសិករអាចផលិតបាន ១៤៥តោនក្នុង១ថ្ងៃ។ លោកប្រធានមន្ទីរ ដដែលបានបន្តថា ការងារស្រូវប្រាំងដែលកំពុងផលិតគឺបាន ៦៩,៥៩ភាគរយ នៃផែនការស្មើនិងផ្ទៃដី ៤,៣១៣គីឡូក្រាម លើផែនការ៦២០០០គីឡូ្កក្រាម លឿនជាងឆ្នាំកន្លង ១៥.៧០៣គីឡូក្រាម។
ការងារប្រមូលផលស្រូវវស្សាបានជិតចប់ហើយគិតត្រឹម ខែមករា ឆ្នាំ២០១៨ ច្រូតកាត់បាន ៣៥.៣៩៧គីឡូក្រាម លើផ្ទៃដីអនុវត្តបាន ៣៨,២៤១គីឡូក្រាម គឺស្មើនឺង ១០៦,២៣ភាគរយ នៃផែនការរដូវវស្សា ៣៦០០០គីឡូក្រាម។ មន្ត្រីរដ្ឋបាលជលផល បង្រ្កាបបទល្មើសនេសាទបាន ១៥០លើក ផាកពិន័យនៅរដ្ឋបាលជលផល ១៥ករណី ស្មើទឹកប្រាក់ ២៧លានរៀល និងរដ្ឋបាលព្រៃឈើដាំកូនឈើបាន ១២៩.១២៦ដើម និងមានសួនបណ្ដុះកូនឈើសំរាប់ចែកចាយចំនួន៦កន្លែង ។
អភិបាលរងខេត្តកណ្ដាល បានវាយតំលៃខ្ពស់ចំពោះលទ្ធផលការងារដែលមន្ត្រីកសិកម្មគ្រប់ផ្នែកសំរេចបានក្នុង ឆ្នាំ២០១៧ កន្លងមកធ្វើឱ្យវិស័យសេដ្ឋកិច្ចក្នុងវិស័យកសិកម្មមានកំណើនកាត់បន្ថយភាពក្រីក្រធានាសន្តិសុខស្បៀងក្នុងជំហានទី១ ខេត្តកណ្ដាលសល់ស្រូវ ៨៤.៦៤៩តោន ស្មើនិងអង្ករ ៥៤.១៧៥តោន និងឆ្នាំកន្លងសល់ស្រូវ ៥៨.៨៧៣តោន ស្មើនិងអង្ករ ៣៤.៤៣២តោន។
តំបន់ទេសចរណ៍សំខាន់ៗខេត្តកណ្តាល ស្អាងភ្នំជារមណីដ្ឋានធម្មជាតិនិងវប្បធម៌ ដែលនៅទីនោះមានវត្តមួយសង់នៅលើកំពូលភ្នំខ្ពស់ជាងគេដែលគេមើលទៅឃើញទិដ្ឋភាពល្អប្លែកជុំវិញតំបន់នោះ។ ស្អាងភ្នំសិ្ថតនៅឃុំស្អាងភ្នំមានចម្ងាយ ២៣គីឡូម៉ែត្រ ពីតាខ្មៅ។ ចេញដំណើរពីក្រុងតាខ្មៅតាមផ្លូវជាតិលេខ ២១។
វត្តភ្នំធនមន្ដ ស្ថិតក្នុងឃុំ ព្រែកតាគយ ស្រុក ស្អាងចម្ងាយ ៣៤.៥គីឡូម៉ែត្រ ពីភ្នំពេញតាមផ្លូវជាតិលេខ ២១។ ភ្នំធនមន្ត មានអំណោយផលធម្មជាតិ ដើមឈើជាម្លប់ត្រជាក់ដុះពីជើងភ្នំដល់កំពូលភ្នំ ខ្យល់បរិសុទ្ធនៅលើកំពូលភ្នំអាចធ្វើឱ្យអ្នកទេសចរ ផ្ដោតអារម្មណ៍ទៅលើទេសភាព ដើម្បីបំបាត់ទុក្ខកង្វល់ និងទទួលយកអារម្មណ៍ល្អៗពីទីនោះ។
រមណីយដ្ឋានកៀនស្វាយក្រៅ ជាតំបន់ទេសចរណ៍ធម្មជាតិ ដែលមានផ្ទះទឹកជាច្រើនតាមមាត់ទន្លេដែលមានខ្យល់អាកាសបរិសុទ្ធនឹងសម្រស់ធម្មជាតិស្រស់បំព្រង។ កៀនស្វាយក្រៅស្ថិតនៅស្រុកកៀនស្វាយចម្ងាយពីភ្នំពេញ ១៩ គីឡូម៉ែត្រ៕ ដោយ៖ឌីណា