Register Already an agent ? Login

ឥណ្ឌូនេស៊ីមាន បំណងពង្រីកនូវអាជីវកម្ម និងវិនិយោគលើវិស័យផ្លូវដែក និងកំពង់ផែនៅកម្ពុជា

ឥណ្ឌូនេស៊ី៖ រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូន នៃសាធារណរដ្ឋឥណ្ឌូនេស៊ី Budi Karya Sumadi មានបំណងពង្រីកនូវអាជីវកម្ម និងវិនិយោគលើវិស័យផ្លូវដែក និងកំពង់ផែនៅកម្ពុជា។ ជាមួយនឹងបទពិសោធន៍នៃការវិនិយោគ និងធ្វើពាណិជ្ជកម្មផ្លូវដែករបស់ឥណ្ឌូនេស៊ីជាមួយប្រទេសថៃ ម៉ាឡេស៊ី ឡាវ បង់ក្លាដេស និងអាព្រិកកន្លងក។

ការពង្រីកក្នុងវិស័យខាងលើនេះ ពីព្រោះប្រទេសឥណ្ឌូនេស៊ីមានរោងចក្ររដ្ឋដ៏ធំផលិតនូវទូ និងក្បាលរថភ្លើង ដែករ៉ៃ និងគ្រឿងបង្គុំផ្សេងៗ សម្រាប់បម្រើឲ្យការលើកកម្រិត និងសាងសង់ផ្លូវដែក។ ចំពោះកំពុងផែវិញ ប្រទេសឥណ្ឌូនេស៊ីមានរោងចក្ររដ្ឋធំៗផលិតនាវា គ្រឿងឧបករណ៍សម្ភារៈបរិក្ខាកំពង់ផែ។

គួរបញ្ជាក់ថា បំណងដែល របស់រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូន ឥណ្ឌូនេស៊ី ដែលបានលើកឡើងខាងនេះ នាពេលទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ទៅទស្សនកិច្ចនៅប្រទេសឥណ្ឌូនេស៊ី ជួបពិភាក្សាការងារជាមួយ លោក Budi Karya Sumadi ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ដែលមានរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី១៨ដល់២១ ខែកញ្ញា នេះ។

នៅក្នុងពិធីពិសារអាហារពិភាក្សាការងារ (Working Dinner) នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ លោក រដ្ឋមន្រ្តីដឹកជញ្ជូន នៃប្រទេសទាំងពីរបានទទួលស្គាល់នូវសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនរបស់ប្រទេសទាំងពីរ ទាំងក្នុងកម្រិតទ្វេភាគី តំបន់ និងពិភពលោក។

នៅក្នុងឱកាសនោះដែរ លោក ស៊ុន ចាន់ថុល ក៏បានបង្ហាញពីគម្រោងលើកកម្រិតផ្លូវដែករបស់កម្ពុជា ដែលមានស្រាប់ និងគម្រោងសាងសង់ផ្លូវដែកថ្មី ព្រមទាំងគម្រោងអភិវឌ្ឍន៍កំពង់ផែរបស់កម្ពុជាផងដែរ។ លោក ក៏បានស្វាគមន៍ បំណងធ្វើកិច្ចសហប្រតិបត្តិការ និងវិនិយោគរបស់ឥណ្ឌូនេស៊ីនៅកម្ពុជា និងបានលើកទឹកចិត្តឱ្យភាគីឥណ្ឌូនេស៊ី មកសិក្សា និងពិនិត្យលទ្ធភាពវិនិយោគនៅកម្ពុជា។

រដ្ឋមន្រ្តីដឹកជញ្ជូនកម្ពុជា បានស្នើរដ្ឋាភិបាលឥណ្ឌូនេស៊ីពិចារណាឡើងវិញ លើការទិញអង្ករពីប្រទេសកម្ពុជា ដែលភាគីទាំងពីរបានចុះអនុស្សរណៈជាមួយគ្នា កាលពីឆ្នាំ២០១២ កន្លងមក។ លោក រដ្ឋមន្រ្តីដឹកជញ្ជូនឥណ្ឌូនេស៊ី ក៏បានសន្យាថា នឹងពាំនាំនូវសំណើរបស់ លោក ស៊ុន ចាន់ថុល ជូនក្រសួងមានសមត្ថភាពពិចារណា៕

ប្រភព៖ហ្វេសប៊ុកក្រសួងសាធារណការ និងដឹកជញ្ជូន។

ដោយ៖ឌីណា