Register Already an agent ? Login

ខេត្តព្រះសីហនុកំពុងរីកមុខមាត់ថ្មី នៃការមកដល់វិនិយោគិនបរទេសធំៗ

ភ្នំពេញ៖ ជាង២ឆ្នាំមកនេះ មានក្រុមហ៊ុនបរទេសជាច្រើនបានមកវិនិយោគនៅខេត្តព្រះសីហនុ ជាមួយគ្នានេះក៏មានក្រុមហ៊ុនមួយចំនួនបាននឹងកំពុងសិក្សាស្វែងយល់លើគម្រោងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ លូ បរិស្ថានជាដើម ក្នុងចំណោមក្រុមហ៊ុនទាំងនោះភាគច្រើន គឺមកពីប្រទេសចិន។ តាមរយៈការវិនិយោគ ទាំងនេះធ្វើឱ្យខេត្តព្រះសីហនុ មានការរីកចម្រើនយ៉ាងលឿនស្ទើរមិននឹកស្មានដល់អ្វីៗមានការប្រែប្រួលនាពេលបច្ចុប្បន្ន។ សកម្មភាពសាងសង់សំណង់តូច ធំយ៉ាងច្រើន តួលេខគម្រោងសំណង់ធំលើសពី ៣០០០ម៉ែត្រការ៉េឡើង មានចំនួន៧០គម្រោង ក្នុងចំនួនជាង៣០០គម្រោង កំពុងដំណើរការសាងសង់យ៉ាងសកម្ម ក្នុងនោះក៏មានសំណង់អគារខ្ពស់ជាងគេកម្ពស់៤០ជាន់។

កាលពីឆ្នាំ២០០៥-២០១៥ ខេត្តនេះ មានអាគារខ្ពស់ៗ រហូតដល់ ៣៥ជាន់ មានតែ៤៦គម្រោងប៉ុណ្ណោះ ខណៈឆ្នាំ២០១៨ មានគម្រោងអគារធំ និងកម្ពស់ចាប់ពី ៥ជាន់ដល់ ៤០ជាន់រហូតដល់ ១៥០គម្រោង។ ខេត្តព្រះសីហនុមានតំបន់សេដ្ឋកិច្ចពិសេសចំនួន ៤កន្លែង កំពុងដំណើរការមានរោងចក្រតូច ធំសរុប ១៦០កន្លែង និងសិប្បកម្ម១,០៣៧កន្លែង ស្រូបយកកម្លាំងពលកម្មសរុប ៦៨,៣៥៤នាក់។

រយៈពេលជាង ២ឆ្នាំកន្លងមកនេះ ខេត្តព្រះសីហនុបាននឹងកំពុងមានការអភិវឌ្ឍយ៉ាងគំហុក លើគ្រប់វិស័យ ពិសេសក្នុងវិស័យសំណង់ មានការសាងសង់អគារធំៗយ៉ាងព្រោងព្រាត ដែលមានវិនិយោគិនខ្មែរ និងបរទេសមកបណ្តាក់ទុនរកស៊ីនៅខេត្តនេះ ដែលបានជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ និងបង្កើតឱកាសការងារជូនប្រជាពលរដ្ឋ។ 

យោងតាមរបាយការណ៍ របស់អាជ្ញាធរខេត្តព្រះសីហនុបានបង្ហាញថា ការវិនិយោគនៅក្នុងខេត្តព្រះសីហនុ រួមមានវិស័យសំណង់ វិស័យកសិកម្មមានរោងចក្រ និងសិប្បកម្មកែច្នៃផលនេសាទសមុទ្រ វិស័យឧស្សាហកម្មមានរោងចក្រកាត់ដេរ រោងចក្រចំរាញ់ប្រេងកាត និងវិស័យឧស្សាហកម្មទេសចរណ៍ ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្មនិងតំបន់សេដ្ឋកិច្ចពិសេស។

ខេត្តព្រះសីហនុបានក្លាយជាប៉ូលសេដ្ឋកិច្ចទី២របស់កម្ពុជា ដែលទទួលបានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ និងបានរួមចំណែកយ៉ាងសកម្ម ព្រមទាំងសម្រេចបាននូវទិសដៅយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលដូចជា វិស័យឧស្សាហកម្មពាណិជ្ជកម្មកសិកម្មទេសចរណ៍ អប់រំ សុខាភិបាល បរិស្ថាន អភិវឌ្ឍន៍ជន បទហេដ្ឋារចនាសម្ព័ន្ធ និងសំណង់ ហើយនិងបានបង្កើតឱកាសការងារជូន ប្រជាពលរដ្ឋបានយ៉ាងច្រើន។

អតីតអភិបាលខេត្ដព្រះសីហនុ លោក យន្ត មីន បានអះអាងថា វិនិយោគ គឺបានផ្តល់ផលប្រយោជន៍ជាច្រើន ក្នុងការជួយលើកស្ទួយសេដ្ឋកិច្ចគ្រួសាររបស់ប្រជាពលរដ្ឋ ដែលមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងសេដ្ឋកិច្ចសង្គមជាតិឱ្យមានល្បឿនលូតលាស់លឿន។

ជាង២ឆ្នាំចុងក្រោយនេះ ខេត្តព្រះសីហនុ បានក្លាយទៅជាគោលដៅយ៉ាងសំខាន់របស់អ្នកវិនិយោគមកពីតំបន់ផ្សេងៗ ពិសេសប្រទេសចិន បច្ចុប្បន្ន បាននិងកំពុងធ្វើឱ្យខេត្តព្រះសីហនុ មានការអភិវឌ្ឍយ៉ាងលឿនទៅមុខ។ ជាក់ស្ដែងការវិនិយោគនៅខេត្ដព្រះសីហនុ មានអគារខ្ពស់ៗ ប្រមាណជិត២០០អគារ ដែលកាលពីមុន ខេត្ដនេះមានតែអាគារខ្ពស់តែមួយគត់ គឺសណ្ឋាគារ៧ជាន់។ ខេត្ដព្រះសីហនុ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកជាប៉ូលសេដ្ឋកិច្ចមួយ ក្នុងចំណោមប៉ូល សេដ្ឋកិច្ចទាំងបី រាជធានីភ្នំពេញ ខេត្ដសៀមរាប និងខេត្ដព្រះសីហនុ ដោយប្រកាសប្រែក្លាយខេត្ដនេះទៅជាតំបន់សេដ្ឋកិច្ច ពិសេសគំរូពហុបំណងតែមួយគត់ ក្នុងប្រទេសកម្ពុជា ដែលសក្ដានុពលសំខាន់ៗ មានលក្ខណៈពិសេសដូចជា ផ្ទៃដីនៅធំទូលាយសម្រាប់ការវិនិយោគរោងចក្រសហគ្រាសផ្សេងៗ។

គូសបញ្ជាក់ថា ភ្ញៀវទេសចរណ៍ជាមធ្យមមានការកើនឡើងពី១០ ទៅ ១៥ភាគរយក្នុងមួយឆ្នាំ ជាពិសេសភ្ញៀវទេសចរចិន ស្ថិតក្នុងលំដាប់លេខមួយដែលមានចំនួន ២០២,៩៤៧នាក់ កើនឡើង ៦៨.៧៩ភាគរយ។ បច្ចុប្បន្ន វិនិយោគិនចិនមកខេត្តព្រះសីហនុ ស្ថិតនៅលំដាប់ទី១ ដែលមកដាក់ទុនរកស៊ី និងវិនិយោគច្រើនក្នុងវិស័យឧស្សាហកម្ម ពាណិជ្ជកម្ម ដឹកជញ្ជូន សំណង់ និងទែសចរណ៍៕

ដោយ៖ឌីណា