Register Already an agent ? Login

គម្រោង LASED II ផ្តល់ដីសម្បទាន ជាង១៦.០០០ ហិកតា ដល់ប្រជាពលរដ្ឋជាង ៥ពាន់គ្រួសារ ក្នុងគោលដៅខេត្ត ៥

ភ្នំពេញ៖ តាមរយៈនៃការអនុវត្តគម្រោង LASED II បានរៀបចំផ្តល់ដីសម្បទានដល់ប្រជាពលរដ្ឋនៅក្នុងខេត្តគោលដៅខេត្តទំាង៥ បានជាង ១៦.០០០ ហិកតា ស្មើនឹង ៩៥ភាគរយ ព្រមទាំងបានសម្រេចជ្រើសរើសសម្បទានិកបានសរុបជាង ៥.០០០គ្រួសារ ដែលស្មើនឹង៩៧,៤ភាគរយ។ ជាមួយគ្នានេះដែរ គម្រោងបានផ្តល់បណ្ណកម្មសិទ្ធិដីជូនសម្បទានិកបានជិត ២.០០០គ្រួសារ រួចរាល់ហើយ ស្មើនឹងប្រមាណ ៤០ភាគរយ នៃគ្រួសារសម្បទានិកសរុបដែលបានបំពេញគ្រប់លក្ខខណ្ឌដើម្បីទទួលបានប័ណ្ណកម្មសិទ្ធិ។ ដោយឡែកគ្រួសារដែលមិនទាន់ទទួលបានបណ្ណ គម្រោងនឹងរៀបចំបន្តចែកជូននៅត្រឹមដំណាច់ឆ្នាំ២០១៩ នេះបន្ថែម។

ទន្ទឹមនឹងការរៀបចំផ្តល់ដីនិងការផ្តល់បណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ ដើម្បីធានាអំពីសុវត្ថិភាពក្នុងការកាន់កាប់ប្រើប្រាស់ដីធ្លីគម្រោងក៏បានរៀបចំកសាងនូវហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តសំខាន់ៗ ដែលជាតម្រូវការចំាបាច់របស់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ ដែលរួមមាន ផ្លូវថ្នល់ សាលារៀន អគារសហគមន៍ ប៉ុស្តិ៍សុខភាព ផ្ទះសម្រាប់គ្រូបង្រៀន និងគិលានដ្ឋាន អណ្តូងទឹក ។ល។ ជាការថ្លែងរបស់លោក ង៉ាន់ ចំរើន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប។

លោក ង៉ាន់ ចំរើន បានថ្លែងបន្តថា ដែលកិច្ចការនេះយើងសម្រេចបានជារួមស្មើនឹង ៥៨ភាគរយ ធៀបទៅនឹងផែនការរយៈពេល ៥ឆ្នាំរបស់គម្រោង។ លើសពីនេះទៅទៀត យើងក៏បានរៀបចំសម្អាតដីកសិកម្ម ភ្ជួរដី ផ្តល់ពូជដំណាំ និងការរៀបចំប្រព័ន្ធស្រោចស្រពខ្នាតតូចសម្រាប់បង្កើនផលិតភាពកសិកម្ម ដើម្បីប្រែក្លាយគ្រួសារដែលគ្មានដី និងខ្វះខាតដីទាំងនោះ ទៅជាគ្រួសារដែលមានដីលំនៅដ្ឋាន និងមានដីសម្រាប់ផលិតកម្មកសិកម្មប្រកបដោយភាពបៃតង និងប្រែក្លាយពីគ្រួសារក្រីក្រ ទៅជាគ្រួសារដែលមានជីវភាពធូរធារប្រកបដោយសុភមង្គល និងក្តីសង្ឃឹមទៅអនាគត។ ជាការបន្ថែមរបស់ ប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប។

នៅកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តគម្រោង LASED II ពាក់កណ្តាលអាណត្តិ និងការរៀបចំ គម្រោង LASED III របស់ក្រុមបេសកកម្មធនាគារពិភពលោក រដ្ឋលេខាធិការក្រសួងមហាផ្ទៃបានថ្លែងបន្តទៀតថា លើមូលដ្ឋានបទពិសោធន៍ និងភាពជោគជ័យនៃការអនុវត្តគម្រោង LASED II ធនាគារពិភពលោកគ្រោងផ្តល់ហិរញ្ញប្បទានប្រមាណ ១០០លានដុល្លារអាមេរិក ដើម្បីបន្តគាំទ្រការអនុវត្តគម្រោង LASED III ដែលនឹងត្រូវពង្រីកដល់ខេត្តគោលដៅថ្មីបន្ថែមទៀតនៅភាគឥសាន រួមមាន ខេត្តរតនគីរី ខេត្តមណ្ឌលគីរី ខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារ និងការបន្តគាំទ្រដល់ទីតាំងខេត្តគោលដៅចាស់ផងដែរ ដែលគ្រោងរៀបចំឱ្យបានរួចរាល់ និងចាប់ផ្តើមអនុវត្តន៍នៅឆ្នាំ២០២០ ខាងមុខនេះ។

ក្នុងរយៈពេល ៥ឆ្នាំ (២០១៦-២០២១) នៃការអនុវត្តគម្រោងបែងចែងដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហាន២ យើងសម្រេចបានលទ្ធផលផ្លែផ្កាគួរជាទីមោទនៈ ស្របតាមទិសដៅអភិវឌ្ឍរបស់គម្រោងដែលបានដាក់ចេញ បើទោះបីជាយើងបានជួបប្រទះនូវបញ្ហាប្រឈមខ្លះៗយ៉ាងណាក៏ដោយ។ ជាការបន្ថែមទៀត របស់ ង៉ាន់ ចំរើន និងបានបន្ថែមទៀតថា បច្ចុប្បន្ន យើងបានចុះពិនិត្យទីតាំងដីសម្បទានដែលបានគ្រោងនៅក្នុងខេត្តគោលដៅថ្មីទាំង៤ ព្រមទាំងបានរៀបចំតែងតាំងសមាសភាពក្រុមការងារសិក្សារៀបចំគម្រោង LASED III និងមន្រ្តីទទួលបន្ទុកវាយតម្លៃផលប៉ះពាល់ផ្នែកសុវត្ថិភាពបរិស្ថាន និងសង្គមផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយ នៅមានកិច្ចការជាច្រើនទៀតដែលយើងត្រូវបន្តផ្តោតការយកចិត្តខិតខំរួមគ្នាអនុវត្ត ហើយលេខាធិការដ្ឋាន គ.ជ.អ.ប នៅតែបន្តសហការល្អជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍ ដើម្បីសម្របសម្រួល និងគាំទ្រដល់រដ្ឋបាលថ្នាក់ក្រោមជាតិ សំដៅធ្វើឱ្យប្រសើរឡើងនូវការងារអភិវឌ្ឍនៅទីតាំងសម្បទានដីសង្គមកិច្ចទាំងនៅក្នុងខេត្តគោលដៅចាស់ និងខេត្តគោលដៅថ្មី ដែលនឹងរួមចំណែកដល់ការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។ ជាការសង្កត់ធ្ងន់របស់ រដ្ឋលេខាធិការក្រសួងមហាផ្ទៃដដែល។

នៅក្នុងកិច្ចប្រជុំខាងលើដែលធ្វើឡើងកាលពីថ្ងៃទី១៧ ខែ កញ្ញា នេះ នៅទីស្ដីការក្រសួងមហាផ្ទៃ លោក ង៉ាន់ ចំរើន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមការងារគម្រោង LASED II ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ព្រមទាំងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធផ្សេងទៀត ដែលបានសហការរួមគ្នាអនុវត្តការងារសំដៅលើកស្ទួយជីវភាពប្រជាពលរដ្ឋក្រីក្រ និងខ្វះខាតដី រហូតទទួលបានលទ្ធផលផ្លែផ្កាដូចសព្វថ្ងៃនេះ។ ជាពិសេស ធនាគារពិភពលោកដែលតែងតែគាំទ្រ និងផ្តល់នូវកិច្ចសហការល្អជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការរួមចំណែកកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋឱ្យកាន់តែមានភាពល្អប្រសើរឡើង ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល៕ 

ដោយ៖ឌីណា