Register Already an agent ? Login

លោក ស៊ុន ចាន់ថុល មានគម្រោង ស្ដារ និងពង្រីក លើកកម្ពស់គុណភាពផ្លូវជាតិលេខ ២, ៣, ៤, ៥, ៦, ៧, ៨

ឧត្តរមានជ័យ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រាប់អំពីគម្រោងកំពុងអភិវឌ្ឍ និងគម្រោងសម្រាប់ពេលអនាគតធំៗ មួយចំនួនទាក់ទងនឹងវិស័យសាធារណការ ដូចជា៖ ការស្ដារ ការពង្រីក និងការលើកកម្ពស់គុណភាពផ្លូវជាតិលេខ ២, ៣, ៤, ៥, ៦, ៧, ៨ ផ្លូវជាតិលេខ១០ ពីសំឡូតទៅកោះកុង ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ផ្លូវដែកទាំងពីរខ្សែ ស្ពានឆ្លងទន្លេមេគង្គនៅខេត្តក្រចេះ ការសិក្សាពង្រីកកំពង់ផែស្វយ័តក្រុងភ្នំពេញ និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ ព្រមទាំងផែនការមេភស្តុភារកម្មផងដែរ សំដៅសម្រួលដល់ការដឹកជញ្ជូន និងមានតម្លៃប្រកួតប្រជែង។

ការលើកឡើងខាងលើរបស់ លោក ស៊ុន ចាន់ថុល ក្នុងឱកាសអបអរសាទរពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ បានចុះជួបសំណេះសំណាលសួរសុខទុក្ខវីរយុទ្ធជន និងបាននាំយកគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ចែកជូនកងទ័ពការពារព្រំដែនគោកលេខ៤០២ ស្ថិតនៅតំបន់អូរស្មាច់ និងកងទ័ពការពារព្រំដែនគោកលេខ៤០៣ ស្ថិតនៅតំបន់អន្លង់វែង ចំណុះយោធភូមិភាគទី៤ ខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩។

លោក រដ្ឋមន្រ្តីដឹកជញ្ចូនបានបន្តថា ចំណែកវិស័យដឹកជញ្ជូន ក្រសួងបានកែទម្រង់សេវាសាធារណៈ ដោយប្រើយន្តការបច្ចេកវិទ្យាព័ត៌មានវិទ្យា ការបើកឱ្យមានមណ្ឌលផ្ដល់សេវាសាធារណៈនៅផ្សារទំនើបអ៊ីអន១ និងអ៊ីអន២ ការបង្ខិតសេវាសាធារណៈទៅកៀកប្រជាពលរដ្ឋ តាមរយៈឆៀកចល័តនៅតាមបណ្ដាខេត្ត ដែលមិនទាន់មានមណ្ឌលឆៀកជាដើម។ «សំដៅផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានលឿន ឱ្យមានប្រសិទ្ធភាព និងឱ្យមានតម្លាភាព»។ ជាការបញ្ជាក់ របស់ លោក ស៊ុន ចាន់ថុល 

លោក ទេសរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ៖«វិស័យសាធារណការ គឺជាវិស័យអាទិភាពមួយក្នុងចំណោមវិស័យអាទិភាពទាំងបួនរបស់រាជរដ្ឋាភិបាល ហើយក្រសួងសាធារណការ និងដឹកជញ្ជូនមានភារកិច្ចក្នុងការអភិវឌ្ឍវិស័យនេះ»។ លោក ថា ប៉ុន្តែទោះជាយ៉ាងនេះក្ដី ក្រសួងមិនអាចសាងសង់ផ្លូវ ស្ពាន និងកំពង់ផែបានទេ ប្រសិនបើគ្មានសុខសន្តិភាព និងស្ថិរភាពនយោបាយ៕

ដោយ៖ឌីណា