ភ្នំពេញ៖ គិតត្រឹមឆមាសទី១ ឆ្នាំ២០១៩ ទំហំនៃការវិនិយោគ និងពាណិជ្ជកម្មជប៉ុនមកកម្ពុជាមានទឹកប្រាក់កើនឡើងប្រមាណជិត ៥០០ លានដុល្លារ រីឯការនាំចេញពីកម្ពុជា ទៅជប៉ុនមានទំហំទឹកប្រាក់ប្រមាណជាង ១៧០០ លានដុល្លារ ។
ក្នុងឱកាសលោក Hidehisa HORINOUCHI ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពជប៉ុនប្រចាំកម្ពុជាចូលជម្រាបលា លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ លោករដ្ឋមន្រ្តីថ្លែងថា “សម្រាប់ឆ្នាំ២០១៨ ទំហំនៃការវិនិយោគឯកជនពីប្រទេសជប៉ុនមានទឹកប្រាក់ប្រមាណ៤៤០ លានដុល្លារ ។ រីឯការនាំចេញទៅប្រទេសជប៉ុនមានទំហំទឹកប្រាក់ប្រមាណ ១ ៦០០លានដុល្លារ ។ គិតត្រឹមឆមាសទី១ ឆ្នាំ ២០១៩ ទំហំនៃការវិនិយោគ និងពាណិជ្ជកម្មជប៉ុនមានទឹកប្រាក់កើនឡើងប្រមាណជិត៥០០ លានដុល្លារ រីឯការនាំចេញទៅប្រទេសជប៉ុន មានទំហំទឹកប្រាក់ប្រមាណជាង១៧០០លានដុល្លារ” ។
ក្នុងអាណត្តិបីឆ្នាំនៃការបំពេញបេសកកម្មការទូតនៅកម្ពុជានេះ កម្ពុជា-ជប៉ុន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការ (Japan ODA) មានទឹកប្រាក់ជាង ៥៥០ លានដុល្លារ ក្នុងនោះហិរញ្ញប្បទានឥតសំណងមានទឹកប្រាក់ប្រមាណជិត១៥០លានដុល្លារ សម្រាប់គាំទ្រលើវិស័យជាច្រើនរួមមាន ៖ ផ្លូវ , ស្ថាន , ការផ្គត់ផ្គង់ទឹកស្អាត , ថាមពលអគ្គិសនី , អប់រំ , សុខាភិបាល និងការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនានា ។
ចំណែកទឹកប្រាក់ប្រមាណជាង ៤០០ លានដុល្លារជាឥណទាន សម្បទានសម្រាប់ហិរញ្ញប្បទានបន្ថែម ដល់គម្រោងធ្វើឲ្យប្រសើរឡើងនូវកំណាត់ផ្លូវជាតិលេខ៥ (ស្ពានព្រែកក្តាម-ក្រុងប៉ោយប៉ែត) គម្រោងអភិវឌ្ឍន៍ចំណតកុងតឺន័រ កំពង់ផែស្វយ័តក្រុងព្រះសីហនុ , ស្តារឡើងវិញនូវប្រព័ន្ធធារាសាស្ត្រ និងគម្រោងពង្រីកប្រព័ន្ធខ្សែបញ្ជូន និងចែកចាយអគ្គិសនី។
ចំណែកលោកឯកអគ្គរដ្ឋទូត Hidehisa HORINOUCHI ថា រដ្ឋាភិបាលជប៉ុននឹងបន្តពង្រឹងពង្រីកទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការនានាលើគ្រប់វិស័យអាទិភាពជាមួយកម្ពុជា រួមទាំងបន្តគាំទ្រផ្នែកហិរញ្ញវត្ថុ និងផ្នែកបច្ចេកទេសដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍការវិនិយោគសាធារណៈ និងឯកជននានានៅកម្ពុជា ៕
ប្រភព៖ www.dap-news.com